ឯកឧត្តម ជិន ម៉ាលីន៖ វ៉ាក់សាំងដែលជាជំនួយរបស់ចិន ជប៉ុន អង់គ្លេស អាមេរិក ជាកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យក

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានហៅការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជាពីសំណាក់បណ្តាប្រទេសមួយចំនួន ក្នុងនោះមានទាំងប្រទេសមហាអំណាចផងនោះ គឺជាទង្វើនិងកាយវិការមនុស្សធម៌អន្តរជាតិ ដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩ នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្បុន្ននេះ។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះថា វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត បានមកដល់ នឹងមកដល់ជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩នាពេលនេះ។ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្បុន្ននេះ។ “ការផ្តល់ជាជំនួយវ៉ាក់សាំងយើងស្វាគមន៍ និងរីករាយ ក៏ដូចជាថ្លែងអំណរគុណដែលបានផ្តល់វ៉ាក់សាំងដល់យើងជាបន្តបន្ទាប់មក”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់របស់មហាអំណាច ដោយធ្វើការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាចទន់ខ្សោយលែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ។ តែផ្ទុយទៅវិញមានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា “ជាការចាប់អារម្មណ៍ពាក់ព័ន្ធទិដ្ឋភាពនយោបាយអន្តរជាតិជាពិសេស នយោបាយអន្តរជាតិពហុប៉ូលដែលបច្ចុប្បន្នហ្នឹង។ គឺថាប្រទេសមហាអំណាចគាត់ធ្វើការប្រកួតប្រជែងគ្នាដើម្បីដណ្តើមឥទ្ធិពល។ ដណ្តើមអំណាចភូមិសាស្ត្រតំបន់ដែលពីមុនមកគាត់ចូលចិត្តប្រើវិធានការក្នុងការគាបសង្កត់ដាក់សម្ពាធ ឬក៏គំរាមកំហែងប្រទេសតូចតាចប្រសិនបើមិនស្តាប់តាមគាត់។ ប៉ុន្តែនយោបាយគាបសង្កត់បែបនឹងវាហួសសម័យ។ វាលែងមានប្រសិទ្ធភាព។ លែងមានឥទ្ធិពលហើយ។ ជាពិសេសនៅក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលនៅពេលបច្ចុប្បន្ននេះ។ មធ្យោបាយល្អ គឺមានតែមួយទេ គឺថាការប្រជែងទៅតាមឥទ្ធិពលភូមិសាស្ត្រនយោបាយតំបន់ដោយប្រកួតប្រជែងក្នុងការជួយដល់ប្រទេសតូចតាច ជួយដល់ប្រទេសទន់ខ្សោយដើម្បីទាក់ទាញយកសន្តានចិត្តរបស់គេ ជាពិសេសក្នុងបរិបទកូវីដ-១៩ នេះ គឺថាការផ្តល់នៅវ៉ាក់សាំង ហើយជំនួយមនុស្សធម៌ គឺជាការចាំបាច់ជាវិធានការមួយសមរម្យហើយអាចមានប្រសិទ្ធភាពក្នុងការដណ្តើមនូវឥទ្ធិពល ក៏ដូចជាអំណាចភូមិសាស្ត្រនយោបាយតំបន់ ចៀសជាងការប្រើនៅវិធីសាស្ត្រចាស់ក្នុងការគាបសង្កត់ដាក់សំពាធ ឬមួយក៏ធ្វើទុក្ខបុកម្នេញប្រទេសតូចតាច”។

សូមជម្រាបថា រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ដោយឡែកកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ ចំណែកវ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ។ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃស្អែកនេះ មានចំនួន៥០ម៉ឺនដូស ដោយឡែកចំនួន៥០ម៉ឺនដូស រំពឹងនឹងដឹកមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

គួរបញ្ជាក់ថា មានប្រទេសជាចំនួនបួនហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាក្នុងនោះមានដូចជា៖ ចិន ផ្តល់វ៉ាក់សាំងជាងពីរលានដូស, ជប៉ុនមួយលានដូស, អាមេរិកមួយលានដូស និងអង់គ្លេស ៤១ម៉ឺន៥ពាន់ដូស៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner