សម្ដេចតេជោ បញ្ជាក់ថា យើងអត់ទាន់បានសិក្សាពីគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១ ទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ថ្លែងសារពិសេស ពាក់ព័ន្ធការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា យើងអត់ទាន់បានសិក្សាពីគម្លាត នៃការចាក់ វ៉ាក់សាំងរវាងដូសទី១ ដូសទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ ហើយយើងពុំមានវ៉ាក់សាំងគ្រប់ គ្រាន់ ដើម្បីដំណើរការចាក់ជូនអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca និងស្នើសុំចាក់ដូសទី៣ នោះដែរ ។

តាមរយៈសារពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយរយៈថ្មីៗប៉ុន្មានថ្ងៃនេះ មានសំណូមពរជាច្រើន ឬក៏ថាមួយចំនួនពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា ដែលបានចាក់វ៉ាក់សាំង Astra Zeneca ហើយស្នើសុំចាក់ Astra Zeneca ដូសទី៣, បញ្ហានេះ សម្ដេចសូមបញ្ជាក់ជូន ដើម្បីជៀសវាងការលំបាក ព្រោះប្រទេសវាលំបាកណាស់ទៅហើយ កុំឱ្យលំបាកតាំងពីរឿងប៉ុណ្ណឹង ។

សម្ដេចបញ្ជាក់ថា មានបញ្ហា២ ដែលយើង មិនទាន់អាចផ្ដល់ជូនបាន ហើយសុំស្នើឲ្យបញ្ឈប់ការស្នើសុំជាបន្តទៀតពីសំណាក់ស្ថាប័ន ឬអ្នកដែលចង់ស្នើ៖ បញ្ហាទី១ យើងអត់ទាន់បានសិក្សាអំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។ យើង បានសិក្សាតែពីគម្លាតរបស់ស៊ីណូហ្វាម និងស៊ីណាវ៉ាក់ តែប៉ុណ្ណោះ ដែលយើងអាចនឹងផ្ដល់ AstraZeneca សម្រាប់ការ ចាក់ដូសទី៣ ឬក៏ដូជម្រុញ ប៉ុន្តែសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca វិញ គឺយើងអត់ទាន់បានសិក្សាពី គម្លាតរវាងដូសទី១ ដូសទី២ ហើយរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលផ្ទាល់ ក៏មិនទាន់បានកំណត់អំពីការ ចាក់សម្រាប់ធ្វើជាដូសជំរុញផងដែរ ។

ចំណុចទី២ យើងពុំមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីដំណើរការចាក់នោះទេ យើង ចាក់ជូនបានត្រឹមតែមន្ត្រីជួរមុខ ដែលបានចាក់វ៉ាក់សាំង sinovac និងស៊ីណូហ្វាម តែប៉ុណ្ណោះ ហើយចំនួននេះ ក៏មិន ទាន់គ្រប់គ្រាន់នោះដែរ ដែលសម្ដេច កំពុងតែបញ្ជាឲ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការធ្វើលទ្ធកម្ម ដើម្បីស្វែងរកនូវ ការទិញវ៉ាក់សាំង AstraZeneca យកមកចាក់ជូនបងប្អូនដែលបានចាក់ AstraZeneca រួចមកហើយនេះ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពានាវចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សម្រាប់ចាក់ដូសទី៣ គឺសុំឱ្យផ្អាកការដាក់សំណើស្នើសុំ លុះត្រាតែមានការសិក្សាហ្មត់ចត់អំពីគម្លាតរវាងដូសទី១ ដូសទី២ និងដូសទី៣ ហើយយើងមានវ៉ាក់សាំង ទើបយើងអាចឈានទៅដល់ការចាក់ជូនអ្នកដែលបានចាក់ដូសទី២ ដូសទី២ នៃវ៉ាក់សាំង AstraZeneca ។

សម្ដេចតេជោ បានបន្តថា មានសំណូមពរខ្លះទៀត ដែលអ្នកមិនទាន់បានចាក់ដូសទី១ បែរជាឃើញ AstraZeneca មកដល់ បែរជាសុំចាក់ AstraZeneca ដោយមិនគិតដល់ការលំបាករបស់រដ្ឋ ដែលកំពុងតែខ្វះវ៉ាក់សាំង។ សម្ដេចថា សម្រាប់អ្នកដែលមិនទាន់បានចាក់ ហើយបែរជាមកស្នើសុំចាក់ AstraZeneca គឺយើងមិនផ្ដល់ជូននោះទេ ដោយសារ យើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយទៅចាក់ជូនចំពោះខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្ដាខេត្តដ៏ទៃទៀត បូកនឹងការបញ្ជូនទៅឲ្យកងទ័ព ដែលចាក់ឲ្យ ទាំងកងទ័ព ចាក់ឲ្យទាំងកម្លាំងនគរបាលដែលនៅជាមួយគ្នា ចាក់ឲ្យទាំងអតីតយុទ្ធជន និងកីឡាករ ដែលត្រូវចូលរួម ប្រកួតស៊ីហ្គេម ដែលមុននេះ ចាក់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ក៏មានច្រើនម៉ឺននាក់រួចមកហើយ ដូច្នេះយើងមិនមាន សមត្ថភាព លទ្ធភាព ដើម្បីរក AstraZeneca ជូនចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកឧកញ៉ា តាមសំណើរស្នើសុំនោះទេ ដូច្នេះដោយសារតែឃើញថា មានចលនាបែបនេះ បានជាខ្ញុំចេញសារសំឡេងនេះ ដែល សុំអង្វរ សុំឲ្យរៀបចំខ្លួនទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាល និងការរៀបចំដែលដឹកនាំដោយខ្ញុំផ្ទាល់ នៅក្នុង កាលៈទេសៈដ៏លំបាកនេះ ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ដែលបានចាក់ Astra Zeneca ២ដូសរួចមកហើយ សូមរង់ចាំឲ្យមានការសិក្សា និងសូមរង់ចាំឲ្យ AstraZeneca បានមកដល់លើកក្រោយ AstraZeneca របស់អង់គ្លេស ដែលឲ្យមកយើងនេះ នឹងអស់សុពលភាពត្រឹមខែ៩ នេះតែម្ដង ហើយវ៉ាក់សាំងរបស់ ជប៉ុន ក៏មិនមានសុពលភាពរយៈពេលវែងនោះដែរ ព្រោះ AstraZeneca មានសុពលភាពត្រឹមតែ ៦ខែប៉ុណ្ណោះ ដូច្នេះ សង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកឧកញ៉ា អ្នកឧកញ៉ា មេត្តាយោគយល់ចំពោះការលំបាក ដែលយើងកំពុងតែឆ្លងកាត់ទាំងអស់គ្នានេះ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner