ម៉ិកស៊ិកប្តឹងក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក ដោយទារសំណងខូតខាតជាទឺកប្រាក់ ១០ ប៊ីលានដុល្លារ
ម៉ិកស៊ីកូ៖ ប្រទេសម៉ិកស៊ិកប្តឹងក្រុមហ៊ុនផលិតកាំភ្លើងនៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដោយចោទប្រកាន់ពីបទធ្វើអាជីវកម្មដោយមិនប្រុងប្រយ័ត្ន បង្កឱ្យមានការលក់អាវុធខុសច្បាប់ទៅក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលបណ្ដាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់។
ក្រុមហ៊ុនធំៗដែលរងការចោទប្រកាន់រួមមានក្រុមហ៊ុន Smith & Wesson, Barrett Firearms, Colt’s Manufacturing Company, Sturm, Ruger & Co ជាដើម។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអំពីបណ្តឹងដែលបានដាក់នៅតុលាការរដ្ឋ Massachusetts ថា ក្រុមហ៊ុនទាំងនេះចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការអនុវត្តដែលបង្កគ្រោះថ្នាក់របស់ខ្លួន ហើយតុលាការនឹងសម្រេចថាតើការខូចខាតអ្វីខ្លះដែលត្រូវសង។ លោកបន្តទៀតថា បណ្តឹងនេះ ទាមទារសំណងជាទឹកប្រាក់ប្រមាណ ១០ ប៊ីលានដុល្លារ។
មកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចេញមុខ បកស្រាយ ឬឆ្លើយតបយ៉ាងណាទេ។ យ៉ាងណាមិញ មូលនិធិកីឡាបាញ់កាំភ្លើងជាតិ (NSSF) បានច្រានចោលការចោទប្រកាន់នេះ ដោយថារដ្ឋាភិបាលម៉ិកស៊ិក ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម និងអំពើពុករលួយដែលរីករាលដាលនៅក្នុងព្រំដែនរបស់ខ្លួន។
ពាក្យបណ្តឹងរបស់ម៉ិកស៊ិកនិយាយថា កាំភ្លើងជាង ៥០០ ០០០ ដើម ត្រូវបានជួញដូរជារៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិកចូលទៅម៉ិកស៊ិក ដែលក្នុងនោះមានជាង ៦៨% ឬជាង ៣៤០ ០០០ ដើម ត្រូវបានផលិតដោយក្រុមហ៊ុនដែលរងការចោទប្រកាន់។
យោងតាមមន្រ្តីម៉ិកស៊ិក អាវុធដែលត្រូវបានជួញដូរទៅម៉ិកស៊ិកបង្កឱ្យមានឃាតកម្មយ៉ាងហោចណាស់ ១៧ ០០០ ករណីក្នុងឆ្នាំ ២០១៩ ខណៈដែលធ្វើឱ្យខូចខាតសេដ្ឋកិច្ចដែលបណ្តាលមកពីអំពើហឹង្សាប្រហែល ១,៧% នៃផលិតផលក្នុងស្រុកសរុប។