អាស៊ានតែងតាំងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេជាប្រេសិតពិសេសទៅមីយ៉ាន់ម៉ា បន្ទាប់ពី៣ខែ

នៅ​ទី​បំផុត​ អាស៊ាន​បាន​មូលមតិ​គ្នា​ក្នុង​ការ​តែងតាំង​ប្រេសិត​ពិសេស​សម្រាប់​សម្របសម្រួល​វិបត្តិ​មីយ៉ាន់ម៉ា​ហើយ ជារួម​វា​មានរយៈពេល​៣ ខែ​ក្រោយ​ពី​មេដឹកនាំ​អាស៊ាន​ទាំង​អស់​ប្រជុំ​គ្នា​ក្រៅ​ផ្លូវ​ការ​នៅ​លេខាធិការដ្ឋាន​អាស៊ាន នា​​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។ ប្រេសិត​ពិសេស​នោះ​ជា​រដ្ឋមន្ត្រី​ការបរទេស​ទី២ ប្រ៊ុយណេ លោក Erywan Yusof។

ការ​សម្រេច​តែងតាំង​ប្រេសិត​ពិសេស​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី៥៤ ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូនាពេល​ថ្មីៗ​នេះ​​ ដោយ​មាន​ប្រ៊ុយណេ​ជា​ប្រធាន។ ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ មាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មាន ដែល​បង្ហាញ​ប្រទេស​អាស៊ាន​ទាំង​អស់​យល់​ព្រម​លើ​ខ្លឹមសារ​ពាក្យ​ពេចន៍​ក្នុង​ឯកសារ​នេះ។

សេចក្ដីថ្លែងការណ៍​រួម​នេះ​មាន​កម្រាស់ ២៨ទំព័រ និង​៩៥ចំណុច ដោយ​បាន​រ៉ាយរ៉ាប់​រៀបរាប់​ពី​គោលជំហរ​របស់​បណ្ដា​រដ្ឋ​សមាជិក​លើ​បញ្ហា​ប្រឈម​សំខាន់​ៗ​ផ្សេងៗ​នៅ​ក្នុង​តំបន់ ដោយ​ក្នុង​នោះ​ដែរ ស្ថានភាព​នយោបាយ​ក្នុង​ស្រុក​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ដាក់​ជា​ផ្នែក​មួយ​ដាច់​ដោយឡែក។

នៅ​ចំណុច​ទី៩៣ នៃ​សេចក្ដីថ្លែងការណ៍​នោះ​បាន​ឱ្យ​ដឹង​ថា ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅ​កាន់​មីយ៉ាន់ម៉ា​មាន​តួនាទី​សម្រប​សម្រួល​ឱ្យ​មាន​ដំណើរ​ការ​សន្ទនា​នៅ​ប្រទេស​នេះ ជាមួយ​នឹង​ការ​ទំនុក​បម្រុង​ពី​សំណាក់​អគ្គលេខាធិការ​អាស៊ាន។ ជាមួយ​គ្នា​នេះ​ដែរ លោក Yusof នឹង​ចាប់​ធ្វើ​ការ​នៅ​មីយ៉ាន់ម៉ា ហើយ​ការងារ​របស់​លោក​រួម​មាន​ដូច​ជា កសាង​ភាព​ទុក​ចិត្ត និង​ជឿជាក់​លើ​គ្នា​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅ​មីយ៉ាន់ម៉ា និង​ផ្ដល់​ពេលវេលា​ជាក់លាក់​ណា​មួយ​ក្នុង​ការ​អនុវត្ត​ «ចំណុច​មូល​មតិ​ទាំង​ ៥» របស់​អាស៊ាន​ចំពោះ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ឱ្យ​បាន​មុន​ពេល​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

ក្រៅ​ពី​នេះ​ទៅ​ទៀត នៅ​ចំណុច​នេះ​ដែរ​ អាស៊ាន​នៅ​តែ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា ហើយ​នៅ​ពេល​ប្រជុំ​លើក​នេះ​ដែរ អាស៊ាន​ «បាន​ឮ» ការ​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ ដោយ​រាប់​បញ្ចូល​ទាំង​ជន​បរទេស។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​មីយ៉ាន់ម៉ា ចំពោះ​ការ​អនុវត្ត​ចំណុច​មូល​មតិ​ទាំង​ ៥។

ពាក់ព័ន្ធ​ទៅ​នឹង​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​មីយ៉ាន់ម៉ា ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ឱ្យ​ដឹង​ថា អង្គការ​ថ្នាក់​តំបន់​មួយ​នេះ បាន​កត់​សម្គាល់​ពី​ការ​គាំទ្រ​ទំនុក​បម្រុង​ពី​ដៃ​គូ​សន្ទនា ដែល​ផ្ដល់​ជា​ជំនួយ​ទៅ​កាន់​មីយ៉ាន់ម៉ា​ តាម​រយៈ​អាស៊ាន​នា​ពេល​កន្លង​មក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ឯកសារ​នេះ​ គេ​នៅ​មិន​ទាន់​ច្បាស់​ថា ការ​បញ្ជូន​ជំនួយ​ពី​អាស៊ាន​ទៅ​កាន់​មីយ៉ាន់ម៉ា​នឹង​ធ្វើ​ឡើង​ដោយ​របៀប​ណា​នោះ​ទេ។ អាស៊ាន​គ្រាន់​តែ​លើក​ទឹកចិត្ត​ឱ្យ​មជ្ឈមណ្ឌល​ជំនួយ​មនុស្សធម៌​អាស៊ាន ដែល​ហៅ​កាត់​ថា មជ្ឈមណ្ឌល AHA តាក់តែង​គោលនយោបាយ​តម្រង់​ទិស​មួយ ដើម្បី​អនុវត្ត​គោលការណ៍​ទាំង ៥ របស់​អាស៊ាន​។

តាម​ពិត​ទៅ​ដំបូង​ឡើយ ការ​តែងតាំង​ប្រេសិត​ពិសេស​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ដែល​ជា​សម័យ​ប្រជុំ​អាស៊ាន​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ថ្ងៃ​ទី១ ដោយ​សារ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​ពី​ភាគី​មីយ៉ាន់ម៉ា ដែល​ចូល​រួម​ដោយ​លោក​ Wunna Muang Lwin រដ្ឋមន្ត្រី​ការបរទេស​ខាង​ភាគី​យោធា​មីយ៉ាន់ម៉ា។

លុះ​នៅ​ថ្ងៃ​ពុធនេះ​ ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដោយ​ឡែក​មួយ ហើយ​នៅ​ទីបំផុត​ទើប​អាច​បញ្ចុះបញ្ចូល​ខាង​មីយ៉ាន់ម៉ា​បាន​សម្រេច​ ក្នុង​ការ​តែងតាំង​លោក Erywan Yusof ជា​ប្រេសិត​ពិសេស​។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​ការ​ទូត​មួយ​រូប​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Associate Press ក្រោម​លក្ខខ័ណ្ឌ​អនាមិក។

បេក្ខភាព​សម្រាប់​តួនាទី​ប្រេសិត​ពិសេស​អាស៊ាន​ទៅ​កាន់​មីយ៉ាន់ម៉ា​មាន​យ៉ាង​តិច​ចំនួន ៣រូប នៅ​ពេល​ដំបូង។​បើ​តាម​ប្រភព​សារព័ត៌មាន​ថ្នាក់​តំបន់​នានា។ ក្នុង​នោះ​ដែរ​ លោក មីន អ៊ុងហ្លាំង ប្រមុខ​យោធា​មីយ៉ាន់ម៉ា ដែល​ពេល​នេះ​មាន​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ​ បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​គាំទ្រ​បេក្ខភាព​អតីត​អនុ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Virasakdi Futrakul។ នេះ​បើ​តាម​សុន្ទរកថា​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ យ៉ាងណាមិញ លោក​ក៏​បាន​លើកឡើង​ដែរ​ថា សំណើ​បេក្ខភាព​ថៃ​មួយ​នេះ មិន​ត្រូវ​បាន​មូលមតិ​ឡើយ ដោយសារ​តែ​ហេតុផល​មួយ​ចំនួន។​

អំឡុង​ពេល​នោះ​ដែរ លោក​ មីន អ៊ុងហ្លាំង​ក៏​បាន​ដាក់​ទិសដៅ​ថា ការ​បោះឆ្នោត​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ២០២៣។

មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​រដ្ឋមន្ត្រី​ការបរទេស​ប្រ៊ុយណេ ជា​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

លោកស្រី Lina Alexandra អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រាប់​សារព័ត៌មាន BernarNews ថា ប្រ៊ុយណេ​មិន​មាន​តម្លាភាព​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​នោះ​ទេ។​លោកស្រី Alexandra  បន្ថែម​ថា​៖​«មើល​ទៅ ប្រ៊ុយណេ​ដូច​ជា​ធ្វើ​ការ​សម្របសម្រួល​ច្រើន​ពេក​ហើយ ជាមួយ​យោធា​មីយ៉ាន់ម៉ា ដែល​ជា​ប្រភព​នៃ​បញ្ហា​ទាំង​អស់​នេះ»។

អតីត​ឯកអគ្គរាជទូត​ថៃ លោក Kobsak Chutikul បាន​ប្រាប់​សារព័ត៌មាន Nikkei Review ថា អាស៊ាន​ដើរ​មិន​ទាន់​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​សោះ។ លោក​បាន​និយាយ​ថា៖ «អាស៊ាន​ប្រើ​ពេល ៣ខែ ដោយ​គ្រាន់​តែ​បន្ថែម​ឋានៈ​ទៅ​កាន់​មនុស្ស​ម្នាក់ ដែល​កំពុង​ជាប់​ការងារ​ជា​ប្រធាន​អាស៊ាន ហើយ​តាម​ពិត​ទៅ គាត់​ហ្នឹង​គួរ​តែ​ដឹកនាំ​កិច្ចការ​ផ្នែក​ការ​ទូត​លើ​បញ្ហា​នេះ​ពី​ដំបូង​មក​ម្ល៉េះ។ ការ​តែងតាំង​បែប​នេះ​ប្រៀប​ដូច​ជា ការ​បន្ថែម​តួនាទី​ជា​ នាយក​គ្រប់គ្រង ទៅ​កាន់​កាន់ នាយកប្រតិបត្តិ​មួយ​រូប​អញ្ចឹង»។

ផ្ទុយ​ពី​ការ​លើកឡើង​ខាង​លើ​នេះ អតីត​អ្នក​ការទូត​សិង្ហបុរី​ លោក Bilahari Kausikan បាន​ប្រាប់​ Nikkei Review ថា បេក្ខភាព​លោក Yusof ជា​ «អ្នក​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​អាស៊ាន​មួយ​រូប» និង​ជា​ «ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ»។ លោក​ក៏​សង្ឃឹម​ថា «មិត្ត​របស់​អាស៊ាន និង​ដៃ​គូ​របស់​អាស៊ាន​នឹង​មិន​ដាក់​បន្ទុក​ទៅ​លើ​រូប​លោក ជាមួយ​នឹង​ការ​រំពឹង​ទុក​ដោយ​ហួសហេតុ​ណា​មួយ ខណៈ​បេសកកម្ម​របស់​លោក​ពិបាក​គ្រប់គ្រាន់​ទៅ​ហើយ»។

លោក Dylan Loh សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​គោលនយោបាយ​សាធារណៈ និង​កិច្ចការ​សកល នៃ​សាកលវិទ្យាល័យ​បច្ចេកទេស Nanyang ប្រទេស​សិង្ហបុរី​បាន​លើកឡើង​ថា ប្រធាន​អាស៊ាន​ឆ្នាំ២០២១ ប្រ៊ុយណេ​កន្លង​មក​បាន​បញ្ចេញ​សកម្មភាព​ទាន់​សភាពការណ៍​ហើយ។ លោក​បាន​និយាយ​ថា​ «បើ​កាល​ណា មីយ៉ាន់ម៉ា​នៅ​តែ​អង្គុយ​ក្នុង​តុ​ជាមួយ​អាស៊ាន ហើយ​អាស៊ាន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​នេះ នោះ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​អាច​នឹង​មាន​សង្ឃឹម​ថា មាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​ខាង​មុខ»។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន South China Morning Post៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner