និស្សិតឆ្នើមខេត្តកំពតពីររូបទទួលការឧបត្ថម្ភថវិកា ២ម៉ឺនដុល្លាពីឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន​ដើម្បីទៅបន្តការ​សិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់នៅប្រទេសបារាំង

កំពត៖ នៅឆ្នាំ២០២១នេះ និស្សិតឆ្នើមប្រចាំខេត្តកំពត ចំនួនពីររូបទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសបារាំង ហើយដើម្បីលើកទឹកចិត្តក៏ដូចជាជួយបំពេញតម្រូវការសិក្សារៀនសូត្រឲ្យកាន់តែប្រសើរផងនោះ មូលនិធិសម្រាប់និស្សិតខេត្តកំពត បានឧបត្ថម្ភថវិកាដល់និស្សិតទាំងពីររូបក្នុងម្នាក់១ម៉ឺនដុល្លា។

នៅសាលសន្និសិតបូកគោខេត្តកំពត នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងឯកត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាកត្តិយសជាមួយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ សមាជិករដ្ឋសភា និងជាប្រធានមូលនិធិសម្រាប់និស្សិតខេត្តកំពត ដើម្បីជួប សំណេះសំណាល និងជូនដំណើរនិស្សិតឆ្នើមរបស់ខេត្តកំពត​ចំនួន២រូប ដែលត្រូវទៅ​បន្តការសិក្សានៅតាមគ្រឹះស្ថាននានានៃសាធារណៈរដ្ឋបារាំង។
និស្សិតឆ្នើមទាំងពីររូបដែលទទួលបានអាហារូបករណ៍លើផ្នែកវិស្វកម្ម មាន ទី១. និស្សិត សុខល អាយលិ ត្រូវទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត​ទេ្វ (Double Master Degree) ផ្នែក Industrial performance and Mechatronics System នៅសាលាជាតិជាន់ខ្ពស់រ៉ែ Alès (IMT Mines d’Alès) ទី២.និស្សិត ឆាយ លីអាន ត្រូវទៅបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រវិស្វកម្មនៅ Télécom Sud de Paris នៃវិទ្យាស្ថានពហុបច្ចេកទេសក្រុងបារីស (Institut Polytechnique de Paris)។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានមូលនិធិសម្រាប់និស្សិតខេត្តកំពត បានផ្តាំផ្ញើដល់និស្សិតឆ្នើមប្រចាំខេត្តកំពតទាំងពីរ ត្រូវខិតខំសិក្សារៀនសូត្រ ស្រូបយកចំណេះដឹងជំនាញនិងបទពិសោធន៍ល្អៗ ឱ្យបានច្រើន ដើម្បី យកមកបំរើប្រជាជន និងកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនបន្ថែមទៀត តាមចក្ខុវិស័យរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគតិបណ្ឌិត របស់សម្ដេចតេជោហ៊ុន សែន ឲ្យស្របទៅតាមជំនាញរបស់ខ្លួនប្រកបដោយសក្ដានុពល និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ល្អ។ ឯកឧត្តមបណ្ឌិតក៏បានជូនពរដល់និស្សិតទាំងពីររូប សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីក្លាយជាសសរទ្រូងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner