អ្នករស់នៅតំបន់ជម្លោះ Kashmir ធ្វើការជាទាហាន ឬ ប៉ូលិសខាងឥណ្ឌា នៅតែបន្តរងការវាយប្រហារ

ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ Kashmir ដែល​ស្ថិត​ក្រោម​រដ្ឋបាល​គ្រប់គ្រង​របស់​ឥណ្ឌា ហើយ​ធ្វើ​ការ​ជា​ទាហាន ឬ ប៉ូលិស​ឥណ្ឌា នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ ដោយ​ជន​មិន​ស្គាល់​មុខ។ ក្រុម​គ្រួសារ​របស់​ទាហាន ឬ ប៉ូលិស​ទាំង​នេះ​ក៏​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​នេះ​ផង​ដែរ។ ខាង​អាជ្ញាធរ​ឥណ្ឌា​ជា​រឿយៗ​តែងតែ​ចោទ​ប្រកាន់​ថា​ក្រុម​ប្រដាប់​អាវុធ​បះ​បោរ​ចង់​ផ្ដាច់​ទឹក​ដី​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​បាញ់​សម្លាប់​ទាំង​អស់​នេះ។

យោង​តាម​ទិន្នន័យ​​ប្រមូល​ដោយ សម្ព័ន្ធ​សង្គម​ស៊ីវិល Jammu និង Kashmir និង​​ជា​បណ្ដុំ​នៃ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​តំបន់​បាន​ឱ្យ​បាន​ដឹង​ថា នៅ​ក្នុង​ឆ្នាំ២០២១​នេះ យ៉ាង​តិចមាន​​ក្រុម​បះបោរចំនួន​ ៨៩នាក់​ រួមទាំង​ទាហាន​ និង​កម្លាំង​ប្រដាប់​អាវុធចំនួន​ ៣០នាក់ និង​ស៊ីវិល ១៦នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​។

ប្រភព​ទិន្នន័យ​ដដែល​បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​មាន ក្រុម​សកម្ម​ប្រយុទ្ធចំនួន​ ២៤៤ ​នាក់​បាន​បាត់​បង់​ជីវិត ជាមួយ​គ្នា​នឹង កង​កម្លាំង​ប្រដាប់​អាវុធ ១០៣នាក់ និង​ជន​ស៊ីវិល ៦៣នាក់។

តំបន់​ Kashmir ​ជា​តំបន់​ជម្លោះ​រ៉ាំរ៉ៃ​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​ជា​ស្លាកស្នាម​បន្សល់​ទុក​ដោយ​អាណានិគម​អង់គ្លេស​។ នៅ​ពេល​ដែល​អង់គ្លេស​ចាកចេញ​ពី​ឧបទ្វីប​ឥណ្ឌា មហាអំណាច​អឺរ៉ុប​មួយ​នេះ​បាន​បែងចែក​ទឹក​ដី​តាម​រយៈ​របាយ​ប្រជាជន ដោយ​តំបន់​ដែល​មាន​ប្រជាជន​កាន់​សាសនា​ហិណ្ឌូ​ភាគ​ច្រើន កាត់​ទៅ​ឱ្យ​ឥណ្ឌា​អ្នក​កាន់កាប់ ចំណែក​ឯ​តំបន់​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​ កាត់​ទៅ​ឱ្យ​ប៉ាគីស្ថាន​។

យ៉ាងណាមិញ នៅ​តំបន់​ Kashmir ហាក់​បី​ដូច​ជា​ស្មុគស្មាញ​ខ្លាំង ដោយ​នៅ​ទីនោះ​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ឥស្លាម​សាសនិក តែ​គ្រប់គ្រង​ដោយ​ស្ដេច​ត្រាញ់​កាន់​សាសនា​ហិណ្ឌូ។ នៅ​ពេល​បែង​ចែក​ទឹក​ដី ស្ដេច​ត្រាញ់​នោះ​ស្ទាក់ស្ទើរ​មិន​ចង់​ចូល​ជាមួយ​ឥណ្ឌា ឬ ប៉ាគីស្ថាន​នោះ​ទេ ហើយ​ចង់​ប្រកាស​ឯករាជ្យ។

លុះ​ក្រោយ​មក​ទៀត​ ស្ដេច​ត្រាញ់​នោះ​ទៅ​ចូល​ជាមួយ​ឥណ្ឌា ដែល​បង្ក​ជា​សង្គ្រាម​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ពីរ​ក្រោយ​ៗ​មក​ទៀត ក៏​បាន​ពុះ​ទឹកដី​ជា​ពីរ ដែល​នៅ​ពេល​នេះ​នៅ​ Kashmir មាន​តំបន់​គ្រប់គ្រង​ដោយ​ឥណ្ឌា និង​តំបន់​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន។

នៅ​ Kashmirខាង​ឥណ្ឌា ចាប់​តាំង​ពី​ឆ្នាំ១៩៨៩​មក មាន​ចលនា​តស៊ូ​ចង់​ផ្ដាច់​ទឹកដី​ពី​ឥណ្ឌា ដោយ​ទាមទារ​ចង់​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង ឬ ក៏​រួម​បញ្ចូល​ជាមួយ​ប៉ាគីស្ថាន។ ចាប់​តាំង​ពី​មាន​ចលនា​នោះ​មក មនុស្ស​រាប់​ពាន់​បាន​ស្លាប់​រាល់​ឆ្នាំ ដោយ​ក្នុង​នោះ​ភាគ​ច្រើន​ជា​ជនស៊ីវិល។

ឥណ្ឌា​ចោទ​ប្រកាន់​ប៉ាគីស្ថាន​ថា​នៅ​ពី​ក្រោយ​ចលនា​បះបោរ​ទាំង​នេះ តែ​ប៉ាគីស្ថាន​ជា​រឿយៗ​ប្រកែក​ទៅ​វិញ​ថា ខ្លួន​មិន​បាន​គាំទ្រ​ជា​សព្វាវុធ​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រកាស​គាំទ្រ​តាម​ផ្លូវ​ការ​ទូត​ ឱ្យ​ប្រជាជន​នៅ Kashmir ប្រយុទ្ធ​ ដើម្បី​ទទួល​បាន​សិទ្ធ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។

មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា មាន​ក្មេង​ៗ​ខ្លះ​នៅ​ Kashmir ឥណ្ឌា បាន​ឆ្លង​បន្ទាត់​ព្រំដែន​ទៅ​ហាត់​នៅ​ខាង​ប៉ាគីស្ថាន ហើយ​បង្ក​សង្គ្រាម​ជាមួយ​ឥណ្ឌា។

ស្ថានភាព​នៃ​ការ​បះបោរ​ចង់​ផ្ដាច់​ខ្លួន​នេះ កាន់​តែ​អាក្រក់​ថែម​ទៀត នៅ​ឆ្នាំ២០១៩ គឺ​ពេល​ដែល​រដ្ឋាភិបាល​ជាតិ​និយម​ហិណ្ឌូ​របស់​ឥណ្ឌា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី Narendra Modi បាន​កែ​ប្រែ​លក្ខណៈ​ទឹកដី​ Kashmir ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ឥណ្ឌា។

ទឹកដី​ Kashmir ខាង​ឥណ្ឌា​ដំបូង​មាន​លក្ខណៈ​ជា​ទឹកដី​ស្វយ័ត ដោយ​នៅ​ទីនោះ​មាន​ច្បាប់​ផ្ទាល់​ខ្លួន តែ​ចាប់​ពី​ឆ្នាំ២០១៩​មក ឥណ្ឌា​កែ​ប្រែ​ច្បាប់ ដោយ​ដាក់ Kashmir ជា​រដ្ឋ​ពីរ​ផ្សេង​គ្នា ហើយ​ស្ថិត​ក្រោម​ទឹកដី​របស់​សហព័ន្ធ​ឥណ្ឌា។

ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​រស់​នៅ​តំបន់​នោះ ហើយ​ធ្វើ​ការ​ឱ្យ​ឥណ្ឌា​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច ដោយ​ការ​វាយ​ប្រហារ​ចេះ​តែ​កើន​ឡើង ខណៈ​មនុស្ស​ក៏​បារម្ភ​ថា​អត់​មាន​ការងារ​ធ្វើ។

បើ​តាម​ភរិយា​របស់​ទាហាន​ឥណ្ឌា​ម្នាក់​ ដែល​បាន​បាត់​បង់​ជីវិត​កាល​ពី​ខែ​មេសា​កន្លង​ទៅ បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា «មនុស្ស​ដែល​ចូល​រួម​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ ដើម្បី​ក្លាយ​ជា​ទុក្ករបុគ្គល ឬ ចង់​ឡើង​ឋានសួគ៌ ចំណែក​ឯ​មនុស្ស​ដូច​ប្ដី​ខ្ញុំ ចូល​ធ្វើ​ទាហាន​ ដើម្បី​ចិញ្ចឹម​គ្រួសារ​ប៉ុណ្ណោះ»។

បុរស​អាយុ ៣០ឆ្នាំ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន​ខាង​លើ​ថា លោក​បញ្ចប់​ថ្នាក់​សិក្សា​បរិញ្ញាបត្រ ហើយ​បាន​ចូល​ធ្វើ​ទាហាន​ កាល​ពី​ឆ្នាំ២០១២ ខណៈ​លោក​អះអាង​ថា​ យុវជន​នៅ​ទីនោះ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ឬ សញ្ញាប័ត្រ​វិស្វករ​ នៅ​តែ​រក​ការងារ​ធ្វើ​មិន​បាន។

បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​របស់​ប៉ូលិស Jammu និង​ Kashmir បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ក្រុម​បះបោរ​នៅ​ឆ្នាំ១៩៨៩​មក មន្ត្រី​ប៉ូលិស​ចំនួន ១ ៥៧៩នាក់​បាន​បាត់​បង់​ជីវិត ខណៈ​ចំនួន​កាន់​តែ​កើន​ឡើង​តាំង​ពី​ឆ្នាំ២០១៩ ដោយ​ក្នុង​ឆ្នាំ​នោះ ប៉ូលិស ១១នាក់​បាន​ស្លាប់ ហើយ​នៅ​ឆ្នាំ២០២០ ស្លាប់​អស់​ប៉ូលិស​ ១៥នាក់ ចំណែក​ក្នុង​ឆ្នាំ​នេះ យ៉ាង​តិច ១០នាក់​បាន​ស្លាប់​ទៅ​ហើយ។

អ្នក​វិភាគ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ឥណ្ឌា ញូដេលី​ លោក Pravin Sawhney បាន​ប្រាប់​ Al Jazeera ថា «រឿង​ទាំង​នេះ​ធ្លាប់​កើត​ឡើង​ពី​មុន​មក​ហើយ។ អ្នក​ស្រុក​មិន​សប្បាយ​ចិត្ត​នឹង ប្រជាជន​ដែល​ចូល​បម្រើ​ការងារ​ផ្នែក​សន្តិសុខ​ ព្រោះ​ថា​មិន​ថា ប៉ូលិស ទាហាន​ប៉ារ៉ា ឬ ទាហាន​ ពួក​គេ​យល់​ឃើញ​ថា​ពួក​ប្រដាប់​អាវុធ​ថា ពួក​អ្នក​ជិះជាន់»។ លោក​បន្ថែម​ថា បើ​កាល​ណា​គេ​គិត​បែប​នេះ​ហើយ នោះ​ពួក​ទាហាន ឬ ប៉ូលិស​ ឬ ក្រុម​គ្រួសារ​សុទ្ធ​តែ​ជា​គោលដៅ​របស់​គេ​ហើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner