គម្រោងរេដបូកផ្តល់អាហាររូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតក្រីក្ររយៈពេល៤ឆ្នាំ

      គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងដែលដឹកនាំអនុវត្តដោយ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សារយៈពេល៤ឆ្នាំ ដល់សិស្សក្រីក្ររស់នៅតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញ។

      អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹង នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២១នេះថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ចាប់ផ្តើមទទួលពាក្យស្នើសុំអាហារូបករណ៍ពីឥឡូវនេះ សម្រាប់វគ្គអាហារូបករណ៍បន្ទាប់ឱកាសនេះគឺសម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ នៅទីក្រុងភ្នំពេញ។

        សម្រាប់អាហារូបករណ៍នេះដែរផ្តល់ជូនរាល់តម្រូវការរបស់អ្នកក្នុងកំលុងពេល ៤ឆ្នាំ នៃកម្មវីធី ដែលរួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថមសម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម។

      លក្ខខណ្ឌជ្រើសរើសត្រូវបានផ្តល់ជូនសម្រាប់សិស្សកំពុងរៀនសថ្នាក់ទី១២ ឬអតីតសិស្សដែលមានសញ្ញាបត្រទី១២ (មានសពុលភាព៣ឆ្នាំ) ដែលមានលំនៅនៅក្នុងតំបន់គោលដៅនៃតំបន់ជួរភ្នំក្រវាញខាងត្បូងរួមមាន ឃុំជីផាត ប្រឡាយ ជំនាប់ ថ្មដូនពៅ ឫស្សីជ្រុំ អូរសោម ភូមិបាក់អង្រុត ភូមិពោធិ៍បឹង ភូមិសុណ្ណាបៃតង ភូមិជីមាល ភូមិរមាំងស។

         ចំពោះលក្ខខណ្ឌបេក្ខជនត្រូវមកពីគ្រួសារដែលមានជីវភាពខ្វះខាត មានសុជីវធម៌ល្អ និងជាសិស្សរៀនពូកែ។ កន្លែងទទួលពាក្យនៅតាមសាលាឃុំ ស្នាក់ការសហគមន៍អេកូទេសចរណ៍ជីផាត និងស្ទឹងអារ៉ែង ដាក់ពាក្យបានចាប់ពីថ្ងៃជូនដំណឹងនេះទៅដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

       គួរបញ្ជាក់ថា  រេដបូក (REDD+) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១)ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នាកម្មវិធីរេដបូកក៏បានផ្តោតទៅលើការដោះស្រាយជាច្រើនដល់ប្រជាសហគមន៍ក្នុងនោះដូចជា៖ការដាំឈើប្រភេទពូជក្នុងស្រុក,ការបោះបង្គោលព្រំកំណត់ដែនព្រៃឈើ ,ដាក់ស្លាកសញ្ញាចុះល្បាតការពារព្រៃឈើ និងពិសេសដោះស្រាយបុព្វហេតុដោយប្រយោលដូចជាការបង្កើតឡជីវឧស្ម័ន ការគាំទ្រច្បារដំណាំគ្រួសារ និងការចិញ្ចឹមសត្វដើម្បីលើជីវភាពរស់នៅសហគមន៍៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner