អាមេរិកចាប់ខ្លួនបុរសជនជាតិមីយ៉ាន់ម៉ា ២នាក់ ចោទថាប៉ុនប៉ងវាយប្រហារ ឬ ធ្វើឃាតទូតភូមាប្រចាំ UN

បុរស​ជនជាតិ​មីយ៉ាន់​ម៉ា​ចំនួន​​២នាក់​ត្រូវ​​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ដោយ​អាជ្ញាធរ​យុត្តិធម៌​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​សកម្មភាព​ប៉ុនប៉ង​វាយប្រហារ ឬ ធ្វើឃាត​លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី៦ ខែ​សីហា។

សេចក្ដីប្រកាស​ព័ត៌មាន​ខាង​លើ​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​សហរដ្ឋអាមេរិក​ ដែល​ហៅ​កាត់​ថា FBI ស្នងការដ្ឋាន​ប៉ូលិស​ទីក្រុង​ញូវយ៉ក និង​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​នៃ​រដ្ឋ​ញូវយ៉ក។

បុរស​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​ ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ដែល​រស់​នៅ​ទីក្រុង​ញូវយ៉ក ដោយ​​ម្នាក់​មាន​អាយុ ២៨ឆ្នាំ មាន​ឈ្មោះ​ថា Phyo Hein Htut និង​ម្នាក់​ទៀត​មាន​អាយុ ២០ឆ្នាំ​មាន​ឈ្មោះ​ថា Ye Hein Zaw។ យោង​តាម​ប្រភព​ខាង​លើ​ បុគ្គល​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​ដាក់​ប្ដឹង​ក្នុង​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ ដោយ​ឡែក​ពី​គ្នា។

អ្នក​ទាំង​ពីរ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឈ្មួញ​លក់​អាវុធ​នៅ​ប្រទេស​ថៃ ដែល​ជា​អ្នក​ផ្គត់ផ្គង់​ឱ្យ​យោធា​មីយ៉ាន់ម៉ា​ ដែល​កំពុង​កាន់​អំណាច។ នេះ​បើ​តាម​ពាក្យ​បណ្ដឹង​របស់​ភ្នាក់ងារ​ពិសេស​របស់ FBI ដែល​បង្ហោះ​ជា​សាធារណៈ​នៅ​ក្នុង​គេហទំព័រ​ក្រសួង​យុត្តិធម៌​អាមេរិក។

ពាក្យ​បណ្ដឹង​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ភ្នាក់ងារ FBI ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ «កិច្ចសន្យា​បង់​ប្រាក់​ឱ្យ​ធ្វើឃាត ឬ បង្ក​របួស​ស្នាម» ទៅ​លើ​លោក​ទូត Kyaw Moe Tun កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា​កន្លង​ទៅ។ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ សារព័ត៌មាន​រ៉យទ័រ​ ក៏​ចុះ​ផ្សាយ​ថា លោក​ទូត​ខាង​លើ​នេះ​ទទួល​រង​ការ​គំរាមកំហែង​ណា​មួយ ខណៈ​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​លោក​ត្រូវ​បាន​រឹត​បន្តឹង​ និង​ការពារ​ដោយ​អាជ្ញាធរ​សហរដ្ឋអាមេរិក។

ទីភ្នាក់​ងារ​ FBI បាន​ធ្វើ​ការ​សម្ភាសន៍​សន្តិសុខ​ស្ម័គ្រ​ចិត្ត​របស់​មន្រ្តី​​ទូត នៅ​ការិយាល័យ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ។ តាម​រយៈ​កិច្ច​សម្ភាសន៍​នោះ គេ​ក៏​ដឹង​ពី​តម្រុយ​របស់​លោក Phyo Hein Htut។

បើ​តាម​ឯកសារ​ពាក្យ​បណ្ដឹង​របស់ FBI អំឡុង​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី៥ ខែ​សីហា មាន​ការ​ឃុបឃិត​ប្រព្រឹត្តិ​បទល្មើស​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ដោយ​លោក Phyo Hein Htut និង​លោក Ye Hein Zaw ព្រម​ទាំង​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ​ជា​ច្រើន​នាក់​ទៀត។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ លោក Htut បាន​ទាក់ទង​ជាមួយ​ឈ្មួញ​លក់​អាវុធ​នៅ​ថៃ​តាម​ប្រព័ន្ធ Facebook និង​ប្រព័ន្ធ Facetimes។ លោក Htut បាន​ព្រម​ជាមួយ​ខាង​ឈ្មួញ​អាវុធ​ថា នឹង​ជួល​មនុស្ស​ឱ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់មន្រ្តី​​ទូត​មីយ៉ាន់ម៉ា ដើម្បី​ជា​ការ​បង្ខំ​ឱ្យ​មន្ត្រី​រូប​នេះ​ចុះ​ចេញ​ពី​តំណែង ហើយ​ប្រសិន​បើ​មិន​ចុះ​ចេញ​ទេ ខាង​ឈ្មួញ​នោះ​ប្រាប់​ឱ្យ ក្រុម​មនុស្ស​ដែល​ជួល​លោក Htut ឱ្យ​សម្លាប់​លោក​ទូត​នោះ​តែ​ម្ដង។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​គ្នា​ហើយ លោក Htut ក៏​ព្រម​លើ​ផែនការ​ក្នុង​ការ​ទម្លាយ​កង់​រថយន្ត​របស់​លោក​ទូត Kyaw Moe Tun ដើម្បី​ឱ្យ​រថយន្ត​នោះ​មាន​គ្រោះថ្នាក់​នៅ​ពេល​ដែល​លោក Kyaw Moe Tun នៅ​ក្នុង​ឡាន​។

ឈ្មួញ​នៅ​ប្រទេស​ថៃ​ព្រម​បង់​ឱ្យ​ លោក Htut ចំនួន ៤ពាន់​ដុល្លារ​សម្រាប់​ផែនការ​វាយប្រហារ​ខាង​លើ​នេះ ហើយ​បន្ថែម​ ១ពាន់​ដុល្លារ​ទៀត​ ប្រសិន​បើ​ផែនការ​បាន​សម្រេច​។ ក្រោយ​ពេល​ព្រមព្រៀង​គ្នា​ហើយ លោក Htut ក៏​ទទួល​បាន​ប្រាក់​ចំនួន ៤ពាន់​ដុល្លារ​ពី​លេខ​ទូរស័ព្ទ ដែល​ផ្ដើម​ដោយ​លេខ​កូដ​តំបន់ ៥១០ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា។ ម្ចាស់​លេខ​ទូរស័ព្ទ​នោះ​គឺ​ លោក Ye Hein Zaw។ លោក Zaw បាន​ផ្ទេរ​លុយ​ទាំង​នោះ​តាម​កម្មវិធី​វេរ​លុយ​មួយ​តាម​ទូរស័ព្ទ​ដៃ។

បើ​តាម​ពាក្យ​បណ្ដឹង​ប្ដឹង​លោក Zaw ​បុរស​វ័យ ២០ឆ្នាំ​រូប​នេះ ជា​អ្នក​សម្របសម្រួល​ក្នុង​ការ​ទូទាត់​ប្រាក់​របស់​ឈ្មួញ​នៅ​ប្រទេស​ថៃ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ លោក​រៀប​ចំ​ឱ្យ​មនុស្ស ២នាក់​ផ្សេង​ទៀត​​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​ តាម​ការ​ដាក់​បញ្ជា​របស់​ឈ្មួញ​អាវុធ​នោះ។

នីតិវិធី​នៃ​រឿង​ក្ដី​នេះ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ក្នុង​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​ បុគ្គល​ទាំង​ ២រូប​នេះ​អាច​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ក្រោម​បទល្មើស​ឃុបឃិត​ក្នុង​ការ​វាយប្រហារ និង​បង្ក​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​បរទេស។

សារព័ត៌មាន​ AP បាន​ចុះ​ផ្សាយ​ថា លោក Htut បាន​យល់ព្រម​ក្នុង​ការ​ឃុំ​ខ្លួន​ ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​នៅ​រដ្ឋ​ញូវយ៉ក កាល​ពី​ថ្ងៃ​សុក្រ ខណៈ​លោក Zaw នៅ​មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ឡើយ​ទេ។

ដំណឹង​នេះ​កើត​ឡើង​ ស្រប​ពេល​ដែល​មាន​ព័ត៌មាន​លើ​ការ​សម្រេច​លើ​ការ​សម្រេច​លើ​ភាព​ស្រប​ច្បាប់​របស់​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាង​មុខ​ ដោយ​គណៈកម្មការ​ទទួល​សារ​តាំង​នៃ​មហាសន្និបាត​របស់​អង្គការ​នេះ។

លោក Kyaw Moe Tun បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​ថា លោក​តំណាង​​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​បាន​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២០។ បុរស​វ័យ ៥២ឆ្នាំ​រូប​នេះ ជា​រឿយៗ​ធ្វើ​ការ​ថ្កោល​ទោស​ខាង​យោធា​ ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល។

ចំណែក​ឯ​ខាង​យោធា​ ដែល​កាន់​អំណាច​នៅ​រដ្ឋធានី​ណៃពិដោ​វិញ ក៏​ប្រកាស​បណ្ដេញ​លោក Kyaw Moe Tun ចេញ​ពី​តំណែង ហើយ​រដ្ឋមន្ត្រី​ការបរទេស​តែងតាំង​ដោយ​យោធា បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ជូន​ឈ្មោះ​បេក្ខភាព​ទូត​មីយ៉ាន់ម៉ា​ទៅ​កាន់​អង្គការ​សហប្រជាជាតិ។ សមាសភាព​ថ្មី​នេះ​មាន​ប្រវត្តិ​ជា​មន្ត្រី​យោធា​រយៈពេល​ក្បែរ ៣០ឆ្នាំ៕

ប្រភព៖ RFA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner