​វិបត្តិ​នយោបាយ​ទុយនីស៊ី​ ជំរុញ​កំណើន​ «​បំភ្លៃ​»​នៃ​​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​បរទេស​

ហួន​ ឌីណា​

​វិបត្តិ​នយោបាយ​នៅ​ទុយនីស៊ី​ បាន​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការ​ឃោសនា​ និង​ការ​កេង​យក​ប្រយោជន៍​​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពីបរទេស ដោយ​ព្យាយាម​បំភ្លៃ​រឿង​ដើម្បី​ឱ្យ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ទុយនីស៊ី​លោក​ Kais Saied ​ដែល​បណ្តេញ​នាយក​រដ្ឋ​មន្រ្តី​ចេញ​ពី​ដំណែង​​ និងបង្កក​សភា មាន​ភាព​​សម​ហេតុ​ផល​។​

​​​សារព័ត៌មានកាតាគឺ​​ Al Jazeera ហាក់​មាន​ទំនោរ​លើ​បក្ស​រដ្ឋាភិបាល​ទុយនីស៊ី​ Ennahda ​បាន​ចុះ​ផ្សាយ​ថា​​ ​ក្រោយ​​ព័ត៌មាន​ស្ដី​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​ Saied ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកក្នុងប្រទេស​​បាន​សាយ​ភាយ​កាល​ពី​ថ្ងៃ​អាទិត្យ​  ហាសថេគ​ (Hashtag) ​«​​ទុយនីស៊ី​បះបោរ​ប្រឆាំង​ភាត​រភាព​»​ ដែល​សំដៅ​លើ​ក្រុម​នយោបាយ​​ភាត​រភាព​មូស្លីម​ (Muslim Brotherhood)​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ធ្វីតធឺ​។​

​ការ​វិភាគ​មួយ​អំពី​ទិន្នន័យ​ និង​ការ​សន្ទនា​តាម​បណ្តាញ​សង្គម​ អាច​បង្ហាញ​ពី​ការ​យល់ដឹ​ង​ជា​ច្រើន​ ដូច​ជា​អ្នក​ណាកំ​ពុង​សរសេរ​អំពី​ប្រធានបទ​ជាក់​លាក់​មួយ​ ហើយ​សំលេង​របស់​ពួក​គេ​មាន​ឥទ្ធិពល​លើ​ប្រធាន​បទ​នោះ​។​ វា​ក៏​អាច​ចង្អុល​បង្ហាញ​ពី​កន្លែង​ដែល​មនុស្ស​ទាំង​នោះ​ស្ថិត​នៅ​ និង​ថា​តើ​ពួក​គេ​​ប្រើ​គណនីពិត ឬ​​ក្លែង​​ក្លាយ​​ ​​ការ​សន្ទនា​ជា​សាធារណៈ​ តាម​រយៈ​ការ​ត្រួត​ពិនិត្យ​និង​ការ​បំភិត​បំភ័យ​ និង​​ការ​រៀប​ចំ​អ្វី​មួយ​ឱ្យ​ក្លាយ​ជា​រឿង​ពេញ​និយម​។​

​ជា​មួយ​គ្នា​នោះ​ ការ​វិភាគ​លើ​ធ្វីត​​ចំនួន​ ១២​ ០០០ ពី​គណនី​ធ្វីតធឺ​ចំនួន​ ៦ ៨០០​ ដែល​ភ្ជាប់​ជាមួយ​នឹង​ Hashtag​ «​​​ទុយនីស៊ី​បះបោរ​ប្រឆាំង​ភាតរភាព​»​​ បាន​បង្ហាញ​ពី​កិច្ចខិត​ខំ​ប្រឹងប្រែង​រួម​គ្នា​ដោយ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​​​ពី​ប្រទេស​ក្នុង​ឈូង​សមុទ្រ​ពែក្ស​ ដើម្បី​បង្ហាញ​ពី​សកម្មភាព​របស់​ប្រធានាធិបតី​ថា​ ជា​ការ​បះបោរ​ទុយនីស៊ី​ដ៏​ពេញ​និយម​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ដូច​ជា​ Muslim ​Brotherhood ​។ ​

​​អ្នក​ប្រើប្រា​ស់​ធ្វីតធឺ​​ដែល​ធ្វីត​​ភ្ជាប់​ជាមួយ​នឹង​ Hashtag ​​​បែប​នេះ​ ភាគ​ច្រើន​មក​ពី​អារ៉ាប៊ីសាអូឌីត​ និង​អេមីរ៉ាត​អារ៉ាប់​រួម​។​ គេ​គត់​សម្គាល់​ថា​ ក្នុង​នោះ​មាន​ទាំង​អ្នក​មាន​ឥទ្វិពល​ម្នាក់​ឈ្មោះ ​Al-Shaykh ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេក្លោង​ធំ​មួយ​នៅ​លើ​ធ្វីតធឺ​ក្នុង​ពិភព​អារ៉ាប់​។​

​ក្នុង​ការ​វិភាគ​អំពី​ Hashtag ​ក្រោយ​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​លោក​ Jamal Khashoggi ​ត្រូវ​បាន​សម្លាប់​ក្នុង​ឆ្នាំ​ ២០១៨​ ការ​សិក្សា​មួយ​របស់​​លោក​ Alexei Abrahams ​និង​លោក​ Andrew Leber ​ដែល​ជា​អ្នក​សិក្សា​នៅ​សកល​វិទ្យាល័យ​ Harvard ​បាន​ចង​ក្រង​​​ថា​ នៅ​លើ Hashtag ​ទាក់​ទង​នឹង​​ការ​​ស្លាប់​របស់​លោក​ Khashoggi ​ធ្វីត​របស់​លោក​ al-Shaykh​បាន​រួម​ចំណែក​ ៨​ ភាគ​រយ​នៃ​ធ្វីត​ទាក់​ទង​ទាំង​អស់​​​។

ភាគ​ច្រើន​នៃ​គណនី​ផ្សេង​ទៀត​ដែល​ផ្សព្វផ្សាយ​​អំពី​ទុយនីស៊ី​ ក៏​ជា​អ្នក​ចូលរួម​ទៀង​ទាត់​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​តំបន់​ផង​ដែរ​ ក្នុង​នោះ​រួម​មាន​ទាំង​គណនី​ក្លែងក្លាយ​ និង​គណនី​ដែល​ត្រូវ​បាន​គេ​លួច​។​  ការ​ប្រើ​ប្រាស់​គណនី​ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ ឬ​ទីផ្សារ​ជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ​ ប៉ុន្តែ​លើស​ពី​នេះ​ គណនី​ទាំង​នេះ​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​ក្នុង​ប្រទេស​មជ្ឈឹម​បូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង​ ជា​ពិសេស​នៅ​ពេល​មាន​ព្រឹត្តិការណ៍​នយោបាយ​ធំ​ៗ​។​

​​តាម​រយៈ​នេះ​ អ្នក​ឃោសនា​ បាន​ប្រើ​ Hashtag​ «​​ទុយនីស៊ី​បះបោរ​ប្រឆាំង​ភាតរភាព​»​  ​ក្នុង​នាម​ប្រជាជន​ទុយនេស៊ី​ ដោយ​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​តាម​ដាន​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ថា​ក្រុម​ Muslim Brotherhood ​​តំណាង​ឱ្យ​ការ​គំរាម​កំហែង​ហើយ​អាច​បង្វត់​ប្រទេស​ឱ្យ​វិល​ត្រឡប់​ទៅ​រក​របប​ផ្តាច់​ការ​វិញ​។​​

យោងតាមការចុះផ្សាយរបស់កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ បី​ថ្ងៃ​មុន​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ Saied​ លោក​ Dhahi ​Khalfan​ Tamim​ អនុប្រធាន​ប៉ូលីស​នៃ​ទីក្រុង​ឌូបៃ​បាន​សរសេរ​សារ​បែប​កំប្លែង​ថា​៖​ «​ដំណឹង​ល្អ​…ការ​វាយ​លុក​ថ្មី​…​ខ្លាំង​ … នឹង​មក​រក​ Brotherhood​»​។ ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​របស់​ទួរគី​ TRT​ កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​​ Rachid​​ Ghannouchi​ ​ ​ប្រធាន​​សភា​​ និង​​​ជា​​មេដឹក​​​នាំ​​បក្ស​​ Ennahda ​ ដែល​ហៅ​សកម្មភាព​របស់​លោក ​Saied ​ថា​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ​ និង​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ បាន​ចោទ​ប្រកាន់​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អារ៉ាប់​រួម​ថា​ បាន​ជំរុញ​ឱ្យ​មាន​រដ្ឋ​ប្រហារ​នៅ​ទុយនីស៊ី​។​

យ៉ាង​ណា​មិញ​ មិន​មាន​ភ័ស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ រដ្ឋាភិបាល​បរទេស​បាន​ដាក់​សម្ពាធ​លោក ​Saied ​ឱ្យ​ចាត់​វិធានការ​បែប​នេះ​នោះ​ទេ​ ហើយ​អ្នក​វិភាគ​ជន​ជាតិ​ទុយនេស៊ី​ម្នាក់​លោក​ Mohamed-Dhia ​Hammami ​បាន​និយាយ​ថា​ លោក​គិត​ថា​វា​មិន​ទំនង​សោះ​ចំពោះ​រឿង​បែប​នេះ​។​

ប្រភព៖
1. Tunisia crisis prompts surge in foreign social media manipulation https://www.aljazeera.com/news/2021/7/28/tunisia-crisis-prompts-surge-in-foreign-social-media-manipulation

2. Influential voices in Egypt, Saudi Arabia and UAE celebrate Tunisia turmoil as blow to political Islam https://www.washingtonpost.com/world/2021/07/27/tunisia-gulf-information-campaign/

​ ​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner