ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ ការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញជូនដល់មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខក្នុងខេត្ត៧ ដែលប្រឈមមុខខ្លាំងនឹងការឆ្លងរីករាលដាលនៃវីរ៉ុសកូវីដ១៩ ជាពិសេសវីរ៉ុសកូវីដ ប្រភេទថ្មី «ដែលតា» ដែលរួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកោះកុង។ ការណ៍នេះ បានធ្វើឱ្យកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសឹង្ហបុរីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេរួចស្រេចទៅហើយនោះ ក្លាយជាប្រទេសទី៣ នៅលើពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងប្រទេសឥណ្ឌូនេស៊ី។ នេះមិនមែនជាការចៃដន្យឡើយ តែវាបានកើតចេញពីភាពជាអ្នកដឹកនាំនិងការគិតគូរគ្រប់ជ្រុងជ្រោយរបស់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំកសាងខឿនសុខុមាលភាព ប្រជាពលរដ្ឋដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងមិនទាន់មានថ្នាំព្យាបាលនេះ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីកគឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងខ្សែក្រវ៉ាត់ការពារអាយុជីវិតប្រជាពលរដ្ឋ។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មាន៧៨,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន១៤,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។ កម្ពុជាក៏ត្រូវបានគេដឹងថា ជាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យកុមារ និងក្មេងជំទង់អាយុក្រោម១៨ឆ្នាំក្នុងនោះមានចិនសហរដ្ឋអាម៉េរិក សិង្ហបុរី អ៊ីស្រាអែល ស៊ីលី បារាំង ហូឡង់ ដាណឺម៉ាក ឥណ្ឌូណេស៊ី អេស៉្បាញជាដើម។ សមិទ្ធផលនេះ បានបញ្ចាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការការពារជីវិតប្រជាពលរដ្ឋរបស់ខ្លួន និងភាពដឹកនាំនៃមេដឹកនាំប្រទេសកម្ពុជាផងដែរ។

ដោយសារតែភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ទើបពលរដ្ឋកម្ពុជាមានភ័ព្ទសំណាងទទួលបានការចាក់វ៉ាក់សាំង ហើយឥឡូវក្រុមគ្រូពេទ្យ និងមន្ត្រីរាជការព្រមទាំងអ្នកបំពេញការងារនៅជួរមុខបានទទួលការចាក់វ៉ាក់សាំងដូចទី៣ ជាដូសជំរុញថែមទៀត ខណៈប្រទេសខ្លះមិនទាន់បានចាក់វ៉ាក់សាំងផង។ ការជ្រើសរើសយកប្រទេសចិនជាមិត្ត ដែកថែមក្នុងការធ្វើជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល អរគុណសម្តេចតេជោដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជាក៏ថ្លែងអំណរគុណដល់ប្រទេសជាមិត្តផ្សេងទៀតដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជាទាំងជាជំនួយទ្វេភាគី និងជំនួយតាមយន្តការកូវ៉ាក់។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ការគ្រប់គ្រងបានល្អឬមិនបានល្អលើការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនអាស្រ័យលើប្រទេសតូចឬធំនោះទេ តែអាស្រ័យលើទេពកោសល្យនៃការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសនីមួយៗ។

បទពិសោធនៃការដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ រួមនឹងការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលឈានមុខគេលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយចាប់ផ្តើមពីកេរ្តិ៍ឈ្មោះល្បីរន្ទឺ« ប្រទេសតូច តែបេះដូងទូលាយ» ជាមួយការអនុញ្ញាតឱ្យនាវាវេស្ទែដាំចូលចត និងជួយសង្គ្រោះអ្នកដំណើររាប់ពាន់នាក់ កម្ពុជាក៏ត្រូវបានកោតសរសើរថាបានគ្រប់គ្រងបានល្អលើស្ថានភាពនៃជំងឺកូវីដ-១៩ បានជាងមួយឆ្នាំដោយមិនបានឆ្លងក្នុងសហគមន៍ និងស្លាប់បាត់បង់ជីវិតមនុស្ស ខណៈ ពិភពលោក រួមនឹងប្រទេសជិតខាងកម្ពុជារងមូវការឆ្លងរីករាលដាលខ្លាំង និងមានការស្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្ពុជាក៏ជាប់ឈ្មោះជាប្រទេសបេះដូងមនុស្សធម៌ ដែលផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងជនជាតិខ្មែរ និងជនបរទេសដោយឥតគិតថ្លៃ និងបានផ្តល់ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទាំងអស់នៅកម្ពុជាទាំងជនជាតិខ្មែរ និងបរទេស។ ការគិតគូររបស់រាជរដ្ឋាភិបាលមិនត្រឹមតែការពារអាយុជីវិតពលរដ្ឋ ការគិតគូរពីការលំបាកក្នុងជីវភាព តែបានគិតគូររហូតដល់ការផ្តល់នូវការគោរពចំពោះសាកសពរបស់អ្នកស្លាប់ដោយជំងឺកូវីដ-១៩ផងដែរ។

ជាតិ និងប្រជាជនកម្ពុជាពិតជាមានសំណាង ដែលមានកុលបុត្រខ្មែរដ៏ឆ្នើមដូចជាសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។ កាលពីអតីតកាលសម្តេចតេជោ បានយកជីវិតធ្វើជាដើមទុន ដើម្បីសង្គ្រោះជាតិនិងសង្គ្រោះជីវិតប្រជាជនពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ស្តារ និងកសាងប្រទេសកម្ពុជាចេញពីឈាម និងទឹកភ្នែកដោយបាតដៃទទេ មិនត្រឹមតែប៉ុណ្ណោះបាន បញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជាតាមរយៈការដាក់ចុះនូវនយោបាយឈ្នះ-ឈ្នះ នាំយកសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍ ហើយឥឡូវនេះ នៅពេលជាតិនិងប្រជាជនត្រូវបានយាយី និងស្ថិតនៅមាត់ជ្រោះមរណៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់ឧសគ្គ និងបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ។ នេះពិតជាភ័ព្ទសំណាងរបស់កម្ពុជាពិតប្រាកដមែន។ ដោយសារតែភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននេះហើយ ទើបមកដល់ពេលនេះកម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំតាមរយៈវិធានការរដ្ឋបាល វិធានការសុខាភិបាល និងយុទ្ធសាស្ត្រវ៉ាក់សាំងការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩៕

ដោយៈចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner