សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយបន្ថែម ៤លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាជំនួយសម្រាប់គ្រាបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ-១៩
ស្ថានទូតសហរដ្ឋងាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃ៩សីហាឆ្នាំ២០២១ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ដែលជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយនោះ ត្រូវស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថា នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១លាន៦ម៉ឺន១០០ ដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ។ លោកថា ជំនួយបន្ថែមនោះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។
ការគាំទ្រនោះបានដល់ប្រជាជនកម្ពុជាចំនួនជាង១០ លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនោះ ថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគរាតត្បាតនោះ។ ស្ថានទូតបានបន្តថា តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១ពាន់៥៤០លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។
ថវិកានោះរួមមានប្រាក់ចំនួនជាង ៣៧៧ លានដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។
ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។ តាមរយៈការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក អង្គភាពស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវពិភពលោកមួយ ដែលមានការត្រៀមរៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺទៅអនាគត។