ករណី ជំងឺកូវីដ១៩ បានកើនឡើងខ្ពស់បំផុតនៅទីក្រុងតូក្យូ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកនៅបន្ត

នាយករដ្ឋមន្ត្រី​ជប៉ុន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​និយាយ​ថា​រដ្ឋាភិបាល​មិន​មាន​ផែនការ​ដើម្បី​បិទ​ការ​ប្រកួត​ កីឡា​អូឡាំពិក​ បើ​ទោះ​បី​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​។

កាល​ពី​ថ្ងៃ​អង្គារ​ ទីក្រុង​តូក្យូ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ២៨៤៨ ករណី​ ដែល​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត​កាល​ពី​មករា​ ហើយ​ធ្វើ​ឱ្យ​ករណី​សរុប​ក្នុង​ទីក្រុង​នេះ​កើន​លើស​ ២០០.០០០ ករណី​ចាប់​តាំង​ពី​ការ​រីក​រាលដាល​ដំបូង​កាល​ពី​ឆ្នាំ​មុន​។

លោក​នាយករដ្ឋមន្ត្រី​ Yoshihide Suga បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ដំបូង​បង្អស់​ សូម​ថ្លែង​អំណរគុណ ​ចំពោះ​ការ​រឹត​បន្តឹង​ចរាចរណ៍​លើ​យានយន្ត​ និង​តាមរយៈ​វិធានការ​ដូចជា​ការ​ធ្វើ​ការ​ពី​ចម្ងាយ​ (ធ្វើការពីផ្ទះ) ដោយ​មាន​ការ​សហការ​ពី​សាធារណៈ​ជន​ លំហូរ​និង​ចរាចរណ៍​របស់​ប្រជាជន​ នៅ​ក្នុង​ទីក្រុង​តូក្យូ​មាន​ការ​ថយ​ចុះ​»។

លោក​ Suga​ បាន​និយាយ​ថា​ការ​កើន​ឡើង​ដ៏​ខ្ពស់​នេះ​ គឺ​បណ្ដាល​មកពី​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ១៩​បម្លែង​ដែលតា​ ហើយ​លោក​ក៏​បាន​និយាយ​ថា​៖ «រដ្ឋាភិបាល​ បាន​បញ្ជា​ទិញ ឱសថ​ថ្មី​មួយ​ប្រភេទ ​ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឈឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ទៅ​ ៧០ ភាគរយ​ ហើយ​យើង​អាច​បញ្ជាក់​បាន​ថា​ឱសថ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ចាប់​ពី​ពេល​នេះ​តទៅ​។ ប៉ុន្តែ​លោក​មិនបាន​កំណត់​អត្តសញ្ញាណ​ឱសថ​នេះ​ទេ​។

លោក​ក៏​បាន​និយាយ​ថា​៖ «ក្នុង​ករណី​ណាក៏ដោយ​ ក្នុង​កាលៈទេសៈ​ដូចនេះ ខ្ញុំ​សូម​ស្នើ​ឱ្យ​ប្រជាជន​ ជៀសវាង​ការ​ចេញ​ទៅក្រៅ​ដោយ​មិន​ចាំ​បាច់​ និង​ប្តូរ​មក​មើល​ការប្រកួត​កីឡា​អូឡាំពិក​ និង​ប៉ារ៉ាឡាំពិក​នៅ​លើ​កញ្ចក់​ទូរទស្សន៍​វិញ​» ។

ការ​ចាក់​វ៉ាក់សាំង​របស់ ជប៉ុន​បាន​ចាប់​ផ្ដើម​ក្នុង​ល្បឿន​យឺត​ ប៉ុន្តែ​ទើប​តែ​បាន​កើន​ឡើង​យ៉ាង​ប្រសើរ​នៅ​ក្នុង​ខែ​ឧសភា​ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មាន​ស្ថិរភាព​ ហើយ​រដ្ឋាភិបាល​របស់​លោក Suga ក៏​បាន​ជំរុញ​ឱ្យ​ប្រជាជន​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​មកដល់​។ ត្រឹម​ថ្ងៃ​ចន្ទ​ប្រទេស​ជប៉ុន​ បាន​មាន​ករណី​ឆ្លង​សរុប​ ៨៧០.៤៤៥ ករណី​និង​មាន​អ្នក​ស្លាប់ ​ចំនួន ១៥.១២៩ នាក់​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner