Blinken ទៅឥណ្ឌាគ្រោងនិយាយរឿងយុទ្ធសាស្ត្រ និងរឿងសិទ្ធិមនុស្ស ខណៈឥណ្ឌាគ្រោងនឹងស្នើឱ្យបើកជើងហោះហើរ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Anthony Blinken ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ញូដេលី ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ថ្ងៃ​ពុធ​ទី​ ២៨ កក្កដា​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ឥណ្ឌា លោក Blinken នឹង​ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក S. Jaishankar ក៏​ដូច​ជា​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi។

​អាមេរិក​បាន​រៀបរាប់​ថា​ របៀប​វារៈ​ដែល​នឹង​លើក​មក​ពិភាក្សា​ នៅ​ពេល​ដែល​លោក Blinken ទៅ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ឥណ្ឌា​មាន​ដូច​ជា កិច្ចការ​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ១៩ ទំនាក់ទំនង​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ផលប្រយោជន៍​រួម​ផ្នែក​សន្តិសុខ​តំបន់ តម្លៃ​ប្រជាធិបតេយ្យ និង​ចុង​ក្រោយ​គឺ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​វិបត្តិ​អាកាសធាតុ។

ឥណ្ឌា និង​សហរដ្ឋអាមេរិក​នៅ​ក្នុង​បរិបទ​រដ្ឋបាល​លោក​ប្រធានាធិបតី​ចូ បៃដិន​មាន​ការ​ទាក់ទង​គ្នា​ ហាក់​បី​ជា​រាង​ញឹកញាប់។ ក្នុង​រយៈ​ពេល​តែ​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ជួប​គ្នា​ច្រើន​ដង​មក​ហើយ​តាំង​ពី​ជំនួប​មេដឹកនាំ និង​ជំនួប​រដ្ឋមន្ត្រី​ការបរទេស ហើយ​ឈាន​ទៅ​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទៀត​ផង​ ទាំង​ក្នុង​បែប​ផែន​ទ្វេភាគី និង​ពហុភាគី។

ជំនួប​ដែល​កក្រើក​ដល់​ភូមិសាស្ត្រ​នយោបាយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​គឺ ជំនួប​ក្រោម​ក្របខ័ណ្ឌ​កិច្ច​សន្ទនា​សន្តិសុខ​ចតុភាគី​ ដែល​ហៅ​កាត់​ថា Quad កាល​ពី​ខែ​មីនា​កន្លង​ទៅ ដោយ​ពេល​នោះ​លោក​ប្រធានាធិបតី​អាមេរិក​បៃដិន​ បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ Modi និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ចំនួន ២ទៀត​គឺ ជប៉ុន និង​អូស្ត្រាលី។

ជំនួប​នោះ​បាន​បញ្ចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ជា​លើក​ដំបូង ដោយ​ពិភាក្សា​ពី​ការ​គំរាមកំហែង​នានា​ដល់​សន្តិសុខ​ក្នុង​តំបន់​។ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ឥណ្ឌា គេ​មាន​រំពឹង​ថា លោក Blinken និង​ដៃ​គូ​សន្ទនា​នៅ​ឥណ្ឌា​អាច​នឹង​រៀបចំ​ជា​មូលដ្ឋាន​មួយ​សម្រាប់​រៀប​ចំ​កិច្ចប្រជុំ​ Quad ថ្នាក់​រដ្ឋមន្ត្រី ឬ ថ្នាក់​មេដឹកនាំ​នៅ​ពេល​ខាង​មុខ​។ ប៉ុន្តែ​រឿង​នេះ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ​ពី​ខាង​អាមេរិក និង​ឥណ្ឌា។

បន្ថែម​ពី​លើ​បញ្ហា​សន្តិសុខ​ ថ្នាក់ដឹកនាំ​ទាំង​ ៤ប្រទេស​នៅ​ពេល​នោះ​ព្រមព្រៀង​គ្នា​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ផលិត​វ៉ាក់សាំង​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក ផលិត​នៅ​ឥណ្ឌា​ឱ្យ​បាន​ ១ពាន់​លាន​ដូស​ឱ្យ​បាន​ត្រឹម​ឆ្នាំ​២០២២ខាង​មុខ​នេះ ដើម្បី​ចែកចាយ​ដល់​ប្រទេស​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​រួម​បញ្ចូល​ទាំង​តំបន់​អាស៊ាន​ផង​ដែរ។

នៅ​ពេល​ដែល​លោក Blinken ទៅ​ជួប​មេដឹកនាំ​ឥណ្ឌា កិច្ចការ​ពាក់ព័ន្ធ​នឹង​ផលិត​វ៉ាក់សាំង​ ដែល​ស្ថិត​ក្រោម​យន្តការ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ផលិត​វ៉ាក់សាំង Quad ក៏​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ក្នុង​ជំនួប​ផង​ដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Dean Thompson រដ្ឋលេខាធិការ​ការបរទេស​ស្ដីទី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​ត្បូង និង​អាស៊ី​កណ្ដាល​ ដែល​និយាយ​ប្រាប់​អ្នក​កាសែត​កាល​ពី​សប្ដាហ៍​មុន។

ទាក់ទិន​នឹង​រឿង​ផលិត​វ៉ាក់សាំង​នេះ ប្រភព​មក​ពី​រដ្ឋាភិបាល​ឥណ្ឌា​ ដែល​ចុះ​ផ្សាយ​ដោយ​អង្គភាព​សារព័ត៌មាន​ឥណ្ឌា PTI បាន​ឱ្យ​ដឹង​ថា ឥណ្ឌា​នឹង​ព្យាយាម​ជំរុញ​ឱ្យ​អាមេរិក​បើក​ការ​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ឱ្យ​បាន​ទៀងទាត់ ខណៈ​ផែនការ​ផលិត​វ៉ាក់សាំង​របស់​ Quad នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ២០២២​ខាង​មុខ។

បើ​តាម​ប្រភព​ពី​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា ភាគី​ឥណ្ឌា​ក៏​មាន​គម្រោង​ទាមទារ​ឱ្យ​អាមេរិក​ បើក​ដំណើរ​ការ​​ជើង​ហោះ​ហើរ​ជាមួយ​ឥណ្ឌា​ឡើង​វិញ ហើយ​ជាពិសេស​បញ្ចប់​នូវ​ការ​រឹតត្បិត​ទៅ​លើ​សិស្ស-និស្សិត អ្នក​ជំនាញ អ្នក​ធុរកិច្ច ការ​ជួបជុំ​គ្រួសារ និង​ករណី​មនុស្សធម៌​ជា​ដើម។

ឥណ្ឌា​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ បាន​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​រហូត​ដល់​ទៅ​ ៤០ម៉ឺន​ករណី​ ហើយ​ចាប់​ពី​ពេល​នោះ​មក​ប្រទេស​​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​បាន​ផ្អាក​ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​នេះ ហើយ​ខ្លះ​ឈាន​ទៅ​ដល់​ផ្អាក​​លើ​ចរាចរណ៍​ទំនិញ​មួយ​ចំនួន​ជាមួយ​ឥណ្ឌា​ទៀត​ផង​។ នៅ​ខែ​កក្កដា​នេះ ស្ថានភាព​កូវីដ១៩​នៅ​ឥណ្ឌា​ហាក់​បី​ដូច​ជា​ធូរ​ស្បើយ​បន្តិច ដោយ​រយៈ​ពេល ៧ថ្ងៃ​ចុង​ក្រោយ​ជា​មធ្យម​មាន​ករណី​វិជ្ជមាន​ប្រចាំ​ថ្ងៃ​ចំនួន​ក្បែរ ៤ម៉ឺន​នាក់​ប៉ុណ្ណោះ។

ចំណែក​ឯ​បញ្ហា​សន្តិសុខ​តំបន់​វិញ លោក​រដ្ឋមន្ត្រី Blinken គ្រោង​នឹង​យក​រឿង​អាហ្វហ្គានីស្ថាន​មក​និយាយ​ជាមួយ​ឥណ្ឌា​ផង​ដែរ។ ស្រប​ពេល​ដែល​អាមេរិក​គ្រោង​នឹង​ដក​ទ័ព​ចេញ​ពី​ទឹកដី​អាហ្វហ្គានីស្ថាន លោក​ Thompson បាន​លើកឡើង​ថា «ឥណ្ឌា​ជា​ដៃ​គូ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ហើយ​អាមេរិក​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​រួម​របស់​ឥណ្ឌា​ក្នុង​ការ​គាំទ្រ​ដល់​សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច នៅ​អាហ្វហ្គានីស្ថាន»។

ទាក់ទិន​នឹង​រឿង​អាហ្វហ្គានីស្ថាន​ ប្រភព​ពី​ឥណ្ឌា​វិញ​ហាក់​ដូច​ជា​រាង​លម្អិត​ជាង​នេះ​បន្តិច ដោយ​ឥណ្ឌា​គ្រោង​នឹង​សំណូម​ពរ​ឱ្យ​អាមេរិក​ដាក់​សម្ពាធ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន ដោយ​ឥណ្ឌា​យល់​ឃើញ​ថា ប៉ាគីស្ថាន​ជា​ប្រភព​មួយ​ក្នុង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ និង​ជា​កន្លែង​ជ្រក​កោន​មួយ​សម្រាប់​ក្រុម​ភេរវកម្ម។

ក្រៅ​ពី​នេះ បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ក៏​នៅ​តែ​មាន​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ជំនួប​រវាង​អាមេរិក និង​ឥណ្ឌា​ផង​ដែរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក Thompson។ មន្ត្រី​ស្ដីទី​រូប​នេះ​បាន​និយាយ​ថា ​អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​ក្នុង​កម្រិត​ណា​មួយ​ទៅ​លើ​រដ្ឋាភិបាល​ឥណ្ឌា ពាក់ព័ន្ធ​លើ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ត្រង់​ប្រការ​ណាមួយ។

ជា​ការ​ឆ្លើយតប​ ខាង​ឥណ្ឌា​យល់​ថា បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ជា​តម្លៃ​សកល​ មិនមែន​ផ្អែក​លើ​ការ​បកស្រាយ​របស់​ប្រទេស​ណា​មួយ ឬ វប្បធម៌​ណា​មួយ​នោះ​ទេ។ ប្រភព​ពី​ខាង​ឥណ្ឌា​ក៏​បាន​បន្ថែម​ថា «ឥណ្ឌា​នៅ​ពេល​នេះ​កំពុង​តែ​ជោគជ័យ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ»។

ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​វិបត្តិ​អាកាសធាតុ ភាគី​ទាំង​ពីរ​នឹង​ធ្វើ​ការ​ផ្អែក​លើ​របៀប​វារៈ​ភាព​ជា​ដៃគូ​អាកាសធាតុ និង​ថាមពល​ស្អាត​អាមេរិក-ឥណ្ឌា​ឆ្នាំ២០៣០ ដែល​នឹង​ពិភាក្សា​លើ​ការ​ផ្ដល់​ហិរញ្ញវត្ថុ​លើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ៕

ប្រភព៖ India Express

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner