អនុរដ្ឋមន្ត្រីការបរទេសអាមេរិកជួបពិភាក្សាជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា

កាល​ពី​ថ្ងៃ​ពុធនេះ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Wendy Sherman បាន​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កំពុង​និរទេស​ខ្លួន ហើយ​នេះ​គឺ​ជា​ប្រកាស​ទំនាក់​ទំនង​ជា​លើក​ដំបូង​រវាង​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ជាមួយ​និង​រដ្ឋាភិបាល​ប្រជែង​នឹង​របប​យោធា​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​។

ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា​លោកស្រី​ Sherman បាន​ជួប​ជាមួយ​លោកស្រី​ Zin Mar Aung ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ដោយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ (NUG)​។ NUG ជា​រដ្ឋាភិបាល​និរទេស​ខ្លួន​ ដែល​ត្រូវ​បាន​បង្កើត​ដោយ​សមាជិក​រដ្ឋាភិបាល​ជាប់​ឆ្នោត​ អ្នក​ប្រឆាំង​របប​យោធា​ដទៃ​ទៀត និង​ក្រុម​ជនជាតិ​ភាគតិច​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​ថា​៖ «ពួកគេ​បាន​ពិភាក្សា​អំពី​កិច្ច​ប្រឹងប្រែង ដែល​កំពុង​បន្ត ដើម្បី​ធ្វើ​ឱ្យ​ភូមា​វិល​ទៅ​រក​ផ្លូវ​ប្រជាធិបតេយ្យ​វិញ រួម​ទាំង​ការ​បន្ត​គាំទ្រ​របស់​អាមេរិក​ចំពោះ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «លើស​ពី​នេះ​ពួកគេ​បាន​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ប្រទេស​ភូមា និង​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ដ៏​សំខាន់​ដល់​ប្រជាជន​ភូមា​»​។

ខុស​ពី​ប្រទេស​ជិត​ខាង​របស់​ខ្លួន ប្រទេស​មីយ៉ាន់ម៉ា​មិន​បាន​ទទួល​វ៉ាក់សាំង​កូវីដ-១៩ ពី​សហរដ្ឋអាមេរិក​ទេ​ ខណៈ​ពេល​ដែល​មាន​ការ​ជំរុញ​ការ​ទូត​វ៉ាក់សាំង​ដោយ​រដ្ឋបាល​លោក​ចូ បៃដិន​នៅ​តំបន់​នេះ​។ ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​ទណ្ឌកម្ម​លើ​របប​យោធា​ និង​អាជីវកម្ម​របស់​ពួកគេ ហើយ​មក​ដល់​ពេល​នេះ​បាន​ធ្វើ​ទំនាក់ទំនង​តិចតួច​ជា​មួយ​រដ្ឋាភិបាល​នេះ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner