សាវតារលើជញ្ជាំង ភាគទី៩: អារ្យធម៌អង្គរ

ភាគទី៩​៖ អារ្យធម៌អង្គរ

កាលសម័យប្រវត្តិសាស្ត្រខ្មែរ ត្រូវបានបែងចែកជាបី គឺសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ ដោយឡែកពេលនេះយើងលើកយកតែសម័យអង្គរ ដែលជាការចាប់ផ្តើមនៃអារ្យធម៌អង្គរមកនិយាយ ដោយសារ យើងកំពុងស្ថិតនៅ ប្រាសាទព្រះគោស្រាប់។ តើប្រាសាទព្រះគោមានអ្វីពាក់ព័ន្ធទៅនឹងអារ្យធម៌អង្គរ?

អារ្យធម៌អង្គររួមមាន៖

១- ការពង្រឹងអំណាចកណ្តាល៖ កាលនោះព្រះបាទជ័យវរ្ម័នទី២ បានបង្រួបបង្រួមសមន្តរាជតូចៗដែលបែកបាក់គ្នាក្នុងកំឡុងសតវត្សទី៨ ឲ្យស្ថិតក្នុងអំណាចរបស់ព្រះអង្គ ដោយធ្វើពិធី កម្រតេង ត រាជ ​នៅលើភ្នំគូលែន (អ្នកប្រាជបរទេសហៅថា ពិធីលទ្ធិទេវរាជ)។​ពិធីនេះគឺប្រកាសខ្លួន ឯងជាស្តេចចក្រវាឡ នៅលើប្រាសាទអារាមរោងចិន (ប្រាសាទសប្បនិមិត្ត នៅលើភ្នំគូលែន ជាភ្នំធម្មជាតិ)។ 

២- អំពីស្ថាបត្យកម្ម៖ ចាប់ផ្តើមមានប្រាសាទភ្នំដូចជាប្រាសាទអារាមរោងចិន សម្រាប់ធ្វើលទ្ធិទេវរាជ។ បន្ទាប់មកគឺការកសាងប្រាសាទមានប្រាង្គច្រើនសង់លើខឿនតែមួយ តួយ៉ាងដូចជាប្រាសាទដំរីក្រាប ដែលសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែលមុននោះ (មុនសម័យអង្គរ មានតែប្រាសាទប្រាង្គមួយសង់លើខឿនមួយ)

៣- ជំនឿ៖ សាងប្រាសាទដើម្បីឧទ្ទិសដល់បុព្វការីជន។ ប្រាសាទព្រះគោជាទឹកតាង ដែលសាងឡើងសម្រាប់ឧទិ្ទសដល់ព្រះឥសូរផងនិងបុព្វការីជនផង។ ​តួ​ប្រាង្គ​ប្រាសាទ​ទាំងអស់​៦ សង់​លើ​ខឿន​តែ​មួយ​ចែក​ជា​ពីរ​ជួរ ដោយ​ជួរ​មុខ​មាន​ប្រាសាទ​ចំនួន​៣ និង​ជួរ​ក្រោយ​មាន​ប្រាសាទ​ចំនួន​៣​ដូច​គ្នា ។ ប្រាសាទ​ទាំង​៦ នេះ​គឺ​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​សាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ផង និង​ដល់​បុព្វការី​របស់​ទ្រង់​ផង ដូច​ជា​ប្រាង្គ​មួយ​ឈ្មោះ​ស្រី​ប ឬ​ថិ​វី​ទ្ទ្រេ​ស្វរៈ សម្រាប់​ថ្វាយ​ដល់​ព្រះ​បិតា​របស់​ទ្រង់ ។ រីឯ​ប្រាង្គ​ស្រី​ប ឬ​ទ្ទ្រេ​ទេវី សម្រាប់​ថ្វាយ​ដល់​ព្រះ​មាតា​របស់​ទ្រង់ ។ ប្រាង្គ​ស្រី​បរមេស្វរៈ សម្រាប់​ថ្វាយ​ដល់​ព្រះ​បិតុលា​របស់​ទ្រង់ គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ក្សត្រ​ដំបូង​នៃ​សម័យ​អង្គរ ។ ប្រាង្គ​ស្រី​ធរ​ណិ​ន្ទ្រ​ទេវី សម្រាប់​ថ្វាយ​ដល់​ព្រះ​មហេសី​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។ ប្រាង្គ​ស្រី​រុ​ទ្រេ​ស្វរៈ សម្រាប់​ថ្វាយ​ដល់​ជីតា​ខាង​ព្រះ​មាតា ។ ប្រាង្គ​ចុង​ក្រោយ​មិន​ស្គាល់ឈ្មោះ​សម្រាប់​ថ្វាយ​ដល់​ជីដូន​ខាង​ព្រះ​មាតា ។

៤- សិល្បៈស្ថាបត្យកម្ម៖ នៅសម័យមុនអង្គរ បើយើងក្រឡេកមើលហោជាង​ មានសណ្ឋានជាដំបូលទូក ដោយឡែកចាប់ផ្តើមអារ្យធ៌មអង្គរមក យើងឃើញហោជាងមានរៀងជាកញ្ចុំជើងឆ្មា។ ក្នុងនោះដែរសរសរពេជ្រសម័យមុនអង្គរមានរៀងមូល ដោយឡែកចាប់ផ្តើមអារ្យធ៌មអង្គរមក សរសេរពេជ្រមានរៀងប្រាំមួយជ្រុង ខ្លះប្រាំបីជ្រុងដូចនៅប្រាសាទព្រះគោនេះជាឧទាហរណ៍។

៥- វិស័យសេដ្ឋកិច្ច៖ ទីក្រុងហរិ​ហ​រា​ល័យជាទី​ក្រុង​បុរាណ​របស់​ខ្មែរ ដែល​កសាងឡើង​នៅក្រោយ​ពេលដែល ព្រះបាទជ័យវរ្ម័នទី២ ។ បច្ចុប្បន្ននេះ​រាជធានី​ហរិ​ហ​រា​ល័យ​ត្រូវបាន​គេ​ហៅថា តំបន់រលួស ដែលមាន​ក្រុម​ប្រាសាទ៣នៅ​ទីនោះ គឺ​ប្រាសាទព្រះគោ ប្រាសាទបាគង​ដែលជា​ប្រភេទ​ប្រាសាទភ្នំ​ទីមួយ​ដែលមាន​រូបរាង​ច្បាស់លាស់ សាង​ឡើងលើ​ខឿន៣ជាន់ និង​មាន៥ជាន់។ ប្រាសាទ​មួយទៀត​សាង​ឡើង​នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រ​ត​ដាក​គឺ​ប្រាសាទលលៃ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទសូរ្យវរ្ម័នទី១សាង​ឡើងជា​ប្រាសាទភ្នំ សម្រាប់​តម្កល់​សិវលិង្គ។ បារាយណ៍​ឥន្ទ្រ​ត​ដាក​នេះគឺ​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១  ​នៅក្នុង​តំបន់​រលួស មាន​ទំហំ៣០០០ម៉ែត្រ និង​ទទឹង៨០០ម៉ែត្រ​អាច​ផ្ទុក​ទឹកបាន​ប្រមាណ៦លាន​ម៉ែត្រគូប សម្រាប់​ស្រោចស្រព​ដំណាំ​របស់​ប្រជាកសិករ​ខ្មែរ ហើយតាមឯកសារ ស្រាវជ្រាវគេអាចធ្វើស្រែបានបីដងក្នុងមួយឆ្នាំ ដែលញ៉ាំងឲ្យសេដ្ឋកិច្ចរីកចម្រើន តាមរយៈវិស័យកសិកម្ម។ បារាយណ៍​ឥន្ទ្រ​ត​ដាកជាបារាយទីមួយក្នុងអារ្យធម៌អង្គរ ដែលសព្វថ្ងៃគេហៅថាបារាយណ៍លលៃស្ថិតនៅខាងជើងប្រាសាទព្រះគោ។

សូមកុំមានការយល់ច្រឡំ រវាងអ្នកបង្កើតអារ្យធម៌អង្គរ និងអ្នកសាងរាជធានីអង្គរ។ អ្នកបង្កើតអារ្យធម៌អង្គរ គឺព្រះបាទជ័យវរ្ម័នទី២ ដោយឡែកអ្នកបង្កើតរាជធានីអង្គរគឺព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។ 

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner