រាជរដ្ឋាភិបាលសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ជូនប្រជាពលរដ្ឋដែលបានចាក់បាន២ដូសរួចមកហើយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានលើកឡើងថាសម្តេចបានសម្រេច អនុញ្ញាតឲ្យចាក់វ៉ាក់សាំងដូសទី២ ឬដូសជំរុញ ហើយប្រើវ៉ាក់សាំង AstraZeneca ដោយផ្តល់អាទិភាពមុនគេលើអ្នកជួរមុខ មានប្រមាណពី ៥០ម៉ឺននាក់ ទៅ ១លាននាក់។
នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងក្នុងឪកាសបើកការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញ សម្តេច ទើបតែបានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ហើយត្រូវផ្តល់អាទិភាពលើអ្នកខេត្តនៅព្រំដែន ខ្សែត្រៀមជួរមុខ។ ក្នុងនោះ សម្តេច ក៏បានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី៣ លើអ្នក ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ជាប្រភេទវ៉ាក់សាំង Sinovac និងSinopharm។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដូសជំរុញ ឬដូសទី៣នេះ ត្រូវបញ្ជូនជាបន្ទាន់ទៅខ្សែត្រៀមជួរមុខ។ ក្នុងនោះ វ៉ាក់សាំង AstraZeneca ជាជំនួយរបស់ជប៉ុន ត្រូវបានបញ្ជូនទៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរីរួចហើយ។ ដោយឡែក នៅថ្ងៃទី៤ ខែសីហា វ៉ាក់សាំងអង់គ្លេស AstraZeneca នឹងមកដល់ ហើយដោយសារដឺឡេតិច ដូច្នេះយើងត្រូវចាក់ឲ្យស្រូត ដើម្បីត្រៀមចាក់ ជាដូសទី៣។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរផងដែរ ចំពោះអ្នកចាក់វ៉ាក់សាំង AstraZeneca នឹងត្រូវសិក្សា ថាតើត្រូវចាក់វ៉ាក់សាំងអ្វី នៅដូសទី៣។ ពោលគឺវ៉ាក់សាំងដូសទី៣ ត្រូវខុសពីវ៉ាក់សាំងដូសទី១ និងដូសទី២៕