សហរដ្ឋអាមេរិកអនុម័តការលក់កាំភ្លើងធំទៅឱ្យកោះតៃវ៉ាន់

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ បាន​អនុម័ត​ការ​លក់​ប្រព័ន្ធ​កាំភ្លើង​ធុន​មធ្យម​ទំហំ​ ១៥៥ មិល្លីម៉ែត្រ​ប្រភេទ M109A6 ចំនួន​ ៤០ គ្រឿង​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ ក្នុង​កិច្ចព្រមព្រៀង​លក់​មួយ​ដែល​មាន​តម្លៃ​រហូត​ដល់​ ៧៥០ លាន​ដុល្លារ​ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធនេះ​។

ការ​អនុម័ត​នេះ​ ធ្វើ​ឡើង​បន្ទាប់​ការ​លក់​អាវុធ​កាល​ពី​ឆ្នាំ​មុន​​រួមមាន​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​សមុទ្រ​ ក្នុង​បំណង​បង្កើន​សមត្ថភាព​របស់​កោះ​នេះ​ និង​បង្ការ​សកម្មភាព​របស់​ចិន​ដី​គោក​។ តាំង​ពី​ចូល​កាន់​អំណាច រដ្ឋបាល​លោក​ចូ បៃដិន​ក៏​បាន​អនុម័ត​ការ​លក់​អាវុធ​ដោយ​ផ្ទាល់​មួយ​ចំនួន​ផ្សេង​ទៀត​ទៅ​កាន់​កោះ​តៃវ៉ាន់​។

ជា​មួយ​នឹង​កាំភ្លើង​ធំ​ទាំង​ ៤០ គ្រឿង​ កញ្ចប់​អាវុធ​ក៏​រួម​មាន​ក្បាល​គ្រាប់​ទំនើប​ចំនួន​ ១៦៩៨ គ្រាប់​ គ្រឿង​បន្លាស់ ការ​ហ្វឹកហាត់ ស្ថានីយ​ជើង​គោក និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កាំភ្លើង​ធំ​ជំនាន់​មុន​របស់​កោះ​តៃវ៉ាន់​។

ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ បាន​សម្ដែង​ «ការ​ដឹង​គុណ​ដោយ​ស្មោះ​» ចំពោះ​រដ្ឋាភិបាល​អាមេរិក ហើយ​និយាយ​ថា​ការ​លក់​នេះ នឹង​ជួយ​ដល់​កង​កម្លាំង​មូលដ្ឋាន​របស់​ខ្លួន​បង្កើន​ «សមត្ថភាព​ប្រតិកម្ម​រហ័ស​ និង​ការ​បាញ់​ជំនួយ​»​។

ក្រសួង​នេះ​បាន​និយាយ​ថា​ការ​គាំទ្រ​សព្វាវុធ​ជា​បន្ត​បន្ទាប់​របស់​អាមេរិក​គឺ​ជា​ «មូលដ្ឋាន​សម្រាប់​រក្សា​ស្ថិរភាព​ក្នុង​តំបន់​»​។

បើ​ទោះ​បី​ជា​មាន​ការ​អនុម័ត​ដោយ​ក្រសួង​ការបរទេស​អាមេរិក​ក៏​ដោយ​ ក៏​មិន​មាន​ន័យ​ថា​ភាគី​ទាំង​អស់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ឬ​បាន​បញ្ចប់​ការ​ចរចា​នោះ​ទេ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner