បទអត្ថាធិប្បាយ៖ តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល២០ឆ្នាំនៅអាហ្វហ្គានីស្ថានមានតម្លៃដែរទេ? (មានវីដេអូ)

អន្តរជាតិ៖ ក្រុមតាលីបង់ដែលត្រូវបានផ្តួលរំលំដោយរដ្ឋាភិបាលអាមេរិកដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប់បាយយូ ប៊ូស (George W.Bush) បន្ទាប់ពីថ្ងៃទី០៩ ខែ១១ ២០០១។ តឡូវនេះក្រុមតាលីបង់ មានការប្រមូលផ្តុំ និងត្រួតត្រា ប្រជែងទៅលើកម្លាំរដ្ឋាភិបាលអាហ្វហ្គានីស្តាន ចំនួន ៣២៨ នៃស្រុកសរុប ៤០៧ របស់ប្រទេសអាហ្វហ្គានីស្ថាន ។ ២០ឆ្នាំក្រោយ តើមានមេរៀនអ្វីខ្លះពីសង្គ្រាមនៅបរទេសដែលវែងជាងគេបំផុតរបស់សហរដ្ឋអាមេរិក? តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកមានតម្លៃដែរទេ?

២០ឆ្នាំក្រោយ អាហ្វហ្គានីស្ថានបានប្រែក្លាយជាសមរភូមិសង្គ្រាមវែងបំផុតរបស់សហរដ្ឋអាមេរិក ។ ដោយដឹងថា សង្គ្រាមមិនអាចបន្តទៅមុខបានទៀតនោះ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានប្រកាសថា នឹងដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ ឥឡូវមានសំណួរពិបាកមួយ៖តើការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិករយៈពេល ២០ឆ្នាំពិតជាសមនឹងតម្លៃចំណាយទេ? ទោះបីអាហ្វហ្គានីស្ថានជាមូលដ្ឋានសម្រាប់ក្រុមអាល់កៃដាក៏ដោយ ក៏គ្មានក្រុមប្លន់យន្តហោះណាម្នាក់ ក្នុងចំណោម១៩នាក់ដែលបង្កអំពើភេវរកម្មថ្ងៃទី៩ ខែ១១លើសហរដ្ឋអាមេរិក ជាជនជាតិអាហ្វហ្គានីស្ថាននោះដែរ ។ ម៉ូដាម៉េដ អាដតា (Mohamed Atta) ជាជនជាតិអេហ្ស៊ីបម្នាក់ ដែលបានដឹកនាំក្រុមប្លន់យន្តហោះចំនួន១៥នាក់ទៀតដែលមានដើមកំណើតមកពីប្រទេសអារ៉ាប៊ីសាអូឌីត ។ លោកប្រធានាធិបតី ចច ដាប់បាយយូ ប៊ូស បានសម្រេចចិត្តទម្លាក់រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានដោយជឿជាក់ថា អាហ្វហ្គានីស្ថានគឺជាជម្រកសុវត្ថិភាពសម្រាប់ក្រុមអាល់កៃដា និងអង្គការរ៉ាឌីកាល់ (ក្រុមភេរវករ) ដទៃទៀត ។ លោក ប៊ូស ប្រហែលជាយល់ឃើញដល់ចំណុចមួយនៅពេលនោះ ប៉ុន្តែតាមមើលទៅ លោកបានប៉ាន់ស្មានអំពីភាពស្មុគស្មាញនៃសង្គមបុរាណនេះផ្នែកនយោបាយ សេដ្ឋកិច្ច និងនៅក្នុងលក្ខខណ្ឌនៃសង្គម និងវប្បធម៌របស់ខ្លួន ។ ទោះជាយ៉ាងណា រដ្ឋាភិបាលតាលីបង់ត្រូវបានផ្តួលរលំយ៉ាងលឿនបំផុត ប៉ុន្តែ២០ឆ្នាំក្រោយមក ពួកតាលីបង់បានវិលត្រឡប់វិញ ។ យោងតាមមូលនិធិការពារជាតិនៃលទ្ធិប្រជាធិបតេយ្យដែលតាមដានជម្លោះយ៉ាងដិតដល់នោះបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ពួកតាលីបង់បានគ្រប់គ្រងតំបន់ចំនួន ២០៤ នៃស្រុក ៤០៧ របស់អាហ្វហ្គានីស្ថាន និង កំពុងឈានទៅដណ្តើមយកស្រុមចំនួន១២៤ផ្សេងទៀត ។ យោងតាមសារព័ត៌មាន វ៉ល ស្ទីត ជូណល (Wall Street Journal) បញ្ជាក់ថា សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកជឿជាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន “អាចដួលរលំក្នុងរយៈពេល៦ខែ បន្ទាប់ពីការដកទ័ពរបស់សហរដ្ឋអាមេរិក” ហើយរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាស់ហ្គានី (Ashraf Ghani) អាចរស់បានដរាបណារយៈពេល២ឆ្នាំ បន្ទាប់ពីការដកទ័ពរបស់អាមេរិកត្រូវបានបញ្ចប់ ។ នោះគឺជាពេលវេលាប្រហាក់ប្រហែលរវាងការដកកងទ័ពអាមេរិកចេញពីវៀតណាម និងការចាញ់សង្រ្គាមនៅឥណ្ឌូចិន របស់អាមេរិក នៅខែមេសា ឆ្នាំ១៩៧៥ ។ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល២ឆ្នាំ ក្រុមអ្នកតាមតាមដានស្ថានការណ៍ពិសេសរបស់អាមេរិកសម្រាប់ការស្ថាបនាប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ចន សប់កូ (John Sopko) និយាយថា ទោះបីមានការប្រឹងប្រែងយ៉ាងខ្លាំងខ្លា ដើម្បីធ្វើឱ្យប្រទេសនេះមានស្ថេរភាពក៏ដោយ ក៏បេសកកម្មភាគច្រើនបានបរាជ័យដោយសារកត្តាជាច្រើន ក្នុងនោះ ការរំពឹងទុកមិនប្រាកដប្រជា កង្វះសមត្ថភាពរបស់ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក គូប្រជែងស្ថាប័ន និងឧបសគ្គខាងការិយាធិបតេយ្យ ។ ហើយអ្វីៗទាំងអស់នេះកំពុងស្ថិតក្នុងតម្លៃណា?

កងកម្លាំងអាមេរិកជាង២២.០០០នាក់ត្រូវបានសម្លាប់ និងទទួលរងរបួស ។ ប៉ុន្តែសង្រ្គាមបានធ្វើឲ្យជនជាតិអាហ្វហ្គានីស្ថាន បានស្លាប់ច្រើនជានេះឆ្ងាយណាស់។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ ប្រោន បានអោយដឹងថា ទាហាន និងប៉ូលិសជាតិអាហ្វហ្គានីស្ថាន៦៤.០០០នាក់បានស្លាប់ ។ ហើយបើយោងទៅតាមអង្គការសហប្រជាជាតិ ជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន១១១,០០០នាក់ត្រូវបានសម្លាប់ ឬបានទទួលរងរបួសដោយសង្រ្គាម។ នេះគឺជាទង្វើដ៏គួរអោយស្អប់ខ្ពើម ។ ហើយការចំណាយផ្នែកសេដ្ឋកិច្ចក៏មានសភាពគួរអោយភ្ញាក់ផ្អើលដែរ ដោយរបាយការណ៍នៅឆ្នាំ២០២០ របស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបញ្ជាក់ថា សង្គ្រាមបានធ្វើឱ្យអាមេរិកខាតបង់ថវិកាចំនួន៨១៥,៧ពាន់លានដុល្លារ ។ ប៉ុន្តែគម្រោងការចំណាយលើសង្គ្រាមបានដាក់តួលេខចុងក្រោយ គឺ ២,២ទ្រីលានដុល្លារ ។ មានហេតុផលជាច្រើនសម្រាប់ការចូលរួមរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន៖ ការព្រួយបារម្ភពិតប្រាកដអំពីការគំរាមកំហែងភេរវករ ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសអាហ្វហ្គានីស្ថាន និងប្រពៃណីអន្តរាគមន៍របស់អាមេរិកនៅក្នុងឆាកអន្តរជាតិ។ ប៉ុន្តែកត្តាមួយទៀត – ជាការសម្ងាត់បែបបើកចំហរមួយ គឺថាសង្រ្គាមគឺជាការធ្វើអាជីវកម្មដ៏ល្អមួយ ។ មន្ទីរបញ្ចកោណ ដែលជាអ្នកម៉ៅការយោធា ក្រុមហ៊ុនផលិតអាវុធ និងអ្នកយុទ្ធសាស្រ្តខាងការការពារជាតិ ដែលទាំងអស់នោះជាផ្នែក នៃឧស្សាហកម្មយោធារបស់អាមេរិក ហើយប្រហែលជាដឹងរឿងអំពីបញ្ហានោះ ។ ឧត្តមសេនីយ៍តែម្នាក់គត់ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅសតវត្សរ៍ទី២០ គឺលោកប្រធានាធិបតី ដ្វ៉ាយ អៃសិនហោវើ (Dwight Eisenhower) នៅក្នុងសុន្ទរកថាលាគ្នានៅខែមករា ឆ្នាំ១៩៦១ បានព្រមានអាមេរិកអំពីអ្វីដែលលោកហៅថា ឥទ្ធិពលពុករលួយ នៃ “ភាពស្មុគស្មាញនៃឧស្សាហកម្មយោធា” ។ លោកបានគូសបញ្ជាក់ថា “នៅក្នុងក្រុមប្រឹក្សានៃរដ្ឋាភិបាល យើងត្រូវតែការពារប្រឆាំងនឹងការទទួលបាននូវឥទ្ធិពលឧស្សាហកម្មយោធា ដែលមិនចាំបាច់ ទោះបីមានការចង់បាន ឬមិនចង់បានក៏ដោយ ។ សក្តានុពលនៃការកើនឡើងគ្រោះមហន្តរាយ កើតឡើងពីការប្រើប្រាស់អំណាចខុសទិសដៅ ហើយនឹងនៅតែបន្តកើតមាន។… យើងមិនត្រូវអោយទម្ងន់នៃបង្កគ្រោះថ្នាក់ទាំងនេះ មានឥទ្ធិពលដល់សេរីភាព ឬដំណើរការប្រជាធិបតេយ្យរបស់យើងឡើយ ។ វាហាក់ដូចជាការព្រមានដែលនៅតែមានការជាប់ពាក់ព័ន្ធរហូតមកទល់ពេលបច្ចុប្បន្ននេះ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner