ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ការស្ថាបនាសម្រេចបាន ៨៥%ហើយ អាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ
ភ្នំពេញ៖ ស្ពានថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង២៧ម៉ែត និងទទឹងប្រវែង៣ម៉ែត្រ ជាលទ្ឋផលមកដល់ពេលនេះសម្រេចបាន ៨៥%ហើយ និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ដោយកាលពីរាត្រី ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទី យប់ ដល់ម៉ោង ៦និង០០ព្រឹក ក្រុមការងារបានស្ទូចតម្លើងគ្រោងដែកតួស្ពានរួចរាល់។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋានបានបិទចរាចរណ៍ឆ្លងកាត់ក្នុងរយៈពេលខាងលើ និងសូមអោយបងប្អូនប្រជាពលរដ្ឋ ពង្វាងចរាចរណ៍នៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក។
គួរំលឹកផងដែរកាលពីរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ រាជធានី ភ្នំពេញ បានសរសេរលើ ទំព័រ ហ្វេស ប៊ុក ផ្លូវការ ថា ៖ «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ»។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ធ្នូកន្លងមកនេះបានរៀបចំពិធីក្រុងពាលីទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ដែល ពិធី កាលណោះបានធ្វើឡើងក្រោមវត្តមានលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់។
គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិចជាប់នឹងផ្សារដើមគរ ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំនុចផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែនិងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ និងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញរូចរាល់រាជធានីភ្នំពេញ និងមានស្ពានអាកាសថ្មើរជើងចំនួន៥ទីតាំង ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕