សម្ដេចតេជោ ហ៊ុន សែន ថា វីរុសបំប្លែងថ្មី ដែលតា មិនទាន់មានការឆ្លងចូលសហគមន៍ទេ គឺមាន ដោយ តំបន់ ដោយដុំៗ ដូច្នេះការដាក់បម្រាមគោចរ បិទខ្ទប់នៅនឹងកន្លែង គឺដើម្បីការពារការឆ្លង ការពារការស្លាប់របស់ប្រជាជនយើង
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបណ្ដាខេត្តនៅ តាមព្រំដែន ដែលមានបងប្អូនពលករមកពីថៃ ត្រូវពិនិត្យការផ្គត់ផ្គង់ស្បៀង ដើម្បីឱ្យបងប្អូននៅទីនោះ, អាចឲ្យខាងថៃ សហការ ដើម្បីឲ្យបងប្អូនយើងបានសម្រាក ដោយយើងរុញអង្ករ មី ទឹកសុទ្ធពីកម្ពុជាយើង ទុកឲ្យគាត់នៅខាងថៃ ហើយ យើងនឹងទទួលយកពួកគាត់ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រាន់តែបងប្អូននៅថៃ ម្សិលមិញ នៅកន្លែងច្រកអូរបីជាន់ មានអ្នកមក ១២៧នាក់ ឆ្លង ជាង ៤០នាក់ អញ្ចឹងបើយើងគ្រប់គ្រងមិនបានទេ គ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស សុទ្ធតែបំប្លែងថ្មី ដែលតា ដែលនឹងឆក់យកជីវិតប្រជាពលរដ្ឋបន្ថែមទៀត ឥឡូវនេះ មានដោយតំបន់ ដោយដុំៗ មិនទាន់រាយប៉ាយទូទាំងប្រទេស ទេ។ អញ្ចឹងបានជាយើងខំកាត់ផ្ដាច់ ហើយដាក់បម្រាមគោចរ បិទខ្ទប់នៅនឹងកន្លែង នៅខេត្តមួយចំនួន ក្នុងគោលដៅ ដើម្បីការពារការឆ្លង ដើម្បីការពារការស្លាប់របស់ប្រជាជន យើង ដែលជាសិទ្ធិធំជាងគេ ក្នុងចំណោមសិទ្ធទាំងអស់ គឺ សិទ្ធិរស់រានមានជីវិត ៕