គ.ជ.ប៖ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនពីលទ្ធផលការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។

          ក្នុងសេចក្តីប្រកាសព័ត៌មានគ.ជ.បបានបញ្ជាក់ថានៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើក នៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។

គ.ជ.ប  បានឱ្យដឹងបន្ថែមថា  គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង ៧:៤១ នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោត ចំនួន ១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូចបានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោត -បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុង ការិយាល័យបោះឆ្នោត។

         ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្ត នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨ នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមាន ការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការសរុបចំនួន ១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ ។

      គ.ជ.បបានឱ្យដឹងក្នុងសេចក្តីប្រកាសរបស់ខ្លួនដែរថាក្នុងដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង បូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិន ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងដក សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner