កម្ពុជានាំចេញផ្លែចេកស្រស់បានជិត៣០ម៉ឺនតោន កើនឡើង៦៣% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា មានចំនួន២៧ម៉ឺន២២១.៦៨តោន កើនឡើង៦១.០៨% នៅក្នុងរយៈ៧ខែ ឆ្នាំ២០២១នេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។

ផ្លែចេកស្រស់របស់កម្ពុជានៅរយៈពេល៧ខែមកនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសចិនចំនួន២៤ម៉ឺន១០៨.៥៧តោន ជប៉ុនចំនួន៤៩៥.៣០តោន សិង្ហបុរីចំនួន៤៨០.៤៨តោន និងវៀតណាមចំនួន ២ម៉ឺន៩ពាន់១៣៧.៣៣តោន ។ លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន Longmate Agriculture ដែលជាក្រុមហ៊ុននាំចេញផ្លែចេកស្រស់បានបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែចេកមានការកើនឡើងទាំងបរិមាណ និងការគិតតម្លៃជាសាច់ប្រាក់ ក្នុងនោះប្រទេសចិនមានសក្ដានុពលខ្លាំងជាងគេ ។ លោកឧកញ៉ាបន្តថា ក្រៅពីប្រទេសចិន ទីផ្សារផ្លែចេកកម្ពុជាក៏ត្រូវបាននាំចេញទៅប្រទេសជប៉ុនផងដែរ ។ ការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសជប៉ុន គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលជាទីផ្សារមានសក្ដានុពលខ្ពស់ គឺទីផ្សារប្រទេសចិន ។

លោកឧកញ៉ាបន្ថែមទៀតថា ការបើកច្រកនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សានៃប្រទេសជប៉ុននេះ គឺកំពុងបញ្ជាក់ថា ផលិតផលរបស់កម្ពុជាកំពុងចូលក្នុងស្ដង់ដារទីផ្សារអន្ដរជាតិ ហើយអ្វីដែលត្រូវធ្វើបន្ដទៀត គឺការពង្រឹងគុណភាព និងតម្លៃប្រកួតប្រជែង ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner