ប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើងព្រមានទីក្រុងសេអ៊ូលអំពីធ្វើសមយុទ្ធយោធាជាមួយអាមេរិក

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ KCNA របស់​កូរ៉ខាងជើង ​បាន​រាយការណ៍​ថា​លោកស្រី ​គីម​ យ៉ូជុង ​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​ បាន​និយាយ​កាលពី​ ថ្ងៃ​អាទិត្យ​ថា​ ប្រសិន​បើ​កូរ៉េ​ខាងត្បូង​អនុវត្ត​សមយុទ្ធ​យោធា​រួមគ្នា​ ជាមួយ​សហរដ្ឋអាមេរិក​នោះ​ពួកគេ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​សម្រេច​ចិត្ត​ របស់​កូរ៉េ​ទាំងពីរ​ក្នុង​ការ​កសាង​ទំនាក់ទំនង​​ឡើង​វិញ។

លោកស្រី​ គីម​ យ៉ូជុង​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ការ​សម្រេច​ចិត្ត​ដើម្បី​ស្តារ​ខ្សែ​ទូរស័ព្ទ​រវាង​កូរ៉េ​ទាំងពីរ​នា​ពេល​ថ្មីៗ​នេះ​មិនគួរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​អ្វី​លើស​ពី​ការ​ភ្ជាប់​ទំនាក់​ទំនង​«ខាង​ផ្លូវ​កាយ» ឡើង​វិញ​នោះ​ទេ​។

ការ​អត្ថាធិប្បាយ​របស់​លោកស្រី​បាន​កើត​ឡើង​ នៅ​ពេល​ដែល​ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​កំពុង​ពិភាក្សា​គ្នា​ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​។ គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេអ៊ូល ​គ្រោង​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ នៅ​ចុង​ខែ​សីហា​ខាង​មុខ​នេះ​។

លោកស្រី​គីម​ យ៉ូជុង​បាន​និយាយ​បន្ត​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «រដ្ឋាភិបាល​និង​យោធា​ របស់​យើង​នឹង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ថា​តើ​កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​ធ្វើ​សមយុទ្ធ​សង្គ្រាម​ឈ្លានពាន​ឬ​នឹង​ធ្វើការ​សម្រេចចិត្ត​ដែល​ត្រឹមត្រូវ​មួយ»។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner