ភ្លើងឆេះព្រៃនៅទ្វីបអឺរ៉ុបភាគខាងត្បូងបង្ករអោយមានការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់

ភ្លើង​ឆេះ​ព្រៃ​បាន​ឆាប​ឆេះ​តំបន់​ជា​ច្រើន​នៅ​ទូ​ទាំ​ងទ្វីប​អឺរ៉ុប​ភាគ​ខាង​ត្បូង​ដែល​បង្ក​ឡើង​ដោយ​អាកាសធាតុ​ក្តៅ​ និង​ខ្យល់​បក់​ខ្លាំង​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​ទ្វីប​​អ៊ឺរ៉ុប​កំពុង​បោស​សំអាត​តំបន់​ដែល​មាន​មនុស្ស​​រស់​នៅ​បន្ទាប់​ពី​មានភ្លៀងធ្លាក់ និង​ទឹក​ជំនន់​កាល​ពី​សប្តាហ៍​កន្លងទៅ​នេះ​​។

នាយករដ្ឋមន្រ្តី​ប្រទេស​ក្រិក​ លោក​ Kyriakos​ Mitsotakis​ បាន​និយាយ​ថា​កាល​ពី​ខែ​កក្កដា​ថា​ អ្នក​ពន្លត់​អគ្គីភ័យ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​ប្រហែល​ ៥០​ ដង​ក្នុង​រយៈ​ពេល​ ២៤​ ម៉ោង​ចុង​ក្រោយ​នេះ​ ហើយ​មាន​ការ​ព្យាករណ៍​បន្ថែម​ថា​ អាច​នឹង​មាន​រលក​កំដៅ​បន្ថែម​ទៀត​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Reuters​ លោក​​ Mitsotakis​ បាននិយាយ​ថា​៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា​ខែ​សីហា​នៅ​តែ​ជា​ខែ​លំបាក​ ។ ​យើង​ទាំង​អស់​គ្នា​ត្រូវ​មាន​ការ​ប្រុង​ប្រយត្ន័​ខ្ពស់​រហូត​ដល់​​ការ​ពន្លត់​អគ្គីភ័យ​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ»​។

ស្ថាន​ភាព​នៅ​អឺរ៉ុប​ភាគ​ខាង​ត្បូង​គឺ​ផ្ទុយ​ស្រឡះ​ពី​ព្យុះ​ភ្លៀង​ដែល​បាន​បក់​បោក​នៅ​បណ្តា​ប្រទេស​នៅ​ភាគ​ខាង​ជើង​អ៊ឺរ៉ុប​ពី​ប្រទេស​អូទ្រីស​រហូត​ដល់​អង់គ្លេស​ បន្ទាប់​ពី​មាន​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​ជិត​ខាង​កាល​ពី​សប្តាហ៍​មុន​។

នៅ​លើ​កោះ​ Sardinia​ ប្រទេស​អ៊ីតាលី​យន្ត​ហោះ​សម្រាប់​ពន្លត់​អគ្គីភ័យ​មក​ពី​ប្រទេស​បារាំង​ និង​ក្រិក​បាន​ប្រើ​យន្តហោះ​សម្រាប់​ពន្លត់​អគ្គិភ័យ​ក្នុង​ស្រុក​របស់​ខ្លួន​មក​ជួយ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​កោះ​នោះ​ដែល​មាន​ព្រៃ​ឈើ​ជាង​ ៤​ ពាន់​ហិកតា​ត្រូវ​បាន​ដុត​បំផ្លាញ​ ហើយ​មនុស្ស​ជាង​ ៣៥០​ នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​នោះ​។

អាជ្ញាធរ​នៅ​ទ្វីប​អឺរ៉ុប​ខាង​ត្បូង​បាន​ព្រមាន​ពី​​រលក​កម្តៅ​ដែល​អាច​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដែល​បំផ្លិច​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​តំបន់​នេះ​ ទោះ​បី​ជា​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​គ្រប់​គ្រង​អគ្គិភ័យ​នៅ​តំបន់​មួយ​ចំនួន​រួម​ទាំង​នៅ​ប្រទេស​អេស្ប៉ាញ​ ក្រិក​ និង​អ៊ីតាលី។

ចំពោះ​ប្រទេស​ទួរគី​កំពុង​ទទួល​រង​នូវ​អគ្គីភ័យ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ដោយ​មាន​ផ្ទៃ​ដី​ជិត​ ៩៥ ពាន់​ហិកតា​ត្រូវ​បាន​ដុត​បំផ្លាញ​។ ទូរទស្សន៍ CNN បានរាយការណ៍តំបន់​ទេសចរណ៍​ Bodrum​ ត្រូវ​បាន​គេ​ជម្លៀស​ប្រជាជន​ចេញ​​ខណៈ​ដែល​មាន​ខ្យល់​បក់​ខ្លាំង​បណ្តាល​​ឱ្យ​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​ចេ​ញ​ពី​ស្រុក​ Milas ​ក្បែរ​នោះ​។

តាម​តួ​លេខ​របស់​សហភាព​អឺរ៉ុប​ប្រទេស​ទួរគី​បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ចំនួន​ ១៣៣​ កន្លែង​នៅ​ឆ្នាំ​ ២០២១នេះ​​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner