អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់ចូលកាន់កាប់រដ្ឋធានីខេត្តទី ២ ក្នុងរយៈពេលតិចជាង ២៤ម៉ោង
កាលពីថ្ងៃសៅរ៍សប្ដាហ៌មុន ក្រុមឧទ្ទាមតាលីបង់បានធ្វើការដណ្ដើមកាន់កាប់ទីក្រុង Sheberghan ដែលនេះគឺជាការដួលរលំរដ្ឋធានីខេត្តទី២ របស់អាហ្វហ្គានីស្ថានក្នុងរយៈពេលតិចជាង២៤ ម៉ោង ខណៈពេលដែលក្រុមប្រដាប់អាវុធនេះធ្វើការឡោមព័ទ្ធទីក្រុងជាច្រើនទៀត។
អភិបាលរងក្រុង Sheberghan នៃខេត្ត Jawzjan លោក Qader Malia បាននិយាយថាមន្ត្រីរដ្ឋាភិបាល និងកងយោធាបានភៀសខ្លួនទៅអាកាសយានដ្ឋាននៅជាយក្រុង ដើម្បីត្រៀមខ្លួនការពារខ្លួនពីការវាយប្រហារបន្ថែមទៀត។ លោក Malia បានប្រាប់សារព័ត៌មាន AFP ថា«ជាអកុសលទីក្រុងនេះបានដួលរលំទាំងស្រុង»។
បើទោះបីក្រុមតាលីបង់ចូលកាន់កាប់អគារសំខាន់ៗ ដូចជាខុទ្ទកាល័យអភិបាល ស្នងការដ្ឋានប៉ូលិសខេត្ត និងពន្ធនាគារខេត្ត ក៏ដោយ ក៏រដ្ឋាភិបាលក្រុងកាប៊ុលបាននិយាយថាទីក្រុង Sherberghan នៅមិនទាន់ដួលរលំទាំងស្រុងទេ ដោយសារនៅមានវត្តមានកងយោធាធំនៅតំបន់មួយចំនួននៃទីក្រុងនេះ។
ទីក្រុង Sherberghan គឺជាតំបន់សំខាន់ជាយុទ្ធសាស្ត្រពីព្រោះទីក្រុងនេះគឺជាមូលដ្ឋានរបស់មេដឹកនាំកងជីវពលជនជាតិអ៊ូបេគីស្ថានលោក Abdul Rashid Dostum ដែលជាសម្ព័ន្ធរបស់អាមេរិកក្នុងការបង្ក្រាបក្រុមតាលីបង់។ លោក Dostum គ្រប់គ្រងកងជីវពលធំជាងគេនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបង្កើតកេរ្តិ៍ឈ្មោះបង្កការភ័យខ្លាចទៅលើក្រុមតាលីបង់ក្នុងសង្គ្រាមទសវត្ស ១៩៩០ ស្របជាមួយការចោទប្រកាន់ថាកងកម្លាំងលោកបានធ្វើការសម្លាប់រង្គាលឈ្លើយសឹករាប់ពាន់នាក់។
ការបែកបាក់ ឬការដកថយកងជីវពលរបស់លោក Dostum នៅតំបន់នេះ អាចធ្វើឱ្យសាបរលត់ក្ដីសង្ឃឹមរបស់រដ្ឋាភិបាលកាប៊ុលក្នុងការប្រើប្រាស់កងជីវពលនានាដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមតាលីបង់។
កាលពីថ្ងៃសៅរ៍ លោក Dostum បានជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដោយក្នុងកិច្ចប្រជុំនេះគេបានដកស្រង់សំដីលោកនិយាយថា «វាដល់ពេលត្រូវឈរជាមួយកងកម្លាំងសន្តិសុខ និងឈរប្រឆាំងសត្រូវ»។
ក្រុមតាលីបង់បានធ្វើការវាយលុកចូលតំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថានក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល ដោយដំបូងឡើយដណ្ដើមបានស្រុកជាច្រើននៅតំបន់ដាច់ស្រយាល។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពួកគេបានធ្វើការឡោមព័ទ្ធទីរួមខេត្តជាច្រើននៅទូទាំងប្រទេស។
កាលពីថ្ងៃសុក្រទីក្រុង Zaranj នៃខេត្ត Nimruz បានធ្លាក់ក្នុងដៃក្រុមតាលីបង់ដោយ«មិនមានការតដៃ»ពីកងកម្លាំងរដ្ឋាភិបាល ហើយបានក្លាយរដ្ឋធានីខេត្តដំបូងធ្លាក់ក្នុងដៃក្រុមឧទ្ទាមនេះ តិចជាង២៤ម៉ោងមុនការដួលរលំរបស់ទីក្រុង Sherberghan។
ស្ថានទូតអាមេរិកប្រចាំក្រុងកាប៊ុលបានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសការចូលកាន់កាប់ទីក្រុងទាំងនេះដោយតាលីបង់ថាផ្ទុយពីការអះអាងរបស់ក្រុមនេះថាគាំទ្រដំណោះស្រាយនយោបាយតាមរយៈការចរចា។
ការចូលកាន់កាប់ទាំងនេះ ធ្វើឡើងខណៈពេលដែលអាមេរិកបានប្រកាសថាការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានបានសម្រេចរួចរាល់បាន ៩៥ ភាគរយ ហើយនឹងដកចេញទាំងស្រុងនៅថ្ងៃទី ៣១ ខែសីហានេះ។
ប្រភព៖ Aljazeera