តើអ្វីទៅជាវ៉ារ៉្យង់ឡាំដា (Lambda)?

ចាប់តាំងពីមាន​ការរាតត្បាតជំងឺកូវីដ-១៩មក វីរ៉ុស​ SARS-CoV-2 បាន​បំលែង​ខ្លួន​ជា​ច្រើន​ដ​ង​ និងកាន់​តែ​បង្កើន​សមត្ថភាព​ខ្លួន​កាន់​តែ​ខ្លាំងឡើង​។​

បច្ចុប្បន្ន អង្គការសុខភាពពិភពលោក (WHO) បានចាត់​ថ្នាក់​វ៉ារ៉្យង់​បំលែង​ខ្លួន​ទាំង​នេះ​ជាវ៉ារ៉្យង់គួរឱ្យបារម្ភ​ ដែល​មាន​ ៤ ថ្នាក់​ពោល​គឺ ថ្នាក់​អាល់ហ្វា (Alpha) បេតា (Beta )​ ហ្គាម៉ា (Gamma)​ និងដែល​តា (Delta)។​ បន្ថែម​ពីនេះ ក៏​មាន​វ៉ារ៉្យង់​ ៤ ផ្សេងទៀត រួមមាន ​អេតា (Eta) អាយតា (Iota) កាប៉ា (Kappa) ហើយ​និង​ឡាំដា (Lambda)​ ដែល​ត្រូវ​​បាន​គេកំណត់ថា​ ជាវ៉ារ្យ៉ង់នៃគួរ​យកចិត្ត​ទុកដាក់​។​

ទោះជាយ៉ាងណាក្ដី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេសង្កេត​ឃើញ​មាន​ការរីករាលដាលយ៉ាងឆាប់រហ័ស​នៃ​វ៉ារ៉្យង់​ឡាំដា ​​ ដែល​ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប៉េរូ និង​បាន​ទាក់ទាញចំណាប់អារម្មណ៍​អ្នក​ជំនាញ​ជាច្រើន​។​

បច្ចុប្បន្ននេះ វ៉ារ៉្យង់នេះ​កំពុង​លេចធ្លោជាងគេនៅក្នុង​ប្រទេស Andean ដែល​បង្ក​ឱ្យ​មាន​អត្រា​មរណភាព​ ​ខ្ពស់​ជាង​គេបំផុតនៅលើពិភពលោក ខណៈពេលវ៉ារ៉្យង់​នេះ​ បាន​រីករាលដាលដល់ប្រទេស​យ៉ាង​ហោច​ ២៨ ប្រទេសផ្សេងទៀត ​រួមមាន​ អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ចក្រភពអង់គ្លេស​ អេស្បាញ ហូល្លង់ អារូបា បែលហ្សិក​ បារាំង ព័រទុយហ្កាល់ និ​ងសហរដ្ឋអាមេរិកជាដើម​។ ហើយ​ក្នុង​រយៈ​ពេល​ ៣ ខែចុង​ក្រោយ​នេះ វ៉ារ៉្យង់​នេះ​ បានកើនឡើងដល់ ៨០ ភាគរយនៃករណីទាំងអស់​នៅ​ក្នុង​ប្រទេស​ប៉េរូ​។ នេះបើយោងតាមវិទ្យាស្ថានសុខភាពជាតិរបស់ប្រទេស។

វេជ្ជបណ្ឌិត លោក​ Pablo Tsukayama ឯកទេស​ផ្នែកមីក្រូជីវសាស្ត្រម៉ូលេគុលនៅសាកលវិទ្យាល័យ Cayetano Heredia University បានប្រាប់​សារព័ត៌មាន​ Al Jazeera ថា៖ «នៅ​ពេល​ ដែល​យើង​រក​វា​ឃើញ​ដំបូង​ វា​នៅមិន​ទាន់​មាន​ការ​ចាប់អារម្មណ៍ខ្លាំងនោះទេ។ ប៉ុន្តែ យើងនៅតែបន្តដំណើរការ​សិក្សា​គំរូ ហើយបើគិត​ត្រឹម​​​ខែ​មីនា វ៉ារ៉្យង់​នេះ​មានចំនួន ៥០ ភាគរយនៃ​សំណាកនៅលីម៉ាទៅ​ហើយ​។ ហើយ​ត្រឹម​ខែ​ មេសា វាឈាន​​ដល់​​ ៨០ ភាគរយនៃ​សំណាកនៅក្នុងប្រទេសប៉េរូ ដែល​ការ​​លោតឡើង​នេះ គឺជា​សូចនាករ​ដំបូង​វ៉ារ៉្យង់​ ដែល​មាន​សមត្ថភាព​ចម្លង​លឿន​»​។

បើ​យោងតាម​ប្រភព​ដដែល​នេះ វ៉ារ៉្យងឡាំដា មិន​ទាន់​បង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើលនោះទេ ដោយសា​រ​តែ​ខ្សែស្រឡាយ​វា​ច្រើន​តែ​កើត​មាន​នៅ​កន្លែង ដែលមានអត្រាឆ្លងខ្ពស់។

លោក​បាន​បន្តថា៖ «ប្រហែលត្រឹមខែ ឧសភា ប្រទេស​ឈីលី និងប៉េរូ បានស្នើសុំឱ្យអង្គការ (WHO)  ពិចារណា​លើ​ការ​ដាក់​វ៉ារ្យ៉ង់នេះ​ទៅ​ក្នុងបញ្ជី​វ៉ារ្យ៉ង​គួរ​ចាប់​អា​រម្មណ៍ផ្សេងៗគ្នា។ ហើយ​​នៅ​ពាក់​កណ្តាល​ខែ​ មិថុនា ស្ថាប័ននេះ​បានយល់​ព្រម​ដាក់​វ៉ារ៉្យង់​ចូល​ក្នុង​បញ្ជី​ហើយ​​​ដាក់ឈ្មោះវាថា «​ឡាំដា» ។

ការស្រាវជ្រាវថ្មីៗស្ដីពី​វ៉ារ៉្យង់​នេះបាន​ឱ្យដឹងថា វ៉ារ៉្យង់​នេះ​បាន​បំលែង​ខ្លួន​នៅ​ក្នុង​ប្រូតេអ៊ីន​ ដែល​ជា​ផ្នែក​វីរុស​មាន​ទំនាក់ទំន​ងជាមួយកោសិកាមនុស្ស​ច្រើនជាង​គេ​ ដោយ​ធ្វើ​ការ​ចង​ភ្ជាប់​ខ្លួន​វា​ជាមួយ​នឹង​កោសិកា​នោះ​ ហើយ​ចម្លង​លើ​កោសិកាតែ​ម្ដង​។

បើយោងតាមការស្រាវជ្រាវ ដែល​បាន​ចេញផ្សាយនៅខែ កក្កដា ដោយក្រុម​វេជ្ជបណ្ឌិត​មក​ពី​សាលា​វេជ្ជ​សាស្ត្រ​​ Grossman នៃសាកលវិទ្យាល័យញូវយ៉ក បាន​ឱ្យដឹងថា ការ​បំលែងខ្លួន​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅក្នុងប្រូតេអ៊ីន​ គឺ​ដើម្បី​បង្កើន​សមត្ថភាព ឆ្លង​របស់វា​ ដែល​អាច​កាត់​បន្ថយ​ប្រសិទ្ធិភាព​ការពារ​របស់​ វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ។​

យោងតាម វីរុស​វិទូលោក Ricardo Soto-Rifo នៃវិទ្យាស្ថានវិទ្យាសាស្ត្រជីវសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ប្រទេស​ឈីលី បា​​នឱ្យដឹងថា ការ​ផ្លាស់ប្តូរហ្សែនមួយប្រភេទ ដែ​លមានឈ្មោះថា L452Q គឺ​ស្រដៀង​គ្នា​នឹង​ការ​ផ្លាស់ប្តូរ​ ដែល​គេ​ឃើញ​នៅ​ក្នុង​ដំណើរ​ការ​បំលែង​ខ្លួន​នៃ​វ៉ារ៉្យង់​ដែល​តា​ ហើយ​គេ​ជឿជា​ក់​ថា​ បំលាស់​ប្ដូរ​នេះ​នឹង​រួមចំណែកដល់អត្រាឆ្លងខ្ពស់។ ប៉ុន្តែលោក Soto-Rifo បានបញ្ជាក់​ថា ឥទ្ធិពលពិតប្រាកដ​នៃ​ការ​ផ្លាស់​ប្តូរ​មុយតាស្យុង​នៅតែមិនទាន់ច្បាស់នៅឡើយ​។

លោក Soto-Rifo និង​អ្នក​វិទ្យាសាស្ត្រ​ដទៃទៀត​ កំពុង​​ធ្វើការសិក្សាបឋម​មួយស្ដីអំពី ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​ចិន​ CoronaVac លើ​វ៉ារ្យ៉ង់​នេះ ប៉ុន្តែ​ការសិក្សានេះ​នៅ​​មិន​ទាន់ពិនិត្យ​មើលឡើ​ងវិ​ញ និង​វាយតម្លៃ​នៅ​ឡើយ​ទេ​។ ទោះយ៉ាងណា លទ្ធផលបានបង្ហាញថា វ៉ារ៉្យង់​ឡាំដា​ អាចបន្សាប​អង្គបដិប្រាណ​ ដែល​បង្កើត​ដោយ​វ៉ាក់សាំងបាន​​។

ប៉ុន្តែ​សំណួរសួរថា តើ​យើង​គួរ​ព្រួ​យបារម្ភពី​វ៉ារ៉្យង់​នេះ​ឬទេ​? វេជ្ជបណ្ឌិត Roselyn Lemus-Martin  ដែល​មាន​សញ្ញាប័ត្រ​បណ្ឌិតផ្នែកជីវវិទ្យា និងជីវវិទ្យាកោសិកា ពីសាកលវិទ្យាល័យ Oxford និងមានមូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បានឆ្លើយ​ថា​ នៅ​មិនទាន់ទេ។​

លោក Lemus-Martin បានប្រាប់សារព័ត៌មាន​ Al Jazeera ថា​៖ « កាលពីដើមឡើយ យើងមានការ​ព្រួយ​​បារម្ភខ្លាំងណាស់…យើងគិតថា ដោយសារយើងគិតថាវ៉ារ៉្យង់នេះ អាច​នឹង​ឆ្លង​ខ្លាំង​ជាង​វ៉ារ៉្យង់​ដែល​តា។​ ប៉ុន្តែ​  ឥឡូវនេះនៅ​សហរដ្ឋអាមេរិកជាឧទាហរណ៍ យើងបានឃើញថាវ៉ារ៉្យង់​ដែលតា​ នៅ​តែឆ្លង​ខ្លាំងជាង​គេ​ដដែល​ ខណៈ​វ៉ារ៉្យង់​ឡាំដា​នៅ​មិនទាន់​ឆ្លង​លឿន​ខ្លាំង​ទៅ​តំបន់​ផ្សេង​នៅឡើយ​ទេ»។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner