ថវិការាជរដ្ឋាភិបាល ៣៣៤លានរៀល ត្រូវបានប្រគល់ជូនជ័យលាភីកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែល ដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅអារ៉ាប់រួម

អត្ថបទដោយ៖
Kien Sereyvuth

ថវិការាជរដ្ឋាភិបាល ៣៣៤លានរៀល ត្រូវបានប្រគល់ជូនជ័យលាភីកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលឈ្នះមេដាយ ពីព្រឹត្តិការណ៍ Special Olympics World Games ABU DHABI 2019 នៅអារ៉ាប់រួម នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ក្រោមអធិបតីភាព ឯ ឧ សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយ ១០គ្រឿង មាស៣ ប្រាក់៣ និងសំរិទ្ធ៤គ្រឿង ។

តាមការបញ្ជាក់ពីលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ផ្តល់ជូនអត្តពលិក៧នាក់ ក្នុងនោះមេដាយមាស៣គ្រឿង ៩០លានរៀល មេដាយប្រាក់៣ ៦០លានរៀល និងមេដាយសំរិទ្ធ៦៤លានរៀល   គ្រូបង្វឹក២នាក់ ក្នុងម្នាក់៣០លានរៀល និងគ្រូជំនួយ២នាក់  ក្នុងម្នាក់ ២១លានរៀល រួមទាំងអ្នកដឹកនាំម្នាក់ និងអ្នកថែទាំម្នាក់ ក៏ទទួលបានប្រាក់រង្វាន់ពិសេសនេះដែរ ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន  ៣៣៤  លានរៀល ។

ថ្លែងក្នុងឱកាសនោះ ឯ ឧ សែម សុខា បានណែនាំឲ្យកីឡាំករកីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្ដើមមេដាយពីការប្រកួតអន្ដរជាតិមកជូនជាតិ ។ ជាមួយនេះ ឯ ឧ  បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមរួមគ្នាយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យអត្តពលិកខ្សោយសតិបញ្ញា បានហ្វឹកហាត់ ត្រួតពិនិត្យសុខភាព និងចូលរួមការប្រកួតនានា ពិសេសក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកនៅជិតបំផុតរបស់កីឡាករកីឡាការិនីខ្សោយសតិបញ្ញា ដែលជាកត្តាសំខាន់ ក្នុងការបំផុសជម្រុញលើកទឹកចិត្តដល់ពួកគាត់ដើម្បីចូលរួមប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិក ប្រតិភូ គ្រូបង្វឹក និងគ្រូជំនួយ ចំនួន១៥នាក់ ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិក ពិភពលោក លើកទី១៥  នៅទីក្រុង Abu Dhabi ដែលការប្រកួតនេះ បានធ្វើឡើងពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner