ព្រះមហាក្សត្រអបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលគ្រឿងឥស្សរិយយស “មិត្តភាព” ថ្នាក់រដ្ឋពីប្រធានាធិបតីរុស្ស៊ី

ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ នេះ បានផ្ញើព្រះរាជសារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលគ្រឿងឥស្សរិយយស “មិត្តភាព (The Order of Friendship)” ថ្នាក់រដ្ឋ ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រមានព្រះរាជខ្លឹមសារដូចតទៅៈ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពីសម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគ្រឿងឥស្សរិយយស “មិត្តភាព (The Order of Friendship)” ថ្នាក់រដ្ឋពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ 

ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសដ៏ឆ្នើមបំផុត និងប្រកបដោយសក្តានុពលទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានាបានល្អប្រសើរ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គមការអភិវឌ្ឍជាតិ រីកចម្រើន និងល្បីរន្ទឺលើសកលលោក។

ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ”។

យោងតាមហ្វេសប៊ុកស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ីនិងកម្ពុជា។

គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ីដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ីតាមរយៈក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី០២ ខែមីនាឆ្នាំ១៩៩៤ ដើម្បីផ្តល់ឱ្យជនជាតិរុស្ស៉ីឬជនជាតិដទៃទៀត ដែលបាន ខិតខំលើកស្ទួយចំណងមិត្តភាពជាមួយប្រជាជននិងប្រទេសរុស្ស៉ី។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងទាក់ទងការទូត ជាមួយគ្នានៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ១៩៥៦។ ឆ្នាំនេះជាខួបលើកទី៦៥ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner