អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីរាប់បាតព្រះសង្ឃចំនួន១២៥ ដើម្បីរំលឹកខួបរយៈពេល២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីរាប់បាតព្រះសង្ឃចំនួន១២៥ ដើម្បីរំលឹកខួបរយៈពេល២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ដោយមានវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយក ឯកឧត្តមក្រុមប្រឹក្សាខេត្ត អស់លោកតំណាងរដ្ឋបាលសាលាខេត្តសៀមរាប ពុទ្ធសាសនិកជន និងសហការីអាជ្ញាធរជាតិអប្សរា បាននិមន្តព្រះសង្ឃ១២៥អង្គចម្រើនព្រះបរិត្តិ និងរាប់បាត្រសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាងលិចប្រាសាទ អង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៥កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។
នាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ ក្នុងគោលបំណងដើម្បីរំលឹកដល់ដែលមានរយ:ពេល២៥ឆ្នាំកន្លងមកហើយ អាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធសាសនិកជន ភ្ញៀវជាតិ អន្តរជាតិ ដើម្បីចាប់មគ្គផលប្រកបទៅដោយសទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ។
ក្នុងរយ:ពេល២៥ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមមានការងារអភិរក្សជួសជុលនូវប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥ ដែលនៅជុំវិញតំបន់ នៃរមណីយដ្ឋានអង្គរ ទាំងអស់នេះ បាននិងកំពុងចូលរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ ហើយក៏ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ បានទទួលផលរីកចម្រើនគួរឱ្យកត់សម្គាល់ សមិទ្ឋផលទាំងអស់ត្រូវបានដាក់តាំងបង្ហាញតាមរយៈរូបថត និងសកម្មភាពតំណាងដោយមន្ត្រីអាជ្ញាធរអប្សរា ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០ ជូនដល់សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិទស្សនាដោយសេរីនៅខាងមុខប្រាសាទអង្គរវត្តនិងទី២នៅលានជល់ដំរី នៅក្នុងបរិវេណប្រាសាទបាយ័នផងដែរ៕ ដោយ ស៊ាន សុផាត