រដ្ឋមន្ត្រីទេសចរណ៍ជួបពិភាក្សាការងារជាមួយប្រធានគណៈមេធាវីកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងប្រតិភូក្រសួង បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃគណៈមេធាវិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវី ក្នុងគោលបំណងដើម្បីធានានូវសង្គតិភាព និងសុខដុមនីយកម្មនៃវិធានច្បាប់ ធានានូវនិត្យានុកូលភាព និងការដោះស្រាយសម្របសម្រួលវិវាទទេសចរណ៍ ការពង្រឹង និងបង្កើនល្បឿនអភិបាលកិច្ចល្អ ក្នុងទិសដៅចូលរួមចំណែកពង្រឹងនីតិរដ្ឋ និងលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ និងជំរុញការអនុវត្តច្បាប់។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីស្ថានភាពភាពទេសចរណ៍សកលលោក តំបន់ និងទេសចរណ៍កម្ពុជា ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺ Covid-19 ដែលទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា (ដោយគ្មានការរើសអើងចំពោះជនជាតិចិន) ដើម្បីទប់ទល់នឹងវិបត្តិ និងចាត់វិធានការបន្ទាន់នានាដើម្បីជំរុញសកម្មភាពទេសចរណ៍ និងស្រោចស្រង់ឧស្សាហកម្មទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការខិតខំរបស់ក្រសួងក្នុងការពង្រឹងការគ្រប់គ្រង និងអនុវត្តន៍ច្បាប់ស្តីពីទេសចរណ៍ ដែលក្នុងនោះក៏សង្កេតឃើញមានបុគ្គលមួយចំនួនបានប្រព្រឹត្តសកម្មភាពល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ដូចជា ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយដល់ទេសចរ និងការផ្សព្វផ្សាយព័តមាន រូបភាព និងខ្លឹមសារអវិជ្ជមានពីទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលខុសការពិត និងជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិ និងគោលនយោបាយទេសចរណ៍ជាតិក្នុងការទាក់ទាញទេសចរមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យគណៈមេធាវិកម្ពុជា ជួយដល់ក្រសួងលើការងារសំខាន់មួយចំនួន ដូចជា
ទី១.ជួយប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ក្រសួងទេសចរណ៍ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទទេសចរណ៍ ទី២.ជួយរៀបចំបង្កើតច្បាប់ស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ ទី៣.ជួយសិក្សាភាពចន្លោះប្រហោងនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍។

ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈមេធាវី បានឯកភាពទទួលយកនូវសំណើដែលបានលើកឡើងដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយនឹងបន្តកិច្ចសហការល្អជាមួយក្រសួងដើម្បីពង្រឹងការគ្រប់គ្រងវិស័យទេសចរណ៍ និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner