អាមេរិកនិងឥណ្ឌូនេស៊ី ប្តេជ្ញាការពារសមុទ្រចិនខាងត្បូងនៅក្នុងកិច្ចពិភាក្សាជាយុទ្ធសាស្ត្រ

វ៉ាស៊ីនតោន​៖​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ អេនតូនី​ ប្ល៊ីនខេន​ (Antony Blinken) ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ អំពី​ការ​ចាប់​ផ្តើម​ «​កិច្ច​សន្ទនា​ជា​យុទ្ធសាស្ត្រ»​ ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​ ខណៈ​ដែល​​ក្រុង​វ៉ាស៊ីនតោន​​​អះអាង​ថា​ប្រទេស​ទាំង​ពីរ​ប្តេជ្ញា​ធ្វើ​ការ​រួម​​គ្នា​លើ​បញ្ហា​​ រួម​មាន​ការ​ការពារ​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដើម​។​

​​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ក្រោយ​ជំនួប​ បាន​និយាយ​ថា​ លោក​ ប្ល៊ីនខេន ​និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី​លោក​ស្រី ​Retno​ Marsudi​ ​ ​បាន​បង្ហាញ​ទស្សនៈ​រួម​គ្នា​ស្តី​ពី​សន្តិសុខ​ដែន​សមុទ្រ​ ​ប្តេជ្ញា​ការពារ​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បន្ត​កិច្ច​សហការ​ក្នុង​វិស័យ​សន្តិសុខ​អ៊ីនធឺណិត​ និង​ការពារ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​។​

​យ៉ាង​ណា​មិញ​ ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​យល់​ព្រម​គ្នា​បង្កើត​ «​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​»​ ក្នុង​ឆ្នាំ​ ២០១៥ ​ប៉ុន្តែ​លោក​ ប្ល៊ីនខេន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ ថា​កិច្ច​សន្ទនា​នេះ​ ទើប​តែ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ប៉ុណ្ណោះ​។​ ទន្ទឹម​នឹង​នោះ​ លោក​ស្រី​ប្រាប់​លោក​ ប្ល៊ីនខេន​ ថា​ ភាព​ជា​ដៃ​គូ​ដ៏​រឹង​មាំ​ជាមួយ​ឥណ្ឌូនេស៊ី​នឹង​ក្លាយ​ជា​ទ្រព្យ​​​ដ៏​សំខាន់​សម្រាប់​ការ​ចូល​រួម​របស់​អាមេរិក​នៅ​ក្នុង​តំបន់​។​

ឥណ្ឌូនេស៊ី​ ​ ​ជា​ប្លុក​មួយ​ដែល​រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន​មើល​ឃើញ​ថា​ ជា​គន្លឹះ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​ដែល​កំពុង​កើន​ឡើង​របស់​ចិន​នៅ​អាស៊ី​។​

កិច្ចពិភាក្សា​ថ្មី​ៗ​នេះ ​​ធ្វើ​ឡើង​មុន​ពេល​លោក​ ប្ល៊ីនខេន ​ត្រូវ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វិឌីអូ​ជាមួយ​អាស៊ាន​ ដែល​មាន​សមាជិក​មួយ​ចំនួន​​​ធ្វើ​ការ​តវ៉ា​ទាមទារ​ពាក់ព័ន្ធ​នឹង​ទំនាស់​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​​ចិន​។​ ក្រុង​ប៉េកាំង​ មើល​ឃើញ​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​ស្ទើរ​តែ​ទាំង​អស់​ជា​របស់​ខ្លួន​ ហើយ​ក៏​បាន​បង្កើត​និង​បង្កើន​កម្លាំង​​​នៅ​ទី​នោះ​។​

​​ក្រៅពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ​ ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ធ្វើ​ការ​រួម​គ្នា​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​ និង​បម្រែ​បម្រួល​អាកាស​ធាតុ​​ និង​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ទ្វេភាគី​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner