ប្រេសិតមីយ៉ាន់ម៉ាផ្តល់ដំណឹងទៅអង្គការសហប្រជាជាតិទាក់ទងនឹងការសម្លាប់ដល់រង្គាលនៅប្រទេសខ្លួន
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិដែលបានបដិសេធមិនចាកចេញពីមុខតំណែងទោះបីត្រូវបានបណ្តេញចេញបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈបានជូនដំណឹងទៅស្ថាប័នពិភពលោកអំពីការសម្លាប់ដល់រង្គាលដោយរបបយោធា។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន The Strait Times ។
លោក Kyaw Moe Tun បានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទីពុធនេះ ទាក់ទងនឹងសាកសពចំនួន ៤០ នាក់ត្រូវបានគេរកឃើញនៅតំបន់ Kani កាលពីខែកក្កដានៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា។
លោកបានសរសេរថា ទាហានបានធ្វើទារុណកម្ម និងសម្លាប់បុរស ១៦ នាក់នៅក្នុងភូមិមួយនៅចន្លោះថ្ងៃទី ៩ និង ១០ ខែកក្កដា។ សាកសព ១៣ នាក់ទៀតត្រូវបានរកឃើញប៉ុន្មានថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកប្រយុទ្ធក្នុងតំបន់ និងកងកម្លាំងសន្តិសុខកាលពីថ្ងៃទី ២៦ ខែកក្កដា។
លោក Kyaw Moe Tun បានបន្ថែមថា មានបុរសចំនួន ១១ នាក់ផ្សេងទៀតរួមទាំងក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានសម្លាប់ហើយដុតនៅភូមិដាច់ដោយឡែកមួយកាលពីថ្ងៃទី ២៨ ខែកក្កដា។
រដ្ឋាភិបាលយោធាបានបដិសេធការសម្លាប់នេះ ហើយសារព័ត៌មានអន្តរជាតិមិនអាចបន្តសុំការបញ្ជាក់ពីរឿងនេះបានដោយសារប្រព័ន្ធទូរស័ព្ទចល័តត្រូវបានកាត់ផ្តាច់នៅតំបន់ដាច់ស្រយាល។