អភិបាលរដ្ឋញូវយ៉ក Andrew Cuomo ត្រូវអំពាវនាវអោយលាលែងពីតំណែងបន្ទាប់ពីមានបទចោទរឿងផ្លូវភេទ

កាល​ពី​ថ្ងៃ​អង្គារ​នេះ ​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញានៃ​​រដ្ឋ​​ញូវ​យ៉ក​បាន​ចេញ​សេចក្តី​សង្ខេប​លម្អិត​ពី​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ចំពោះ​បទ​ចោទ​ប្រកាន់លើ​​​អភិបាល​រដ្ឋ​​ញូវយ៉ក​លោក​ Andrew​ Cuomo​។ បន្ទាប់​ពី​សេចក្តី​លម្អិត​ពី​ការ​ស៊ើប​អង្កេតនេះ​ត្រូវ​បាន​ផ្សាយដោយ​​មាន​ការ​អំពាវនាវ​លោក​ Andrew​ Cuomo លា​លែង​ពី​តំណែង ហើយ​ការអំពាវ​នេះ​រួម​មានដោយ​​លោក​ប្រធា​នាធិបតី​ចូ បៃដិន​ផងដែរ​នោះ​​។

តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ DW​ អគ្គរដ្ឋ​អាជ្ញា​រដ្ឋ​​ញូវ​យ៉ក​ លោកស្រី​​​ Letitia​ James​ បាន​ឱ្យ​ដឹង​ថា​អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា​ ​​អភិបាល​រដ្ឋ​​ញូវយ៉ក​លោក​ Andrew​ Cuomo​ បានបៀត​បៀន​ផ្លូវ​ភេទ​ទៅលើ​ស្រ្តី​ចំនួន​ ១១​ នាក់​ ។ទាក់​ទង​នឹង​ករណី​ចោទ​ប្រកាន់​ទៅ​លើ​លោក​ Cuomo​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Joe Biden បាន​និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​ថា​៖ «ខ្ញុំ​គិត​ថា​លោក​គួរ​តែ​លា​លែង​ពី​តំណែង​» ។

តាមការផ្តល់សក្ខីកម្មរបស់ជំនួយការប្រតិបត្តិទី ១ នាងបាននិយាយថា កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ លោក Cuomo បានសុំនាងថតរូបជាមួយគ្នានៅឯការិយាល័យដែលនៅគេហដ្ឋានផ្លូវការរបស់លោក។ នាងបានបន្តនិយាយថា កំឡុងពេលថតរូបនោះលោកបានយកដៃរបស់លោកមកប៉ះកេរ្ត៍ខ្មាសរបស់នាង។

ជនរង​គ្រោះ​ និង​មានងារជា​ជំនួយការប្រតិបត្តិទី ១ នេះបានផ្តល់សក្ខីកម្មថា នាងភ័យខ្លាចថានាងអាចនឹងបាត់បង់ការងារប្រសិនបើនាងចែករំលែករឿងដែលកើតឡើងនេះ ហើយភ័យខ្លាចដំណឹងនេះដឹងឭទៅដល់បុគ្គលិកជាន់ខ្ពស់។ នាងបាននិយាយថា៖ «របៀបដែលលោកមិនអោយខ្ញុំបង្ហាញរូបថតនោះទៅអ្នកដទៃបានធ្វើអោយខ្ញុំមានភ័យខ្លាចថាប្រសិនបើខ្ញុំនិយាយពីរឿងដែលកើតឡើងនោះ ហើយប្រសិនបើ Stephanie Benton ឬ Melissa ដឹងឭពីរឿងនេះ ខ្ញុំប្រាកដជាបាត់បង់ការងារខ្ញុំហើយ»។

លោក Cuomo​ មានវ័យ​៦៣​ឆ្នាំ ​បដិសេធ​ទៅ​លើ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​និយាយ​ថា​ លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ឡើយ​។ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​នោះ​ លោក Cuomo​ ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ពី​​ភាព​​ស្អាត​ស្អំ​របស់​លោក​ជា​ថ្មី​ម្តង​ទៀត​ដោយ​លោក​និយាយ​​ថា​ លោក​មិន​ដែល​ប៉ះ​ពាល់​នរណា​ម្នាក់​ដោយ​មិន​សមរម្យ​ឡើយ ។ លោក​បាន​បន្ត​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​គឺ​ត្រូវ​បាន​គេ​ប្រឌិត​ ហើយ​ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​បាន​ជំរុញ​បែប​លក្ខណៈ​​នយោបាយ​ និង​ភាព​លំអៀង​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Associated Press លោក​ Cuomo​ បាន​និយាយ​ថា​៖ « សម្រាប់​អ្នក​ដែល​កំពុង​ប្រើ​ពេល​វេលា​នេះ​ដើម្បី​រក​ចំណេញ​ផ្នែក​នយោបាយ​ ឬ​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ខ្ញុំអាច​និយាយ​បាន​ថា​ពួក​គេ​ពិត​ជា​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ជន​រង​គ្រោះពី​អំពើ​​បៀត​បៀន​ផ្លូវភេទ​ដែល​ច្បាប់​នេះ​​បង្កើត​ឡើង​ដើម្បី​ការពារ​ពួក​គេ​» ។

អគ្គ​មេ​បញ្ជាការ​រដ្ឋ​ញូវយ៉ក​លោកស្រី​​ James​ បាន​និយាយ​ថា​ របាយការណ៍​ស៊ើប​អង្កេត​នេះ​ផ្អែក​លើ​កិច្ចសម្ភាសន៍​រយៈ​ពេល​ជិត​ ៥ ខែ​ដែល​មេធាវី​ឯករាជ្យចំនួន​​ពីរ​រូប​បាន​ធ្វើ​ការ​ជា​មួយ​បុគ្គល​ចំនួ​ន ១៧៩​ នាក់​ដែល​ជា​សមាជិក​បុគ្គលិកនៅ​​ការិយាល័យ​​របស់​លោក​ Cuomo​ ដែល​អ្នក​ទាំង​នោះ​រួម​មាន​ មន្រ្តី​ ប៉ូលីស បុគ្គលិក​រដ្ឋ​ ​និង​អ្នក​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ការ​ជា​មួយ​រូប​លោក​ ។

ទោះជាយ៉ាងណាក្ដី​ លោក​ Cuomo​ បាន​បដិសេធ​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​អំពាវនាវ​ឱ្យ​រូប​លោក​ចុះ​ចេញ​ពី​តំណែង​ទាក់​ទង​នឹង​បញ្ហាដំណោះស្រាយ​រោគ​រាត​ត្បាត​កូវីដ-១៩ ក៏​ដូច​ជា​ការ​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​ផ្លូវ​ភេទ​។ ផ្ទុយ​ទៅ​វិញ​ លោក​បាន​ផ្តល់​សញ្ញា​ថា​លោក​មាន​បំណង​បន្ត​តំណែង​របស់​លោក​នៅ អាណត្តិ​ទី​ ៤​ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner