សម្តេចតេជោនាយករដ្ឋម្រ្តី នឹងទៅទទួលវ៉ាក់សាំងជំនួយរបស់ចក្រភពអង់គ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចថា នឹងទៅទទួលវ៉ាក់សាំង របស់ចក្រភពអង់គ្លេសផ្តល់ជូនពលរដ្ឋកម្ពុជា នាថ្ងៃទី៤ សីហា ឆ្នាំ២០២១ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអញ្ជើញដោយផ្ទាល់ទៅទទួលវ៉ាក់សាំង ចិន ជប៉ុន និង អង់គ្លេស ដោយសារវ៉ាក់សាំងទាំងនោះជាជំនួយទ្វេរភាគី។
សម្តេចតជោ ហ៊ុន សែន បញ្ជាក់ថាសម្តេចមិនមានការរើសអើងទេ។ ប្រសិនបើជាវ៉ាក់សាំងមកតាមទ្វេរភាគីសម្តេចចេញទទួល។ បើមកតាមយន្តការកូវ៉ាក់ រដ្ឋមន្រ្តីក្រសួងសុខាភិបាលទៅទទួល។ នេះ គឺជាការដឹកនាំដោយមានភាពច្បាស់លាស់ ទាំងការគិត និង ការអនុវត្ត»៕
សូមរម្លឹកថា តាមគម្រោង នៅពាក់កណ្តាលខែសីហាខាងមុខនេះ កម្ពុជាយើង នឹងទទួលបានវ៉ាក់សាំង សរុប ២៦លានដូស។ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ៧ ៣០៤ ៧៥៦នាក់ ស្មើនឹង ៧៣.០៥% នៃប្រជាជនអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ១០លាននាក់។
ប្រទេសកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ។ យុទ្ធនាការនេះ ចាប់ផ្តើមមុនគេ នៅភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងនៅខេត្តកោះកុង។ កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅទូទាំងប្រទេស មានប្រមាណ ២លាននាក់៕