ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ធ្វើការហៅទូរស័ព្ទទៅលោកម៉ាក្រូន ដើម្បីពិភាក្សាអំពីការជាប់គាំងការចរចានុយក្លេអ៊ែរ

នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​លើក​ដំបូង​របស់​លោក​ទៅ​កាន់​មេដឹកនាំ​លោក​ខាង​លិច​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ការ​ស្នើ​សុំ​សមភាគី​បារាំង​របស់​លោក​ឱ្យ​ជួយ​ធានា​ «សិទ្ធ» របស់​អ៊ីរ៉ង់​ក្នុង​ការ​ចរចា​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​ឥឡូវ​នេះ​កំពុង​ជាប់​គាំង​។

បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ IRNA លោក​អ៊ីប្រាហ៊ីម រ៉ាស៊ី​ ដែល​ជា​បព្វជិត​អភិរក្ស​និយម​មួយ​រួប​និង​ជា​ជំនិត​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ បាន​ប្រាប់​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុអែល ម៉ាក្រូន​ថា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នេះ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ត្រូវ​តែ​អនុវត្ត​ឡើង​វិញ​នូវ​ការ​ប្ដេជ្ញា​របស់​ពួកគេ​ក្នុង​កិច្ចព្រមព្រៀង​។

«នៅ​ក្នុង​ការ​ចរចា​ណា​មួយ​សិទ្ធិ​របស់​ប្រទេស​អ៊ីរ៉ង់​គួរ​តែ​ត្រូវ​បាន​ធានា​» លោក​រ៉ាស៊ី​បាន​និយាយ​បែប​នេះ​ ហើយ​បាន​បន្ត​ធ្វើ​ការ​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ការ​បោះបង់​កិច្ចព្រមព្រៀង​នេះ​និង​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ដូណាល់​ ត្រាំ​។

បើ​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​បារាំង លោក​ម៉ាក្រូន​បាន​ធ្វើ​ការ​ទាមទារ​ឱ្យ​អ៊ីរ៉ង់​ «បើក​ការ​ចរចា​នៅ​ទីក្រុង​វីយ៉ែនណា​ឡើង​វិញ​ឱ្យ​ឆាប់​រហ័ស​ដើម្បី​ឈាន​ដល់​ការ​សន្និដ្ឋាន​ ហើយ​បញ្ចប់​ដោយ​គ្មាន​ការ​ពន្យារ​ពេល​ចំពោះ​រាល់​សកម្មភាព​នុយក្លេអ៊ែរ​ដែល​ខ្លួន​កំពុង​អនុវត្ត​ដោយ​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ​»​។

បើ​ទោះ​បី​ជា​ភាព​តានតឹង​កើន​ឡើង​នៅ​ក្នុង​តំបន់​ហើយ​ទីក្រុង​តេហេរ៉ង់​បោះបង់​ចោល​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្រោម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ក៏​ដោយ ក៏​ការ​លើក​ឡើង​របស់​លោក​រ៉ាយស៊ី​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋបាល​ថ្មី​ក្នុង​ការ​វិល​ត្រឡប់​មក​តុ​ចរចា​វិញ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ២០១៥ បាន​ព្យាយាម​ធ្វើ​ការ​ចរចា​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​ឡើង​វិញ ប៉ុន្តែ​ការ​ចរចា​ចុង​ក្រោយ​គេ​នៅ​ខែ​មិថុនា​បាន​បញ្ចប់​ដោយ​មិន​បាន​លទ្ធផល​ធំដុំ​ និង​គ្មាន​ការ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ចរចា​បន្ត​៕

ប្រភព៖ Yahoo

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner