អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍សកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តន៍បន្តសម្រាប់ខែសីហា
ព្រឹកថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍សកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តសម្រាប់ខែសីហាឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធកម្មវិធីZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ បានចូលរួមអបអរសាទរ និងស្វាគមន៍នូវសមាសភាពអគ្គាធិការរងថ្មីចំនួន២រូបទើបត្រូវតែងតាំង ជំនួសអគ្គាធិការរង២រូបដែល១រូបបានទទួលភារកិច្ចថ្មី ១រូបចូលនិវត្តន៍ និងបានជូនលោកវរសេនីយ៍ទោ អ៊ុន វ៉ាន់ស៊ុន នាយការិយាល័យផែនការ និងសរុបវិភាគ ជម្រាបរបាយការណ៍ជូនអង្គប្រជុំ។
បន្ទាប់ពីអង្គប្រជុំ ពិនិត្យ និងពិភាក្សាដោយយកទុកចិត្តទុកដាក់រួចមក ឯកឧត្តម អគ្គាធិការ បានឯកភាពយោបល់លើកឡើងរបស់ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋានមួយចំនួនពាក់ព័ន្ធនឹងការកែសម្រួលខ្លឹមសាររបាយការណ៍នេះ ដំណើរកិច្ចការផ្ទៃក្នុងមួយចំនួនរបស់អគ្គាធិការដ្ឋាន។
តែទន្ទឹមនឹងនេះឯកឧត្តមបានណែនាំថា ចំពោះសកម្មភាពការងារដែលមិនទាន់បានសម្រេចក្នុងត្រីមាសទី១ ទី២ក្នុងផែនការសកម្មភាពឆ្នាំ២០២១ ទោះជាបញ្ហាជំងឺកូវីដ១៩បានជៈឥទ្ធិពលរាំងស្ទះការងារឱ្យមានភាពយឺតយ៉ាវយ៉ាងណា ត្រូវព្យាយាមយកមកអនុវត្តក្នុងត្រីមាសទី៣ និង៤អោយលទ្ធភាព ក៏ពុំទាន់ដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២២នោះដែរ។ ឯកឧត្តមអគ្គាធិការ មានប្រសាសន៍ណែនាំដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន សូមបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ ទោះក្នុងដំណាក់កាលការរីករាលដាលជំងឺកូវិដ១៩ឆ្លងក្នុងសហគមន៍ដែលមិនអាចមកបំពេញការងារផ្ទាល់ក្នុងអង្គភាពក៏ដោយ។
ចុងក្រោយ ឯកឧត្តមអគ្គាធិការបានថ្លែងការអរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ សូមចៀសផុតពីជំងឺកូវីដ១៩ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងដោយអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន៕ដោយ-រ៉ាវុធ