កម្ពុជានាំចេញម្រេចបានជាង២ម៉ឺនតោន កើនឡើងជាង ៥០០% ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចសម្រេចបានចំនួនជាង២ម៉ឺនតោន ដោយតួលេខនេះមានការកើនឡើងជាង៥០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចទៅកាន់ក្រៅប្រទេសបានចំនួន ២ម៉ឺន២ពាន់៥៨០.៦៨តោន កើនឡើងចំនួន ៥៥៨.១៩% ។ ម្រេចកម្ពុជាត្រូវបាននាំចេញទៅប្រទេសប៊ែលហ្ស៊ិក ចំនួន១៥.៩៨តោន ប្រទេសកាណាដា ចំនួន០.៥២តោន សាធារណរដ្ឋឆេកចំនួន៦.១០តោន ប្រទេសបារាំងចំនួន២០.១៤តោន ប្រទេសអាល្លឺម៉ង់ចំនួន២៤៤.៥៧តោន ប្រទេសឥណ្ឌាចំនួន៤២តោន ប្រទេសជប៉ុនចំនួន២.៥៨តោន ប្រទេសកូរ៉េចំនួន១.៥៥តោន ប្រទេសប៉ូឡូញចំនួន៧.០៩តោន ប្រទេសរុស្ស៊ីចំនួន០.៨០តោន ប្រទេសស៊ុយអ៊ែតចំនួន១.២៩តោន ប្រទេសស្វីសចំនួន០.៤៨តោន កោះតៃវ៉ាន់ចំនួន១៥តោន ប្រទេសអង់គ្លេសចំនួន១.២៤តោន ប្រទេសអារ៉ាប់រួមចំនួន០.០១តោន សហរដ្ឋអាមេរិកចំនួន១.៧៥តោន ប្រទេសវៀតណាមចំនួន២២,២១៧.៤២តោន ប្រទេសសិង្ហបុរីចំនួន១.៩៧តោន និងប្រទេសកាហ្សាក់ស្ថានចំនួន០.១៩តោន ។

ជាមួយគ្នានេះ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានអោយដឹងថា ទោះបីជំងឺកូវីដ១៩នៅបន្តរាលដាលក្ដី ក៏ស្ថានភាពទីផ្សារម្រេចកំពតមានភាពវិវត្តល្អប្រសើរក្នុងការនាំចេញព្រោះថា មានក្រុមហ៊ុនបន្តបញ្ជាទិញ និងមានតម្រូវការច្រើនពីប្រជាពលរដ្ឋ ។ លោកបន្តថា ការនាំចេញម្រេចកំពតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១នេះ មានជាង៦០តោន លោកថា សន្ទុះនៃការនាំចេញម្រេចនៅឆ្នាំនេះ មានការកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ លោកបន្ថែមថា ទោះបីអាកាសធាតុមិនសូវជាល្អប្រសើរមែន ប៉ុន្តែត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ការនាំចេញម្រេចកំពតកើនឡើង បើធៀបនឹងឆ្នាំកន្លងទៅ ដោយសារទីផ្សារនាំចេញរបស់ក្រុមហ៊ុន មានការបញ្ជាទិញម្រេចពីអតិថិជនក្រៅប្រទេសកើនឡើងដូចគ្នា ។ ចំណែក ស្ថានភាពប្រមូលផលម្រេចកំពតរបស់កសិករ គឺមានកសិករខ្លះបានប្រមូលផលរួចទាំងស្រុង ខ្លះប្រមូលផលបាន៨០ភាគរយ និងខ្លះទើបតែប្រមូលផលបាន៦០ទៅ៧០ភាគរយប៉ុណ្ណោះ ។ លោកបន្ថែមថា សម្រាប់តម្លៃម្រេចនាពេលបច្ចុប្បន្ននេះ គឺរក្សាបានតម្លៃដដែល ដោយម្រេចខ្មៅតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម ម្រេចក្រហមតម្លៃ២៥ដុល្លារក្នុងមួយគីឡូក្រាម និងម្រេចសតម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាម ។ ប្រធានសមាគមម្រេចកំពតរូបនេះបានអោយដឹងផងដែរថា ចំពោះទីផ្សារប្រទេសដែលនាំចេញម្រេចកំពត រួមមាន៖ បារាំង អង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង សាធារណៈរដ្ឋឆេក ប៊ែលហ្ស៊ិក ស្វីស ស៊ុយអែត និងម៉ាឡេស៊ី ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner