មីយ៉ាន់ម៉ា ៦ ខែក្រោយរដ្ឋប្រហារ៖ រដ្ឋាភិបាលយោធាចូលអង្គុយប្រជុំអាស៊ាន ខណៈរដ្ឋាភិបាលស្រមោលមិនបានទទួលស្គាល់លើឆាកអន្តរជាតិ

អស់​រយៈ​ពេល​ពេល​ ៦ ខែ​មក​ហើយ​ដែល​កង​យោធា​មីយ៉ាន់ម៉ា​បាន​ចូល​កាន់កាប់​អំណាច​ បន្ទាប់​ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD) កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ យោធា​ជា​រឿយៗ​បាន​លើកឡើង​ថា រដ្ឋប្រហារ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​រក​ឃើញ​ថា ការ​បោះឆ្នោត​ឆ្នាំ២០២០ ដែល​ NLD ឈ្នះ​ក្នុង​សំឡេង​ច្រើន​លើសលប់ មាន​ភាព​មិន​ប្រក្រតី​ ជាពិសេស​ផ្នែក​បញ្ជី​ឈ្មោះ​បោះឆ្នោត។

ក្រោយ​រដ្ឋប្រហារ​បាន​ប៉ុន្មាន​ខែ ក្រុម​តំណាងរាស្ត្រ​បក្ស​ NLD និង​តំណាងរាស្ត្រ​ស៊ីវិល​ផ្សេង​ទៀត​បាន​នាំ​គ្នា បង្កើត​គណៈកម្មការ​តំណាង​សភា (CRPH) ក្រោយ​មក​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា NUG ហើយ​ព្រម​ទាំង​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​ផ្ទាល់​ខ្លួន​ទៀត​ផង ដែល​មាន​ឈ្មោះ​ថា កងទ័ព​ការពារ​ប្រជាជន (PDF)។

NUG មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ទេ នៅ​មីយ៉ាន់ម៉ា ខណៈ​សមាជិក​ខ្លះ​បាន​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស ខណៈ​ខ្លះ​ទៀត​កំពុង​តែ​ជាប់​នៅ​ក្នុង​ស្រុក។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Sasa អ្នក​នាំពាក្យ​នៃ​រដ្ឋាភិបាល​ស្រមោល​នេះ។

ស្ថានភាព​នយោបាយ​ក្នុង​ស្រុក​របស់​មីយ៉ាន់ម៉ា​ពោរពេញ ភាព​ចលាចល​ និង​អស្ថិរភាព​ ចំណែក​ឯ​ដំណោះស្រាយ​ផ្នែក​នយោបាយ​ហាក់​ដូចជា​ស្ងាត់​សូន្យ​ឆឹង ខណៈ​ថ្មីៗ​នេះ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ ជាពិសេស​វីរុស​បម្លែង​ខ្លួន​ថ្មី ដែលតា បាន​បន្ថែម​ជា​បញ្ហា ទៅ​លើ​បញ្ហា​ច្រើន​ជំពូក ដែល​កើត​មាន​នៅ​មីយ៉ាន់ម៉ា។

យ៉ាងណាមិញ នៅ​លើ​ឆាក​អន្តរជាតិ​ របប​យោធា​បន្តិច​ម្ដងៗ​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​អាស៊ាន​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ក្នុង​នាម​ជា​រដ្ឋាភិបាល​មួយ​តំណាង​ប្រទេស​មីយ៉ាន់ម៉ា។

ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ មីន អ៊ុងហ្លាំង​បាន​ប្រកាស​ធ្វើ​ការ​កំណែទម្រង់​ផ្ទៃ​ក្នុង​របស់​ប្រព័ន្ធ​គ្រប់គ្រង​របស់​យោធា ដោយ​ផ្លាស់​ប្ដូរ​ឈ្មោះ​ពី​ ក្រុម​ប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) ទៅ​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ ខណៈ​លោក​មាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​រដ្ឋាភិបាល​ថ្មី​នេះ។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បង្ហាញ​ជំហរ​ថា រដ្ឋាភិបាល​ថ្មី​នេះ​នឹង​សហការ​ជាមួយ​ប្រេសិត​ពិសេស​រូប​ណា​ក៏​ដោយ ដែល​តែងតាំង​ដោយ​អាស៊ាន ដើម្បី​សម្របសម្រួល​ក្នុង​ការ​នាំ​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រក្រតី​ភាព​ឡើង​វិញ។

ជាមួយ​នឹង​សកម្មភាព​បែប​នេះ NUG អស់​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​​អាស៊ាន​ហើយ ខណៈ​រដ្ឋាភិបាល​ស្រមោល​នេះ​បាន​ទាក់ទង​អាស៊ាន​ជា​ច្រើន​ដង តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Moe Zaw Oo អនុ​រដ្ឋមន្ត្រី​ការបរទេស​របស់​រដ្ឋាភិបាល NUG កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

គេ​សង្កេត​ឃើញ​ថា​មន្ត្រី​របស់​រដ្ឋាភិបាល​ស្រមោល​មួយ​នេះ បាន​ចូល​ជួប​ញឹកញាប់​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នឹង​អង្គ​ទូត​នានា​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​លោក​ខាង​លិច។ យ៉ាងណាក៏ដោយ រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ប្រទេស​ណា​មួយ ប្រកាស​ជា​ផ្លូវការ​ថា ទទួល​ស្គាល់​រដ្ឋាភិបាល​ NUG ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​មីយ៉ាន់ម៉ា​នោះ​ទេ។

រីឯ​របប​យោធា​វិញ កន្លង​មក​ប្រទេស​លោក​ខាង​លិច​បាន​ធ្វើ​ការ​ថ្កោល​ទោស​ពេញ​ទំហឹង ហើយ​ខ្លះ​ទៀត​ក៏​បាន​ក៏​បាន​ដាក់​ទណ្ឌកម្ម​ផង​ដែរ។ ខុស​ប្លែក​ពី NUG រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​យោធា​មីយ៉ាន់ម៉ា​ បាន​រក្សា​បាន​នូវ​ទំនាក់ទំនង​ជា​ដុំ​កំភួន​មួយ​ជាមួយ​ប្រទេស​ចិន និង​រុស្ស៊ី។

កាល​ពី​ដើម​ខែ​មិថុនា ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​មីយ៉ាន់ម៉ា​លោក Chen Hai បាន​ចូល​ជួប​ជាមួយ​លោក មីន អ៊ុងហ្លាំង​ ហើយ​ហៅ​បុរស​រូប​នេះ​ថា​ជា «មេដឹកនាំ​នៃ​មីយ៉ាន់ម៉ា» នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ក្រោយ​ពី​កិច្ច​ប្រជុំ​បាន​បញ្ចប់។ ចាប់​តាំង​ពី​ពេល​នោះ​មក ចិន​បាន​បន្ត​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ជា​ហូរហែ​ទៅ​កាន់​មីយ៉ាន់ម៉ា​។

ចំពោះ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​វិញ រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​បាន​អញ្ជើញ​លោក មីន អ៊ុង​ហ្លាំង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ខ្លួន កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ហើយ​បាន​ប្ដេជ្ញា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​បន្ត​ទៅ​ទៀត។

នៅ​អង្គការ​សហប្រជាជាតិ​​វិញ ស្ថានភាព​មិន​រលូន​ទាំង​ស្រុង​ទេ សម្រាប់​​ភាគី​យោធា និង​ភាគី​ស៊ីវិល ព្រោះ​ថា​ភាគី​ទាំង​ពីរ​មិន​ទាន់​មាន​តំណាង​ការទូត​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ក្នុង​ស្ថាប័ន​កំពូល​ពិភពលោក​ ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា ដែល​កំពុង​អង្គុយ​នៅ​លើ​អាសនៈ​តំណាង​មីយ៉ាន់ម៉ា​គឺ លោក Kyaw Moe Tun ដែល​លោក​បាន​បង្ហាញ​ពី​ភក្ដីភាព​ចំពោះ​រដ្ឋាភិបាល​លោកស្រី អ៊ុងសាន ស៊ូជី ហើយ​បាន​ធ្វើ​ការ​ថ្កោល​ទោស​ក្រុម​យោធា​ទៀត​ផង​។

​រដ្ឋាភិបាល​យោធា​ តាម​រយៈ​រដ្ឋមន្ត្រី​ការបរទេស​លោក Wunna Muang Lwin បាន​សរសេរ​លិខិត​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ Antonio Guterres កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ថា លោក Kyaw Moe Tun ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ហើយ​ជំនួស​វិញ​ដោយ​លោក Aung Thurein ដែល​មាន​ប្រវត្តិ​ជា​មន្ត្រី​យោធា​ជិត ៣០ឆ្នាំ។ យ៉ាងណាមិញ លោក Kyaw Moe Tun មក​ទល់​ពេល​នេះ​នៅ​តែ​បន្ត​អង្គុយ​នៅ​អាសនៈ​អង្គការ​សហប្រជាជាតិ​ដដែល។

បុរស​រូប​​នេះ​ក៏​បាន​ធ្វើ​ការ​បោះឆ្នោត​ «យល់ព្រម» លើ​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា កាល​ពី​ខែ​មិថុនា។ សេចក្ដី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​រួចរាល់​ហើយ ដោយ​ខ្លឹមសារ​នៃ​ឯកសារ​នេះ​រួម​មាន​ការ​ថ្កោល​ទោស​ពី​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា ហើយ​ជាពិសេស​ទៅ​ទៀត​នោះ​គឺ ​អំពាវនាវ​ឱ្យ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​ហូរ​ចូល​នូវ​អាវុធ​ទៅ​កាន់​ប្រទេស​មួយ​នេះ។

យ៉ាងណាក៏ដោយ​ ជោគវាសនា​ជា​ឯកអគ្គរដ្ឋទូត​ UN របស់​លោក Kyaw Moe Tun នឹង​ត្រូវ​សម្រេច​ដោយ​គណៈកម្មការ​ទទួល​សារតាំង​របស់​អង្គការ​សហប្រជាជាតិ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​ខាង​មុខ​នេះ។

ពាក់ព័ន្ធ​នឹង​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ អតីត​ឯកអគ្គរាជទូត​ប្រទេស​ហុល្លង់​ប្រចាំ​នៅ​មីយ៉ាន់ម៉ា​លោកស្រី Laetitia van den Assum បាន​លើកឡើង​ថា មាន​តែ​ចិន​ទេ ដែល​ប្រកាស​ជា​សាធារណៈ​ថា ទទួល​ស្គាល់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ខណៈ​ប្រទេស​អាស៊ី​ជា​ច្រើន​នៅ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​នៅ​ឡើយ​ថា​ទទួល​ស្គាល់​ភាគី​ណា​មួយ។​

ទាក់ទិន​នឹង​រឿង​នេះ​ដែរ សាស្ត្រាចារ្យ និង​ជា​នាយក​នៃ​វិទ្យាស្ថាន​សន្តិសុខ និង​សិក្សា​អន្តរជាតិ​​នៃ​សាកលវិទ្យាល័យ​ជូឡាឡុងកន លោក Thitinan Pongsudhirak បាន​និយាយ​ប្រាប់​សារព័ត៌មាន Al Jazeera ថា ការ​ទទួល​ស្គាល់​របស់​ប្រទេស​អាស៊ាន​ទៅ​លើ​រដ្ឋាភិបាល​ស៊ីវិល ឬ រដ្ឋាភិបាល​យោធា​គឺ អាស្រ័យ​អ្នក​តំណាង​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ។

លោក​បាន​លើកឡើង​ថា ប្រសិន​បើ​មាន​ការ​បោះឆ្នោត​ឱ្យ​ទទួល​ស្គាល់​ក្រុម​ណា​មួយ​ជា​អ្នក​តំណាង​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ​ នោះ​អាស៊ាន​ទាំង​មូល​ក៏​មាន​បញ្ហា​ផង​ដែរ ព្រោះ​ថា «ប្រទេស​មហាអំណាច​ទាំង ៥ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​មាន​ទម្ងន់​នៃ​ការ​សម្រេច​ចិត្ត​ធ្ងន់។ ប្រសិន​បើ​សហរដ្ឋអាមេរិក​ទទួល​ស្គាល់ NUG ​អង់គ្លេស និង​បារាំង​ក៏​ទៅ​តាម​ហ្នឹង​ដែរ ហើយ​ចិន និង​រុស្ស៊ី​ប្រឆាំង​នឹង​ការ​ទទួល​ស្គាល់​នេះ នោះ​ផ្ទៃ​ក្នុង​របស់​អាស៊ាន​អាច​នឹង​ចុះ​ខ្សោយ​ទៅៗ»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner