ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាតំណាងសម្តេចក្រឡាហោម សខេង និងលោកជំទាវបាននាំយកទៀនចាំព្រះវស្សារួមនិងទេយ្យទាន-ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្តចំនួន៥ នៅក្នុងក្រុងបាត់ដំបង
នៅរសៀលថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ ត្រូវនិងថ្ងៃច័ន្ទ២រោជ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ពុទ្ធស័ករាជ ២០៦៥ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង តំណាងសម្តេចក្រឡាហោម សខេង និងលោកជំទាវ ព្រមទាំងអមដំណើរដោយ ឯកឧត្តមជាអភិបាលរងខេត្ត អភិបាលក្រុងបាត់ដំបង លោកប្រធានមន្ទីរធម្មការ និងមន្ត្រីសំខាន់ៗមួយចំនួនរបស់សាលាខេត្តបាត់ដំបង បាននាំយក ទៀនចាំព្រះវស្សា និងទេយ្យទាន-ទេយ្យវត្ថុ ចំនួន១១មុខរួមទាំងបច្ច័យ ក្នុងវត្តនីមួយៗ ចំនួន ៥០ម៉ឺនរៀលរបស់សម្តេចនិងលោកជំទាវ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមបណ្តាវត្តចំនួន៥ស្តិតនៅក្នុងសង្កាត់ចំនួន៤របស់ក្រុងបាត់ដំបងវត្តទាំងនោះរួមមាន វត្តពោធិ៍វាល, វត្តកណ្តាល នៅក្នុងសង្កាត់រតនៈ, វត្តស្លាកែត ក្នុងសង្កាត់ស្លាកែត; វត្តធម្មិការាម ក្នុងសង្កាត់វត្តគរ និងវត្តព្រះពុទ្ធពោធិ៍ញ្ញាណ ហៅវត្តអាងពោធិ៍ ក្នុងសង្កាត់អូរម៉ាល់។ដោយក្នុងមួយវត្តៗទទួលនូវ ទៀនចាំព្រះវស្សា០១គូ, ស្លាដក០១, អង្ករ ១០០គ,ក្រ.,មី១០កេស, ត្រីខ ០២កេសធំ,ទឹកសុទ្ធ១០កេស,ទឹកត្រី-ទឹកស៊ីអ៊ីវ១០យួរ, សៀង ចំនួន០៤យួរ(៤០ដប),ក្រដាស់អនាម័យ១កេសធំ(១០០ដុំ), អាលកុលចំនួន០១កាន(៣០លីត្រ)និងបច្ច័យចំនួន៥០ម៉ឺនរៀល ក្នុងវត្តនីមួយៗ ផងដែរ។
ទៀនចាំព្រះវស្សា រួមនិងទេយ្យទាន-ទេយ្យវត្ថុគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យខាងលើនេះ ត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងវត្តមានឯកឧត្តម លោក លោកស្រីនិងសហការីបាននាំយកទៅវេរប្រគេនដល់ព្រះសង្ឃនៃវត្តទាំង៥ខាងលើ ដោយបានប្រារព្វធ្វើនៅក្នុងបរិវេណសាលាធម្មសភាវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង កាលពីល្ងាចម្សឹលម៉ិញនេះ។ ជាមួយគ្នានេះផងដែរ ឯកឧត្តនិងសហការីក៏បានចែកទាន ដល់លោកតាអាចារ្យ លោកយាយជី និងពុទ្ធបរិស័ទចូលរួមនៅក្នុងពិធីនេះមួយចំនួនផងដែរ៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )