កូរ៉េខាងត្បូង នឹងចាប់ផ្ដើមសមយុទ្ធខ្នាតតូចមួយជាមួយអាមេរិក ខណៈមានការព្រមានពីកូរ៉េខាងជើង

កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក​នឹង​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​ខ្នាត​តូច​មួយ​ហៅ​ថា «ការ​ហ្វឹកហាត់​បុគ្គលិក​ដើម្បី​គ្រប់គ្រង​វិបត្តិ» ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​អង្គារ​ រហូត​ដល់​ថ្ងៃ​សុក្រ។ ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ត្រៀម​ខ្លួន សម្រាប់​សមយុទ្ធ​ខ្នាត​ធំ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២៦ ខែ​សីហា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Yonhap ដែល​ស្រង់​យក​ពី​ប្រភព​យោធា និង​រដ្ឋាភិបាល​​មិន​បង្ហាញ​អត្តសញ្ញាណ។

ប្រទេស​ទាំង​ពីរ​ច្រើន​តែ​ធ្វើ​សមយុទ្ធ​យោធា​នៅ​រដូវ​ផ្កា​រីក (អំឡុង​ខែ​មីនា ដល់​ខែ​មិថុនា) និង​រដូវ​ក្ដៅ (អំឡុង​ខែ​មិថុនា ដល់​ខែ​កញ្ញា) ប៉ុន្តែ​តែងតែ​រង​ការ​ប្រតិកម្ម​ខ្លាំង​ៗ​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង តែងតែ​ហៅ​ថា​ ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ហាត់​សម​សម្រាប់​ធ្វើ​សង្គ្រាម។

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កូរ៉េ​ទាំង​ពីរ​កំពុង​តែ​មាន​ភាព​ផ្អែមល្ហែម​ដាក់​គ្នា ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ពី​គោលជំហរ​ចង់​ពិភាក្សា​ជាមួយ​គ្នា​ ខណៈ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​បន្ទាន់​ឡើង​វិញ។

យ៉ាងណាមិញ ខាង​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​កាល​ពី​សប្ដាហ៍​មុន​ថា ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​បន្ត​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក នោះ​ការ​កសាង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នឹង​រង​ផល​ប៉ះពាល់។

ការ​ព្រមាន​របស់​កូរ៉េ​ខាង​ជើង​ ក៏​ធ្វើ​ឱ្យ​មាន​ការ​អំពាវនាវ​ពី​សំណាក់​មន្ត្រី​រដ្ឋធានី​សេអ៊ូល ឱ្យ​ធ្វើ​ការ​ពន្យារ​ពេល​ធ្វើ​សមយុទ្ធ ដើម្បី​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ត្បូង បាន​លើកឡើង​កាល​ពី​សប្ដាហ៍​មុន​ថា ការ​រៀបចំ​សមយុទ្ធ​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​ហើយ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner