ការហ្វឹកហាត់ ដើម្បីពង្រឹងកាយសម្បទា ថាមពល រួមទាំងបង្កើនល្បឿន នៃការជិះ នៅបារំាង៣ខែរបស់ក្រុមជម្រើសជាតិកង់គឺជាការត្រៀមដ៏ល្អ សម្រាប់ស៊ីហ្គេម នៅវៀតណាម

រយៈពេល៣ខែ នៅតំបន់ភ្នំ អាលែស ភាគខាងត្បូង នៃប្រទេសបារំាង ក្រុមកីឡាករជម្រើសជាតិទោចក្រយាន (កង់) កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មបានរយៈពេលជិត២ខែហើយ គិតមកដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីសម្រួចបច្ចេកទេសឲ្យកាន់តែប្រសើរ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលគ្រោងនឹងដំណើរការ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ។


អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន លោក នូ ចំរើន បញ្ជាក់ថា កីឡាករជម្រើសជាតិកង់ទាំង៣នាក់ កំពុងបង្កើនការហ្វឹកហាត់នៅទីនោះចម្លោះពី៤ ទៅ៥ម៉ោង ឬថ្ងៃខ្លះច្រើនជាង៥ម៉ោង ដោយការជិះកង់ច្រើនជាង១០០គីឡូម៉ែត្រ ក្នុង១ថ្ងៃៗផង និងការធ្វើលំហាត់កម្តៅសាច់ដុំតាមបច្ចេកទេស ដើម្បីពង្រឹងកាយសម្បទា ថាមពលកម្លាំង រួមទាំងបង្កើនល្បឿននៃការជិះផងដែរ ។ នៅតំបន់នេះ គឺជាតំបន់ភ្នំឡើងចុះមានផ្លូវកាច់កោងចុះឡើងៗ ដែលតំបន់បែបនេះសមស្របដល់ការហ្វឹកហាត់កង់ឲ្យកាន់តែមានគុណភាពខ្ពស់ ម្យ៉ាងទៀតក្រុមកង់កម្ពុជាទាំង៣នាក់ ក៏បានហ្វឹកហាត់ និងដកស្រង់បច្ចេកទេសបន្ថែមជាមួយក្រុមកង់អាជីព នៅប្រទេសបារំាងផងដែរ ។


លោក នូ ចំរើន អះអាងទៀតថា ចំពោះការហូបអាហារវិញ គឺកីឡាករកម្ពុជាមិនសូវស៊ាំនឹងអាហារបរទេសនោះទេ ដែលកីឡាករត្រូវចំណាយកម្លាំងច្រើនណាស់ ក្នុងការស្តារថាមពលកម្លាំងឡើងវិញ ដូច្នេះដើម្បីជួយសម្រួលបន្ថែម គឺលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Accademy-CCA) ដែលមានទីស្នាក់ការនៅកម្ពុជា-បារាំង តែងតែធ្វើម្អូបអាហារខ្មែរជូនដល់ កីឡាទោចក្រយានទាំង៣នាក់ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី ។


សូមបញ្ជាក់ថា ដើម្បីត្រៀមស៊ីហ្គេម នៅវៀតណាម នាឆ្នាំ២០២២ នឹងត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយាន បានឧបត្ថម្ភគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង ដល់ក្រុមជម្រើសជាតិ ហ្វឹកហាត់នៅបារំាង ។ ក្រៅពីនេះ ក៏មានការប្រមូលផ្តុំហ្វឹកហាត់ ក្នុងស្រុកលក្ខណៈបិទខ្ទប់ធ្វើឡើង នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានកីឡាករ កីឡាការិនី៩នាក់ សរុបក្រុមជម្រើសជាតិ (កង់ភ្នំ-កង់គួក) សរុបចំនួន១៦នាក់ បូករួមទាំងកីឡាករបម្រុង៣នាក់ ព្រមទាំងគ្រូបង្វឹកចំនួន៤នាក់ ។ ក្រោមការឧបត្ថម្ភថវិកាប្រចាំខែ ពីក្រសួងអប់រំ តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ហើយក៏ទទួលបានការឧបត្ថម្ភបន្ថែមផ្សេងៗទៀត ពីឯកឧត្តម ប៉ាន សូរស័ក្តិផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner