កម្ពុជាដុតបំផ្លាញគ្រឿងញៀនប្រមាណជាង ១៣៤គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៨
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៧កក្កដាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជាង១៣៤គីឡូក្រាម នៅមុខសាលាខេត្តត្បូងឃ្មុំ។ ក្នុងពិធីនោះ មានការពីអភិបាលខេត្តត្បូងឃ្មុំលោក ជៀម ច័ន្ទសោភ័ណ , លោកហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ព្រមទាំងមាស្ថាប័នតុលាការ និងប្រធាន-តំណាងលេខាធិការដ្ឋានគណ:គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំង៨។
លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងត្បូងឃ្មុំ បានឲ្យដឹងថា គ្រឿងញៀនប្រមាណជាងដែលត្រូវដុតបំផ្លាញនោះមានទម្ងន់១៣៤គីឡូក្រាម១៣៩ក្រាម៥៤មីលីក្រាម និងគ្រឿងញៀនប្រភេទគ្រាប់WYចំនួន៥៨គ្រាប់។ លោកថា គ្រឿងញៀនទាំងនោះ បានមកពីការបង្រ្កាប កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៨ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។
លោកឡុង ហុកម៉េង បានបញ្ជាក់ថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញ ថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា មកប្រារព្ធនៅថ្ងៃទី២៧ ខែកក្កដា នេះដោយសារបញ្ហាជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង៨៥០គីឡូក្រាម៕