អតីតមេដឹកនាំក្រុមប្រដាប់អាវុធកូឡុំប៊ីពីររូប សុំទោសចំពោះអំពើឃោរឃៅដែលធ្លាប់បានកើតឡើង
បូហ្គោតា៖ មេដឹកនាំក្រុមឧទ្ទាមដ៏លេចធ្លោបំផុត និងក្រុមយោធាប្រតិព័ទ្ធរបស់កូឡុំប៊ីពីររូប បានធ្វើការសុំទោសជនរងគ្រោះកាលពីថ្ងៃពុធ ក្រោមការរៀបចំឡើងរបស់គណៈកម្មការមួយ ដើម្បីបកស្រាយការពិតដ៏ស្មុគស្មាញនៅពីក្រោយសង្គ្រាមស៊ីវិល ដែលអូសបន្លាយរយៈពេលជាច្រើនទសវត្សរ៍នៅប្រទេសនេះ។
អតីតមេដឹកនាំទាំងពីររូបរួមមាន លោក Rodrigo Londono បានដឹកនាំក្រុមឧទ្ទាមឆ្វេងនិយម គឺជាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ដែលបានធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលកូឡុំប៊ីអស់រយៈពេលជាង ៥០ ឆ្នាំ។ និងម្នាក់ទៀតគឺលោក Salvatore Mancuso ជាអតីតមេបញ្ជាការកំពូលនៃកងកម្លាំងស្វ័យការពាររបស់កូឡុំប៊ី (AUC) ដែលជាក្រុមស្ដាំនិយមបង្កើតឡើង ដើម្បីប្រយុទ្ធជាមួយក្រុមឧទ្ទាមឆ្វេងនិយមដូចជា FARC ។
ថ្វីត្បិតតែក្រុមទាំងពីរធ្វើសង្រ្គាមជាមួយគ្នាក្ដី ប៉ុន្តែក៏បានប្រព្រឹត្តនូវសង្គ្រាមដ៏ឃោរឃៅបំផុតរួមមានការចាប់ពង្រត់ អំពើហិង្សាផ្លូវភេទ និងការសម្លាប់រង្គាលជនស៊ីវិលជាដើម។
មេដឹកនាំទាំងពីរ បានសម្តែងវិប្បដិសារីចំពោះជនរងគ្រោះកាលពីថ្ងៃពុធ ខណៈពេលផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការនៃការពិតកូឡុំប៊ី (CTC) ជាគណៈកម្មការ ដែលបង្កើតចេញពីកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ រវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមប្រដាប់អាវុធ FARC។ គណៈកម្មការនេះមានគោលបំណងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ដែលបានប្រព្រឹត្តក្នុងអំឡុងជម្លោះប្រដាប់អាវុធដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះឱ្យជាសះស្បើយ។
តាមប្រព័ន្ធវីឌីអូពីពន្ធនាគារសហរដ្ឋអាមេរិក ជាកន្លែងដែលលោកកំពុងអនុវត្តទោស លោក Mancuso បាននិយាយក្នុងសម្លៀកបំពាក់អ្នកទោសថា៖ «ខ្ញុំបានឃើញពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ ឬបង្កហេតុ អ្វីគ្រប់យ៉ាងដែលខ្ញុំបានចូលរួម លើមនុស្សជាច្រើនដែលបានស្លាប់ គ្រួសារទាំងអស់ដែលបាត់បង់អ្វីៗទាំងអស់ដោយសារតែយើង»។
លោកបន្តថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ថា គ្មានវិធីត្រឡប់ថយក្រោយ ដើម្បីលុបស្នាមដែលយើងបន្សល់ទុកនៅក្នុងរាងកាយរបស់ស្ត្រី យកអ្នកស្លាប់មកវិញទេ ហើយក៏មិនអាចលុបការចងចាំរបស់ជនរងគ្រោះដែរ»។
ចំណែកឯលោក Londono វិញបាននិយាយថា៖ «ជាអកុសល ការវាយប្រហាររបស់ក្រុមឈ្លបគឺមិនអាចពន្យល់បានចំពោះគោលដៅដែលយើងបានប្រយុទ្ធដោយដាក់ជីវិត។ នៅទីបញ្ចប់ យើងក៏ធ្វើផ្ទុយពីអ្វីដែលយើងចង់បាន ដែលប៉ះពាល់ដល់ប្រជាជនស៊ីវិល»។
ទាំងលោក Mancuso និងលោក Londono សុទ្ធតែបានប្រាប់ពីរឿងលម្អិតរបស់ខ្លួនជុំវិញការពាក់ព័ន្ធនឹងវិវាទដែលសម្លាប់មនុស្សជាង ២៦០ ០០០ នាក់ និងធ្វើឱ្យមនុស្សរាប់លានត្រូវរត់ភៀសខ្លួន។
លោកស្រី Gimena Sanchez-Garzoli នាយិការនៃអង្គការធ្វើការទាក់ទងនឹងអាមេរិកឡាទីន WOLA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា អតីតមេដឹកនាំ AUC បានផ្តល់សក្ខីកម្មថា អំពើហឹង្សាជាច្រើនរបស់ក្រុមនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលកូឡុំប៊ី និងផលប្រយោជន៍ឯកជនដូចជាក្រុមហ៊ុននានា និងអ្នកមានជាច្រើន។
យ៉ាងណាមិញលោកស្រី Sanchez-Garzoli បានពិពណ៌នាសក្ខីកម្មនៅថ្ងៃពុធថា «មានបញ្ហាខ្ពស់» ដូចដែលលោក Mancuso បាននិយាយថាយុទ្ធជន AUC បានធ្វើសកម្មភាពដើម្បី «ការពារខ្លួន» ហើយថា ពួកគេបានសំលាប់បេក្ខជននយោបាយដើម្បីពង្រឹងអំណាច ដើម្បីផ្តល់សេវាកម្មសុខភាព និងស្ថិរភាពសេដ្ឋកិច្ចដល់ជនស៊ីវិល។
ខណៈពេលដែលសក្ខីកម្មត្រូវបានគេចាត់ទុកថាជាជំហានដ៏សំខាន់មួយ ជនរងគ្រោះជាច្រើននាក់ក្នុងចំណោមប្រាំបួនលាននាក់នៃជម្លោះ នៅតែបន្សល់ទុកជាមួយនឹងភាពល្វីងជូរចត់ដែលដក់ជាប់ក្នុងការចងចាំរបស់ខ្លួន ដោយហាក់មិនពេញចិត្តនឹងការសុំទោសរបស់អតីតមេដឹកនាំទាំងពីរនេះ។
លោកស្រី Yirley Velazco អ្នកនៅរស់រានមានជីវិតពីការសម្លាប់រង្គាលដ៏កក្រើករបស់ក្រុមយោធាប្រតិព័ទ្ធលោក Manusco បាននិយាយថា៖ «វាមិនមែនជាការសុំទោសទេ ពួកគេធ្វើទៅនេះ មិនមែនដោយសារតែពួកគេគិតថាវាសាកសមនោះទេ»។ លោកស្រីបន្តថា៖ «លើសពីអ្វីដែលពួកគេកំពុងធ្វើ … ដូច្នេះពួកគេអាចបង្ហាញអំពីភាពត្រឹមត្រូវនូវអ្វីគ្រប់យ៉ាងដែលបានកើតឡើង។ ការសុំទោសនេះ គ្រាន់តែរឿងនយោបាយធ្វើឡើងដើម្បីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ»។
យ៉ាងណាមិញ លោក Sergio Guzman នាយកនៃអ្នកវិភាគផ្នែកហានិភ័យកូឡុំប៊ីដែលមានមូលដ្ឋាននៅទីក្រុងបូហ្គោតាបាននិយាយថា សក្ខីកម្មនេះបង្ហាញពីជំហានដ៏សំខាន់ឆ្ពោះទៅមុខសម្រាប់ប្រទេសមួយដែលត្រូវបានញាំញីដោយវដ្តនៃអំពើហឹង្សាជាច្រើនក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយវាជាការប៉ុនប៉ងដើម្បីបង្ហាញពីទស្សនៈផ្សេងគ្នាជាច្រើននៃជម្លោះរបស់ប្រទេសកូឡុំប៊ី។ លោកថា វាពិបាកទទួលយកសម្រាប់មនុស្សភាគច្រើនដែលជាជនរងគ្រោះនៃអំពើហឹង្សា។