សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន អនុញ្ញាតឲ្យឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ
ក្នុងជំនួបនៅរសៀលថ្ងៃនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ផាទ្រីក មើហ្វី (W. Patrick Murphy)ជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម បានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងដល់ខេត្តព្រះសីហនុ ព្រលានយន្តហោះនិងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការចូលចតកប៉ាល់ដែលមានភាគច្រើនជាជនជាតិអាមេរិច នៅក្នុងនោះ។
ឯកឧត្តម បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ, ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតប យ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យកប៉ាល់westerdamបានចូលចតនៅក្រុងព្រះសីហនុ ។ ឯកឧត្តម បានមានប្រសាសន៍ថា នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេនោះ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ជាមិនខាន ។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា នេះជាកាយវិការមនុស្សធម៌ ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្ស កំពុងតែត្រូវការចាំបាច់ ហើយឯកឧត្តមក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះឯកឧត្តមក៏បានធ្វើការសហការជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងអាជ្ញាធរដែនដី ដោយមានកិច្ចសហប្រតិបត្តិការល្អ ហើយអ្វីដែលជាកត្តាសំខាន់នោះគឺនៅពេលនេះយើងមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ហើយឯកឧត្តម បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ របស់ឯកឧត្តមផាទ្រិក ហើយសម្ដេច មានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ហើយជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមបុស្សធម៌ ព្រោះថាប្រសិនណា បើនាវាwesterdamនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុទេ មិនដឹងថាកប៉ាល់នេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើកប៉ាល់នោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។ សម្ដេចបានបញ្ជាក់ផងដែរថាកាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបី កប៉ាល់មានអ្នកជំងឺ ក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចតកាន់តែលឿនបំផុតទៀតព្រោះថាដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺនៅលើនាវា ហើយក៏ដូចជាជួយសង្គ្រោះប្រជាជន ដែលនៅក្នុងកប៉ាល់នោះមិនឲ្យឆ្លង ពីអ្នកជំងឺដែលមានមេរោគកូរ៉ូណានេះ។ សម្តេចបានបន្តថា សម្ដេចបានចុះទៅដល់ក្រុងព្រះសីហនុ បានទៅកន្លែងកប៉ាល់ចូលចត សម្ដេចពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីកប៉ាល់ ដោយទឹកមុខរីករាយ ហើយខ្លះទៀត បាន ឱនលុតជង្គង់ថើបដី ដែលនោះគឺជាកាយវិកាមួយដែលធ្វើឱ្យសម្ដេចមានភាពតក់ស្លុតបំផុត ហើយអ្វីដែលជាកត្តាសំខាន់ពីរនោះទៀតនោះ សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះអ្នកដំណើរតាមកប៉ាល់ភាគច្រើនបានចេញពីកម្ពុជាទៅហើយ ហើយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី សុខាភិបាលម៉ាឡេស៊ី បញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានទេ ហើយអ្នកដំណើរដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ ក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕