និស្សិត សិក្ខាកាម នគរបាលជាតិកម្ពុជា១៤រូបដែលបានសិក្សារៀនសូត្រជំនាញតម្រួតស្រាវជ្រាវរយៈពេល៥ឆ្នាំនៅមហាវិទ្យាល័យតម្រួតប្រជាជនវៀតណាមបានមកបំពេញទស្សនៈកិច្ចសិក្សាអនុវត្តន៍ការងារជាក់ស្តែងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ
ភ្នំពេញ ៖ និស្សិតសិក្ខាកាមនគរបាលជាតិកម្ពុជា១៤រូប ដែលគ្រោងបញ្ចប់វគ្គសិក្សារៀនសូត្ររយៈពេល៥ឆ្នាំជំនាញតម្រួតស្រាវជ្រាវនៅក្នុងមហាវិទ្យាល័យតម្រួតប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមកបំពេញទស្សនៈកិច្ចសិក្សាស្រាវជ្រាវអនុវត្តន៍ការងារជាក់ស្តែងដើម្បីដកស្រង់បទពិសោធន៍ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ទស្សនៈកិច្ចសិក្សារបស់សិក្ខាកាមនិស្សិតនគរបាលជាតិកម្ពុជានៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤មានរយៈពេល៣ខែ។នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំពិធីទទួលនិស្សិតនគរបាលជាតិកម្ពុជាទាំងនោះ និងបែងចែកទៅតាមអធិការដ្ឋាននគរបាលខណ្ឌនីមួយៗដើម្បីចុះអនុវត្តការងារ។ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងវត្តមានលោកឧត្តមសេនីយ៍ត្រី ហ៊ាន លី នាយការិយាល័យ បណ្តុះបណ្តាល នៃនាយកដ្ឋានបុគ្គលិក។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងនិងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិតសិក្ខាកាមនគរបាលជាតិកម្ពុជានៅប្រទេសវៀតណាមរយៈពេល៥ឆ្នាំសម្រេចបានលទ្ធផលល្អ។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានណែនាំឱ្យនិស្សិតសិក្ខាកាមទាំង១៤រូបមកបំពេញទស្សនៈ កិច្ចសិក្សាការងារជាក់ស្តែងនៅតាមអង្គភាពអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់បំពេគភារកិច្ច អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួ គោរពច្បាប់ និងវិន័យនគរបាលជាតិ ។ ជាងនេះថែមទៀតត្រូវមានទំនងនិងសិលធម៌ល្អនៅពេលចុះអនុវត្តន៍ការងារ។ ពីព្រោះក្រោយបញ្ចប់ទស្សនៈកិច្ចសិក្សា និងត្រូវវាយតម្លៃ ដើម្បីរាយការណ៍ទៅថ្នាក់លើពិនិត្យសម្រេច។
លោកឧត្តមសេនីយ៍ស្នងការរងក៏លើកទៀតថា ដើម្បីជាការឆ្លើយតបនៃការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិក្ខាកាមនគរបាលជាតិនិយាយដោយឡែកមន្រ្តីនគរបាលសិក្សាកាមបំរើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលទៅរៀនសូត្រចាប់ពីរយៈពេល១ឆ្នាំឡើងដៅ ដោយមានការលើកទឹកចិត្ត ជាគោលការណ៍របស់ថ្នាក់លើត្រូវពិនិត្យ និងតំឡើងឋានន្តរសក្តិ និងការតែងតាំងប្រអប់តួនាទីការងារផងដែរ៕សំ វិច្ឆិកា