គណបក្សចំបងរបស់ទុយនីស៊ី ធ្លាក់ក្នុងភាពមិនប្រកដប្រជាកាន់តែជ្រៅ ក្រោយសភាត្រូវបានផ្អាកដំនើរការ

ទុសនីស​៖ ​គណបក្ស​ Ennahdha ​​ជា​គណបក្ស​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​សភា​របស់​ទុយនីស៊ី​ កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ធំ​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ Kais Saied ​បាន​ប្រកាស​បណ្តេញ​នាយក​រដ្ឋ​មន្រ្តី​​ចេញ​ពី​ដំណែង​ និង​ផ្អាក​ដំនើរ​ការ​សភា​ កាល​ពី​ចុង​​ខែ​កក្កដានេះ​​។​

​ប្រធាន​សភា​ និង​មេដឹក​នាំ​នៃ​បក្ស​នេះ​ ​លោក​ Rached ​Ghannouchi ​បាន​​ហៅ​ការ​សម្រេច​ចិត្ត​របស់​លោក​ Saied ​ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ និង​មិន​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ​ទោះ​បី​លោក​ប្រធានា​ធីបតី​រូប​នេះ​អះអាង​ថា​ ទង្វើ​របស់​លោក​គឺ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ត្រង់​មាត្រា​ ៨០ ​ដែល​អនុញ្ញាត​ឱ្យ​លោក​អាច​ទទួល​យក​អំណាច​ប្រតិបត្តិ​ក្នុង​ពេល​មាន​វិបត្តិ​ជាតិ​។​

​លោក​ Saied ​បាន​និយាយ​ថា​ សភា​នឹង​ត្រូវ​ផ្អាក​​ដំនើរ​ការ​​​តែ​ចំនួន​ ៣០​​ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​អះអាង​ថា​លោក​នឹង​មិន​​ធ្វើ​​ជា​ជន​ផ្តាច់​ការ​ឡើយ​។​ ប៉ុន្តែ​បន្ទាប់​ពី​ប្រធានាធីបតី​រូប​នេះ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ អ្នក​នយោបាយ​មក​ពី​គណបក្ស​ផ្សេង​ៗ​រួម​ទាំង​សមាជិក​បក្ស​ Ennahdha​ ជាច្រើន​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​​ចុង​ក្រោយ​នេះ​។

​លោក​ Ghannouchi ​និងគណបក្ស​របស់​លោក ប្រឈម​មុខ​នឹង​វិបត្តិ​​ធំ​បំផុត​របស់​ខ្លួន​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨៩ ​នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​ជើង​ខ្លាំង​លោក​ Zine Abbedine ben Ali ​បាន​ផ្អាកប្រតិបត្តិការ​​បក្ស​ Ennahdha ​ធ្វើ​ឱ្យ​សមាជិក​ជា​ច្រើន​នៃ​បក្ស​នេះ​​រត់​គេច​ខ្លួន​​ ខ្លះ​ជាប់​គុក​ និងអ្នក​ខ្លះទៀត​​​រង​​ទារុណកម្ម​។​ ជា​ថ្មី​ម្តង​ទៀត​ អនាគត​គណបក្ស​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រកដ​ប្រជា​។​

​គណបក្ស ​Ennahdha ​ត្រូវបានបង្កើតឡើងក្នុង​ឆ្នាំ ១៩៨១ ជាចលនា​និន្នាការអ៊ីស្លាម។ គណបក្ស​នេះ​ បាន​បំបែកចេញនូវ​សកម្មភាព​សាសនា ​និង​នយោបាយ​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ហើយ​និយម​ប្រើ​ពាក្យ​ មូស្លីម​ប្រជា​​ធិបតេយ្យ​​។ ​

​ចាប់​តាំង​ពី​បដិវត្តន៍​និទាយ​រដូវ​អារ៉ាប់​ក្នុង​ឆ្នាំ​ ២០១១ ​ដែល​ទម្លាក់​លោក​ប្រធានាធិបតី​ Ben Ali ​គណបក្ស​ Ennahdha ​បាន​ក្លាយ​​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រដ្ឋាភិបាល​ចម្រុះ​​ ហើយ​ឥឡូវ​នេះ​ក្លាយ​ជា​គណបក្ស​ធំ​បំផុត​នៅ​ក្នុង​សភា ​ទោះ​បី​ជា​ខ្លួន​កាន់​កាប់​បាន​តែ​មួយ​ភាគ​បួន​នៃ​អាសនៈ​នៅ​ក្នុង​សភា​ក៏​ដោយ​។​

​​​យ៉ាងណា​មិញ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បក្ស​ Ennahdha ​បាន​ក្លាយ​ជា​ស្នូល​នៃ​កំហឹង​របស់​ប្រជាជន​ទុយនេស៊ី​ ដែល​មិន​សប្បាយ​ចិត្ត​ដោយ​សារ​វិបត្តិ​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ទុយនីស៊ី​ ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ និង​រដ្ឋាភិបាល​ដែល​មាន​លោក​ Hichem Mechichi ​ជា​នាយក​រដ្ឋ​មន្រ្តី​​។​

​ការ​ប្រឆាំង​តវ៉ា​លើ​ការ​គ្រប់​គ្រង​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩​ក្នុង​ប្រទេស​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​ប្រចាំ​ទ្វីប​អាហ្វ្រិក​ របស់​រដ្ឋា​ភិបាល​ ការ​បង្រ្កាប​របស់​ប៉ូលីស​ ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ប្រមាណ​ ៨ ​ភាគ​រយ​កាល​ពី​ឆ្នាំ​ទៅ​ និង​កំណើន​ភាព​អត់​ការងារ​ជិត​ ១៨ ​ភាគ​រយ​ បាន​ធ្វើ​ឱ្យ​ស្ថានភាព​របស់​ទុយនីស៊ី​កាន់​តែ​យ៉ាប់​ទៅ​ៗ​។​  ​

​​កាល​ពី​ថ្ងៃ​ទី​ ២៥ ​ខែ​កក្កដា​ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​ទី​ក្រុង​នានា​ទូទាំង​ប្រទេស​ទុយនីស៊ី​ ដោយ​ក្រុម​បាតុករ​បាន​វាយ​លុក​ការិយាល័យ​ជា​ច្រើន​របស់​បក្ស​ Ennahdha ​រហូត​ដល់​ធ្វើ​ឱ្យ​លោក​ប្រធានា​ធិបតី​ Saied ​ដែល​ជា​អ្នក​នយោបាយ​ឯករាជ្យ​ ប្រកាស​ព្យួរ​សភា។​

​ការ​បំបែក​​សភា​ដែល​គាំទ្រ​ដោយ​ក្រុម​យោធា​របស់​លោក Saied ​ហាក់​ដូច​ជា​មាន​ប្រជាប្រិយភាពសម្រាប់ប្រជាជន​ទុយនីស៊ី​ ទោះ​បីជាបក្ស Ennahdha ​រក្សា​នូវ​មូលដ្ឋាន​គាំទ្រ​ដ៏រឹងមាំក៏ដោយ​។

​លោក​ Ahmed ​Gaaloul ​ទី​ប្រឹក្សា​របស់​ Ghannouchi ​បាន​ប្រាប់​សារព័ត៌មាន​ Al Jazeera ​ថា​សកម្មភាព​របស់​លោក​ប្រធានា​ធិបតី​បាន​បង្ករ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយ​លោក​និយាយ​ថា​​​៖​  ​​«​វា​គឺ​ជា​ការ​ផ្លាស់ប្តូរ​បដិវត្តន៍​ ព្រោះ​លោក​ (Saied) ​កំពុង​ផ្លាស់​ប្តូរ​ប្រទេស​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរីភាព​ និង​ការ​បំបែក​អំណាច​ ទៅ​ជា​រដ្ឋ​មួយ​ដែល​អំណាច​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មនុស្ស​ម្នាក់​ និង​ស្ថាប័ន​តែ​មួយ​ដែល​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​ប្រទេស​»​។​

​​​លោក​ Ghannouchi ដែល​បច្ចុប្បន្ន​មាន​បញ្ហា​សុខភាព​ក្រោយ​ធ្វើ​តេស្តវិជ្ជមាន​ជំងឺ​កូវីដ-១៩​កាល​ពី​ខែ​មុន​ ដំបូង​ឡើយ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជាជន​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​លោក ​Saied ​ហើយ​ លោក​បាន​ដឹក​នាំ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សភា​នៅ​ថ្ងៃ​ទី​ ២៦ ​ខែ​កក្កដា​។​ ប៉ុន្តែ​ក្រោយ​មក​ ​បក្ស​របស់​លោក​ប្រកាស​ថា​ ខ្លួន​អំពាវ​រក​កិច្ច​សន្ទនា​​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នេះ​។​

​បច្ចុប្បន្ន ​គណបក្ស Ennahdha ​​ត្រូវ​បាន​បែក​បាក់​ ហើយការ​ឆ្លើយ​​​តប​​របស់​គណបក្ស​ចំពោះ​វិបត្តិ​នេះ​ មាន​ការ​ស្ទាក់​ស្ទើរ​ និង​មិន​ប្រាកដ​ប្រជា​។ ​អ្នក​វិភាគ​នយោបាយ​ និង​អ្នក​និពន្ធ​លោក​ Amine Snoussi ​បាន​និយាយ​ថា​ ​ការ​ផ្លាស់​ប្តូរសម្ព័ន្ធភាព​របស់​​​ Ennahdha​ អស់​ជាច្រើន​ឆ្នាំ​ បាននាំឱ្យ​មាន​ការ​បែក​បាក់​នៅ​ក្នុងបក្ស​នេះ​។

​យុទ្ធសាស្ត្រ​ចម្បង​របស់​គណបក្ស​ Ennahdh ឥឡូវ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃការ​ចៀសវាងការ​ប្រឈម​មុខ​ដាក់​គ្នា​ និង​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ និង​ស្វែង​រក​កិច្ចសន្ទនា​ថ្នាក់​ជាតិ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ និង​តួអង្គ​សង្គម​ស៊ីវិល​ធំៗ​ ។ ​​យ៉ាង​ណាមិ​ញ​ លោក​ Snoussi ​បាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​របស់​បក្ស​នេះ​នៅ​ក្នុង​ជំហរ​ជា​សាធារណៈ​មាន​ន័យ​ថា​ វា​ខ្វះ​នូវ​ភាព​ក្លាហាន​ផ្នែក​នយោបាយ​ ដើម្បី​ដឹក​នាំ​ការ​អំពាវ​នាវ​ឱ្យ​មាន​កិច្ច​សន្ទនា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner