ខេត្តបាត់ដំបង មានពលករនិងអ្នកដែលកំពុងធ្វើចត្តាឡីស័កសរុបជិត២.០០០នាក់ នៅតាមមណ្ឌលទាំង២០ក្នុងខេត្ត និងមានអ្នកឆ្លងកូវីដ-បំប្លែងថ្មីប្រភេទ Delta ចំនួន១៣នាក់និងបានព្យាបាលឲ្យជាសះស្បើយចំនួន៤នាក់និងត្រៀមទីតាំងចំនួន៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករ ពីប្រទេសថៃនៅពេលខាងមុខ

ថ្លែងនៅក្នុងរបាយការណ៍នៃកិច្ចប្រជុំ ស្តីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19តាមប្រព័ន្ធ Zoom នៅក្នុងខេត្តបាត់ដំបង និងពីបញ្ហាប្រឈមនានាក្នុងខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានរំលេចឲ្យដឹង ពិស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-19នៅក្នុងខេត្ត មុនថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ដែលក្នុងនោះអាជ្ញាធរពាក់ព័ន្ធទាំងអស់បានធ្វើការគ្រប់គ្រងបានល្អប្រសើរ ទាំងការដាក់ឲ្យធ្វើចត្តាឡីស័កលើពលករដែលវិលត្រឡប់ពីប្រទេសថៃនិងប្រជាពលរដ្ឋទាំងធ្វើការតាមដានរុករកស្រាវជ្រាវអ្នកពាក់ព័ន្ធ ការព្យាបាលជាដើម។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ពីស្ថានជំងឺកូវីដក្នុងខេត្ត ចាប់ផ្តើមមានការប្រែប្រួលក្នុងអំឡុងខែមិថុនាឆ្នាំ២០២១។ខណៈដែលមានការផ្ទុះរីករាលដាលជាច្រើន ចូលក្នុងសហគមន៍នក្នុងភូមិចំនួន៣នៃឃុំបឹងរាំង ក្នុងស្រុកកំរៀងនិងមានសន្ទុះហក់ឡើងគួរកត់សម្គាល់ បន្ថែមពីនេះគឺបានរកឃើញពលករមកពីប្រទេសថៃចំនួន០២នាក់ដំបូងដែលវិជ្ជមានវីរុសកូវីដបំប្លែងថ្មីប្រភេទដែលតា(Delta)នៅក្នុងខេត្ត រហូតមកដល់បច្ចុប្បន្ននេះក្នុងខេត្តមានអ្នកឆ្លងសរុបចំនួន៤.០៩៣នាក់ (ជាពលករចំនួន៧៦៤នាក់) ត្រូវបានព្យាបាលជាសះស្បើយចំនួន ២.៥១៥នាក់ និងស្លាប់ចំនួន៤៨នាក់។ដោយឡែក ខេត្តបានរកឃើញ ករណីឆ្លងកូវីដ-19ប្រភេទបំប្លែងថ្មីDelta សរុបចំនួន ១៣ករណីដែលមានតែលើពលករ បានត្រឡប់មកពីប្រទេសថៃតែប៉ុណ្ណោះ។ហើយបច្ចុប្បន្នធ្វើការព្យាបាលបានជាសះស្បើយ ចំនួន០៤នាក់ រួចមកហើយ។

       ចំពោះការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ខេត្តបាត់ដំបងមានមណ្ឌលចត្តាឡីស័កសរុបចំនួន២០នៅតាមមណ្ឌល បណ្តាស្រុក-ក្រុងទាំង១៤ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន៣៧.៦៥០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន ៣៥.៧៤៥នាក់។បច្ចុប្បន្នអ្នកកំពុងធ្វើចត្តាឡីស័កសរុប ចំនួន១.៩០៥នាក់។និងបានដឹកពលករដែលមានទីលំនៅក្រៅខេត្ត សរុប ៦.២៨៥នាក់។ ហើយក្នុងរយៈពេល១៤ថ្ងៃនេះ មានបងប្អូនពលករដែលជាប់គាំងនៅទល់ដែន សរុប២៤៥នាក់( ក្នុងនោះខេត្តច័ន្ទបុរី ចំនួន២៣៤នាក់និងខេត្តស្រះកែវ ចំនួន១១នាក់)ផងដែរ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖លើការងារគ្រប់គ្រងការចេញ-ចូល រថយន្តដឹកទំនិញតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី០១ខែកក្កដាដល់ថ្ងៃទី០៧ខែសីហាឆ្នាំ២០២១ មានរថយន្តដឹកទីនិញចេញ-ចូល សរុប៨.០៧៥គ្រឿង បានធ្វើតេស្តរហ័ស្តទៅលើអ្នកបើកបរ និងជំនួយការអ្នកបើកបរ ជនជាតិខ្មែរសរុប ១០.៩១៣នាក់ (វិជ្ជមាន៨៧នាក់) និងធ្វើតេស្តរហ័សលើអ្នកបើកបរ និងជំនួយការបើកបរជនជាតិថៃ ចំនួន ៣.៤០១នាក់(វិជ្ជមាន០៦នាក់)។ជាមួយគ្នានេះការធ្វើតេស្តលើពលករខ្មែរវិលត្រឡប់ពីថៃតាមច្រកព្រំដែននិងច្រកអូរធម្មជាតិ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២១សរុបចំនួន៩៤៣នាក់និងរកឃើញករណីវិជ្ជមាន ចំនួន ១៣៨នាក់។បច្ចុប្បន្ននេះ ខេត្តមានមណ្ឌលព្យាបាលក្នុងខេត្តសរុប ចំនួន ១៣ទីតាំងលើ០៨ ក្រុង-ស្រុក និងមានមន្ទីរសម្រាកៀយាបាលឯកជនចំនួន០៣នៅក្នុងក្រុងបាត់ដំបង បានដាក់ពាក្យស្នើសុំបើកទទួលពិនិត្យនិងព្យាបាលជំងឺកូវីដ-19 ទៅក្រសួងសុខាភិបាលផងដែរ។

      ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ពីវិធានការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍នៃរឹត្តិការណ៍២០កុម្ភៈ កន្លងមក រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ស្របទៅនឹងគោលការណ៍នានារបស់ថ្នាក់ជាតិ។ដោយបិទខ្ទប់ទីតាំងចំនួន៧៣៦ទីតាំង៖ ផ្សារ៥៩ទីតាំង,អគារឬបន្ទប់ ចំនួន០៥ទីតាំង,ខ្នងផ្ទះប្រជាពលរដ្ឋមួយចំនួន។ ក្នុងនោះ រដ្ឋបាលខេត្តបានបន្ថែមលើវិធានការបិទខ្ទប់ទីតាំងជាក់លាក់ដោយបានអនុវត្តវិធានកំណត់នូវតំបន់គ្រប់គ្រងកូវីដ-19 ជា តំបន់ក្រហម លឿងទុំ និងលឿងហើយក្នុងនោះមាន៖ភូមិចំនួន០៤ ជាតំបន់ក្រហម,ភូមិចំនួន០៧ ជាតំបន់លឿងទុំ, និងភូមិចំនួន៣៥ជាតំបន់លឿង។

     សូមបញ្ជាក់ថា៖ ជាក់ស្តែងកន្លងមក ខេត្តបានទទួលអំណោយពីសម្តេចតេជោរួមមានថវិកាសរុប៩.០៣១លាន៦១៦ពាន់រៀល(៩.០៣១.៦១៦.០០០រៀល), ឃីតចំនួន២.១៣៥កញ្ចប់,ទឹកសុទ្ធ០២ម៉ឺនកេស,និងមីកេសធំ ចំនួន៧.៥០០កេស។ អំណោយសម្តេចក្រឡាហោម ថវិកា ចំនួន២០០លានរៀល,អង្ករ ចំនួន៦៨៥តោនចុច២និងសម្ភារៈជាថ្នាំពេទ្យ អាលកុលម៉ាស់ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ក្នុងនោះក្រុមការងារទាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុក- ក្រុង ក៏បានចុះចែកអំណោយជាបន្តបន្ទាប់ផងដែរ។

       និងដោយឡែក ក្រុមការងារមនុស្សធម៌បាត់ដំបង បានពាំនាំអំណោយរបស់សម្តេចក្រឡាហោមដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំងរស់នៅតំបន់បិទខ្ទប់និងគ្រួសារបិទខ្ទប់ ក្នុងស្រុក-ក្រុងទាំ១៤ រួមមាន៖ អង្ករ ជាង៦៦តោន,មីជិត២ពាន់កេសតូច, ទឹកត្រីទឹកស៊ីអ៊ីវ ២.៨៦៦យួរ, ត្រីខ

១.៧៣១កេស, ស័ង្កសី ១.៣៦៣ សន្លឹក, ម៉ាស់ជិត ១៥ម៉ឺន បន្ទះម៉ាស់ ថវិកា ជិត២១លានរៀលព្រមទាណងសម្ភារប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner