សក្តានុពលសេដ្ឋកិច្ច និងភាពល្បីល្បាញរបស់ប្រទេសស្វីស (មានវីដេអូ)

ស្វីស៖ ប្រទេសស្វីសបានជាប់ចំណាត់ជាប្រទេសមួយ ដែលមានសុភមង្គល និងសុវត្ថិភាពបំផុតលើពិភពលោក ជាហេតុនាំឱ្យប្រទេសនេះក្លាយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរណ៍ និងជាកន្លែងប្រមូលផ្តុំធនាគារ និងទីស្នាក់ការអង្គការអន្តរជាតិសំខាន់ៗលើពិភពលោក ។ មិនតែប៉ុណ្ណោះដោយសារភាពអំណោយផលបែបនេះ ធ្វើឱ្យប្រទេសស្វីសក៏ជាកន្លែងសម្រាប់ការរៀបចំកិច្ចប្រជុំខ្នាតអន្តរជាតិផងដែរ ។ 

ខណៈពេលដែលប្រជាជនស្វីសមិនអួតពីទ្រព្យសម្បត្តិរបស់ពួកគេ ប្រទេសនេះជារឿយៗនៅក្នុងសារព័ត៌មានសេដ្ឋកិច្ចបានចុះផ្សាយថា ជាប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក ហើយជាមួយនឹងផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ជាង​ ៨ ម៉ឺនដុល្លារអាមេរិក ។ ដោយមានប្រវត្តិ និងទីតាំងជាតិសាសន៍ពិសេសរបស់ខ្លួន ស្វីសបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ។ ផលិតផលលំដាប់កំពូលៗរបស់ប្រទេសស្វីស ក្នុងនោះមានម៉ាកនាឡិកាប្រណិតដូចជា រ៉ូឡិច (Rolex) រីឆាដ មៀល (Richard Mille) និងម៉ាកសូកូឡាលំដាប់ខ្ពស់ដូចជា លីនដ៍ (LINDT) និង ធូប៊លរ៉ុន (TOBLERONE) ជាដើម ។ ស្វីសក៏ជាប្រទេសមានស្ថិរភាព ភាពរីកចម្រើនរុងរឿង កំណើនសេដ្ឋកិច្ចខ្ពស់ និងមានភាពស្តុកស្តម្ភ រហូតត្រូវបានគេចាត់ទុកជាប្រទេសដែលមានកម្រិត GDP របស់ប្រជាពលរដ្ឋខ្ពស់ជាងគេ ។ តំបន់ ហ្ស៊ូរីច (Zurich) បានក្លាយជាជម្រកសម្រាប់មនុស្សរស់នៅ១.៥លាននាក់ និង១៥០ក្រុមហ៊ុន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មានសារៈសំខាន់ជាងគេបំផុតលើពិភពលោក ។ ប្រទេសស្វីសក៏បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានថាមពលសេដ្ឋកិច្ចខ្លាំងបំផុតផងដែរលើពិភពលោក ។ ឧស្សាហកម្មបានក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងការជម្រុញវិស័យសេដ្ឋកិច្ចប្រទេសស្វីស ។

ផលិតផលឧស្សាហកម្មសំខាន់ៗរួមមាន សាធារគីមី ផលិតផលរក្សាសុខភាព ឱសថ ផលិតផលវិទ្យាស្ថាន ផលិតផលសម្រាប់វាស់ស្ទង់ដ៏ជាក់លាក់ច្បាស់ លាស់ នាឡិកា និងឧបករណ៍ភ្លេងជាដើម ។ នាឡិកាបានក្លាយជាផលិតផលដ៏ល្បីល្បាញបំផុតសម្រាប់ប្រទេសស្វីស បន្ទាប់ពីនាឡិកា អូមេហ្គា ស្ពីតម៉ាស្ទើ (Omega Speedmaster) ត្រូវបានគេបំពាក់នៅភពព្រះចន្ទ ក្នុងអំឡុងនៃបេសកកម្មអាប៉ូឡូ ។ ដោយសាររឿងនេះ ទើបធ្វើឱ្យប្រទេសស្វីសនាំចេញនាឡិកាច្រើនបំផុត ជាក់ស្តែងផលិតផលនាឡិកាពាក់កណ្តាលនៅលើពិភពលោកត្រូវបានផលិតដោយប្រទេសស្វីស ។ ចំពោះការបម្រើសេវាកម្មវិញ ប្រទេសស្វីសមានភាពល្បីល្បាញទៅលើផ្នែកធនាគារ ធានារ៉ាប់រង ទេសចរណ៍ និងការផ្តល់ទីតាំងប្រកបដោយសុវត្ថិភាពសម្រាប់ស្នាក់ការអង្គការអន្តរជាតិ ។ ក្នុងចំណោមប្រទេសអភវិឌ្ឍន៍ទាំងអស់ ប្រទេស អឺរ៉ុបខាងលិចមួយនេះ ក៏ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលប្រមូលពន្ធទាបបំផុតផងដែរ ។ ប្រទេសនេះក៏បានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមប្រទេស១៨៩ប្រទេសលើពិភពលោក ដែលបានបង្កភាពងាយស្រួលក្នុងការធ្វើអាជីវកម្មផងដែរ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner