អាមេរិកនិយាយថាភស្តុតាងចង្អុលបង្ហាញថាអ៊ីរ៉ង់គឺនៅពីក្រោយការវាយប្រហារលើនាវាដឹកប្រេង

ការ​ស៊ើប​អង្កេត​ដោយ​អគ្គបញ្ជាការដ្ឋាន​មជ្ឈិមបូព៌ា​របស់​អាមេរិក​ទៅ​លើ​ការ​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រើប្រាស់​ក្នុង​ការ​វាយ​ប្រហារ​នេះ​គឺ​ផលិត​ដោយ​ប្រទេស​អ៊ីរ៉ង់​។

យោង​តាម​របាយការណ៍​របស់​ការ​ស៊ើប​អង្កេត​នេះ​ នាវា​ដឹក​ប្រេង​ MT Mercer Street ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​របស់​សេដ្ឋី​អ៊ីស្រាអែល បាន​រង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​ ២៩ និង​ទី​៣០ កក្កដា​ ខណៈ​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ឈូង​សមុទ្រ​អូម៉ង់​ ដែល​មាន​ការ​ស្លាប់​បុគ្គលិក​សន្តិសុខ​ជនជាតិ​អង់គ្លេស​មួយ​រូប​ និង​នាវិកនាយក​ជនជាតិ​រ៉ូម៉ានី​។ ការ​សម្ភាសន៍​សាក្សី​នៅ​លើ​នាវា បាន​រក​ឃើញ​ថា​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​យ៉ាង​ហោច​ណាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន​បី​ត្រូវ​បាន​បង្ហោះ​ទៅ​កាន់​នាវា ប៉ុន្តែ​មាន​តែ​មួយ​គត់​បាន​ទៅ​បុក​នាវា​នេះ​បាន​សម្រេច​ ហើយ​ធ្វើ​ឱ្យ​មនុស្ស​ទាំង​ពីរ​នាក់​ស្លាប់​។

ក្រោយ​ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង ចក្រភព​អង់គ្លេស​ សហរដ្ឋអាមេរិក​ អ៊ីស្រាអែល​ និង​រ៉ូម៉ានី​ បាន​ធ្វើ​ការ​ប្រទេស​អ៊ីរ៉ង់​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​ក្រុង​តេហេរ៉ង់​បាន​ធ្វើ​ការ​បដិសេធ​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ទេ​។

បន្ទាប់​ពី​ការ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​បំណែក​ស្លាប​ និង​សំណល់​ជាតិ​ផ្ទុះ​ ក្រុម​អ្នក​ស៊ើប​អង្កេត​អាមេរិក បាន​សន្និដ្ឋាន​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​ប្រើប្រាស់​ក្នុង​ការ​វាយ​ប្រហារ​នេះ គឺ​ផលិត​ដោយ​អ៊ីរ៉ង់​។ កាល​ពី​ថ្ងៃ​សុក្រ​ក្រុម​ប្រទេស​អ្នក​មាន​ G7 បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ ហើយ​និយាយ​ថា​សកម្មភាព​របស់​ប្រទេស​អ៊ីរ៉ង់​គឺ​កំពុង​គំរាមកំហែង​ដល់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​៕

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner