សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចជ្រើសរើសយកវ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា សម្ដេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន, ជប៉ុន, អាមេរិក, អង់គ្លេស, ឥណ្ឌា, អូស្ត្រាលី ទោះបីជាជំនួយ ដែលប្រកាសផ្ដល់វ៉ាក់សាំងដល់កម្ពុជា មិនបានមកដល់ក្ដី ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច រួចហើយ នឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ដូសទី៣ ហើយសម្រាប់អ្នកធ្លាប់បាន ចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ទាំង ២ដូសរួចហើយ ត្រូវយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ ដើម្បី ជម្រុញ។ សម្តេចតេជោ បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងសម្រាប់ដូសទី៣ នឹងបញ្ចូលជាបន្ទាន់ ដើម្បីអនុវត្ត នៅខ្សែ ត្រៀមជួរមុខ ពិសេស នៅតាមព្រំដែន កម្ពុជា-ថៃ ។ ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ២ដូស កន្លងមក គឺត្រូវយកវ៉ាក់សាំងផ្សេងមកចាក់ដូសទី៣ ៕